29 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​​​ជួប​ប្រជុំជាមួយ​គណៈកម្មការ​​អភិវឌ្ឍន៍​ជនបទ​នៃ​រដ្ឋសភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍បទ ​បានជួប​ប្រជុំ​ជាមួយ​​​គណៈ​កម្មការ​​អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ​សម្រាប់​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ការ​ងារ​របស់​​ក្រសួង​​លោក​ក្នុង​រយៈ​ពេល​១ឆ្នាំ​មក​នេះ​។

លោក ប៉ុល ហំម ​តំណាង​រាស្ត្រ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​​​ ដែល​ជា​ប្រធាន​គណៈ​កម្មការ​នេះ​ បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​បន្ទាប់ពី​កិច្ច​ជំនួប​បិទ​ទ្វារ​កាលពី​ម្សិល​មិញ​ថា ក្រុម​តំណាង​រាស្ត្រ​បាន​ផ្ដោត​សំណួរ​របស់​ខ្លួន​ទៅ​លើ​ការ​ចាត់​វិធានការ​ពង្រឹង​សេដ្ឋកិច្ច​នៅ​តាម​​តំបន់​ជនបទ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​​​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​​ ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​។

លោក​បានមាន​ប្រសាសន៍​ថា “សមាជិក​គណៈកម្មការ​នេះ​បាន​កោត​សរសើរ​កិច្ច​ប្រឹង​ប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ប៉ុន្តែ​យើង​បាន​ស្នើ​សុំ​​លោក​រដ្ឋមន្ត្រី​​ឲ្យ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​តំបន់​ជនបទ និង​ជា​ពិសេស​​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព​របស់​អ្នកភូមិ​ ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​។ បញ្ហា​សំខាន់​ដែល​​គណៈកម្មការ​មើល​ឃើញ​គឺ​ការ​ធ្វើ​ចំណាក​ស្រុក​”។

យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ ILO បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១លាន​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​១៥​លាន​នាក់ បាន​​ចាក​ចោល​ផ្ទះ​សំបែង​ដើម្បី​ធ្វើការ​នៅ​​ក្រៅប្រទេស​។ ក្រសួង​ការ​បរទេស​​បាន​ប៉ាន់​ប្រមាណ​ថា ​គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៦៦០.០០០​នាក់​ធ្វើ​ការ​នៅ​ទីនោះ​។

លោក ជា សុផារ៉ា ដែល​​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៣ បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ក្រសួង​របស់​លោក​​​​បាន​ខិត​ខំប្រឹងប្រែង​បង្កើត​ការ​ងារ​ និង​គាំទ្រ​ដល់​អាជីវកម្មនានា​នៅ​តាម​តំបន់​ជនបទ​។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ចំណុច​នេះ​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល ហើយ​បាន​ផ្ដល់​​កម្ចី​ឥណទាន​ខ្នាត​តូច​ដោយ​គិត​​អត្រា​ការ​ប្រាក់​ទាប ដើម្បី​បង្កើត​ការ​ងារ និង​ជំនាញ​សម្រាប់​ប្រជាពលរដ្ឋ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ និង​ពង្រឹង​ផលិត​ភាព​”។

លោក ជា សុផារ៉ា ក៏​បាន​​​អួត​សរសើរ​​ដែរ​អំពី​ការ​ទទួល​បាន​​សេវា​ទឹក​ស្អាត​ និង​បង្គន់​អនាម័យ​យ៉ាង​ច្រើនជាង​មុន ​​ដោយ​សារ​តែ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ក្រសួង​លោក​។ លោក​មាន​ប្រសាសន៍​ថា “ក្រសួង​​ផ្គត់​ផ្គង់​ទឹក​ស្អាត​​បាន​៥០ភាគរយ​នៅ​ទូទាំង​ប្រទេស ហើយ​​ប្រជាពលរដ្ឋ​៤៩​ភាគរយ​មាន​បង្គន់​អនាម័យ​”។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រសួង​របស់​លោក​បាន​ស្ថាបនា​ផ្លូវ​លំ​ប្រវែង​៥០០​គីឡូម៉ែត្រ​នៅ​តាម​បណ្ដា​ខេត្ត​កាលពី​ឆ្នាំ​មុន ហើយ​​គ្រោង​នឹង​ស្ថាបនា​ឲ្យ​បាន​ប្រវែង​១.២០០​គីឡូម៉ែត្រ​បន្ថែម​ទៀត​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៨។

ហើយ​ទោះ​បី​ជា​មាន​វិវាទ​ជា​ច្រើន​រវាង​ក្រុម​ហ៊ុន​ឯកជន និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជុំវិញ​​បញ្ហា​ដីធ្លី​នៅ​តាម​តំបន់​ជនបទ​ក្ដី​ ក៏​លោក​ ជា សុផារ៉ា បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​​ប្ដេជ្ញា​ជួយ​ការ​ពារ​ជនជាតិ​ដើមភាគ​តិច​នៅ​ក្នុង​ប្រទេស។ លោក​បាន​បន្ត​ថា ” ជា​ឧទាហរណ៍​ ពួកគាត់​ត្រូវ​មាន​ព្រៃ​សហគមន៍ និង​ដី​បញ្ចុះសព”៕ សុខុម​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស