ចាប់តាំងពីការធ្វើជំរឿនជនបរទេសទូទាំងប្រទេសបានចាប់ផ្តើមកាលពីខែសីហាមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានរកឃើញជនបរទេស៨០.០០០នាក់រស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ គឺកើនឡើង១០.០០០នាក់ពីការធ្វើជំរឿនឆ្នាំ២០០២ នេះបើតាមប្រធាននាយកដ្ឋាននេះបានលើកឡើងកាលពីម្សិលមិញ។
ថែ្លងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំសម្ងាត់នៅក្រសួងមហាផ្ទៃពិភាក្សាពីការពង្រឹងគោលនយោបាយអន្តោប្រវេសន៍ដែលមានការចូលរួមពីក្រុមមន្ត្រីមកពីរាជធានីភ្នំពេញ និងខេត្តក្រុងទាំង២៤នោះ លោក សុខ ផល ប្រធាននាយកដ្ឋានអន្តោប្រវេសន៍បានមានប្រសាសន៍ថា ជនបរទេស៨០.០០០នាក់ជាអ្នកដែលមានឯកសារស្នាក់នៅមានសុពលភាព ហើយភាគច្រើនគឺជាជនជាតិវៀតណាម។
ឧត្តមសេនីយ៍ សុខ ផល បានមានប្រសាសន៍ថា “នេះគឺជាតួលេខបណ្តោះអាសន្ន” ដោយពន្យល់ថា តួលេខនេះនឹងប្រែប្រួលនៅពេលជំរឿនបានបញ្ជប់ ប៉ុន្តែលោកមិនបាននិយាយថា ចប់នៅពេលណានោះទេ។
ឧត្តមសេនីយ៍ សុខ ផល ក៏បានមានប្រសាសន៍ផងដែរថាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ជនបរទេស១.២៩៩នាក់មកពី៣១ប្រទេសផ្សេងគ្នា ចាត់ទុកថា រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវបាននិរទេសតាំងពីចាប់ផ្តើមធ្វើជំរឿន។
កាលពីថ្ងៃអាទិត្យ លោក អុ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកដែលត្រូវបាននិរទេសនោះ គឺ១.១៣៤នាក់ជាជនជាតិវៀតណាម។
ក្រុមមន្ត្រីអន្តោប្រវេសន៍ធ្លាប់បានលើកឡើងថា ជនជាតិឥណ្ឌា រុស្ស៊ី នីហ្សេរីយ៉ា ថៃ ហ្វីលីពីន បារាំង កូរ៉េខាងជើងនិងអាហ្វហ្គានីស្ថានស្ថិតក្នុងចំណោម អ្នកដែលត្រូវបាននិរទេសពីប្រទេសកម្ពុជា។
លោក សុខ ផល បានមានប្រសាសន៍កាលពីម្សិលមិញថា នាយកដ្ឋានអន្តោប្រវេសន៍ ក៏ប្រមូលប្រាក់ពិន័យបានប្រហែល ៣៤០.០០០ដុល្លារអំឡុងការធ្វើជំរឿនផងដែរ។ លោកបានមានប្រសាសន៍ថា “ប្រាក់ពិន័យទាំងនេះគឺបានពីអ្នកដែលមិនមានប័ណ្ណការងារ”៕សារុន