34 C
Phnom Penh

នគរ​បាល​​បង្ហាញ​អត្តសញ្ញាណ​គ្រូពេទ្យ​​ចិន​​ ​ដែល​វះកាត់​គីស​ក្នុង​ស្បូន​​បណ្ដាល​ឲ្យ​ស្ត្រី​ខ្មែរ​ម្នាក់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​​​នគរ​បាល​ខេត្ត​ពោធិ៍សាត់​បាន​បង្ហាញ​អត្តសញ្ញាណ​​គ្រូពេទ្យ​​ម្នាក់​ក្នុង​ចំណោម​គ្រូពេទ្យ​ជនជាតិ​ចិន​ពីរ​នាក់ ដែល​កំពុង​​មាន​សេរីភាព​នៅឡើយ​ បន្ទាប់ពី​រត់​គេច​ខ្លួន​ពី​គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ​របស់ពួកគេ នៅពេល​ស្ត្រី​ខ្មែរ​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ច័ន្ទ អំឡុង​ការ​វះកាត់​​ខ្វះ​​ជំនាញ​ដើម្បី​យក​គីស​ចេញពី​ស្បូន​របស់​ស្ត្រី​រងគ្រោះ​។

លោក​ តូ តាំងអេង នាយការិយាល័យ​បច្ចេកទេស​​ និង​វិទ្យាសាស្ត្រ​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​អត្តសញ្ញាណ​​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​​​ទាំងពីរ​នាក់ ដែល​មាន​ឈ្មោះ វ៉ាង ចានជូ (Wang Zhan Zhu) អាយុ​៥២​ឆ្នាំ ហើយ​បាន​មាន​ប្រសាសន៍​ថា ជំនួយការ​គ្រួពេទ្យ​​ម្នាក់​ដែល​​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ក៏​ត្រូវ​នគរ​បាល​តាម​ចាប់​ខ្លួន​ដែរ។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ” យើង​កំពុង​តាម​ចាប់​ខ្លួន​ពួកគេ​ចំពោះ​​ការ​​ពាក់ព័ន្ធ​របស់ពួកគេ​នៅ​ក្នុង​ការ​វះកាត់​​​ដែល​បាន​បណ្ដាល​ឲ្យ​ស្ត្រី​​ស្លាប់​”។

អ្នកស្រី​ ស៊ឹង ចាន់ធឿន អាយុ​៣៣​ឆ្នាំ ​​បាន​ស្លាប់​នៅ​គ្លីនិក​​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​​ផ្ទះព្រៃ​ ក្រុង​ពោធិ៍សាត់​នេះ​ កាលពី​យប់​​ថ្ងៃ​ច័ន្ទ នៅ​ពេល​លោក វ៉ាង ចានជូ បាន​ព្យាយាម​វះកាត់​យក​គីស​ចេញ។

គ្លីនិក​នេះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បិទ​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​ធ្វើ​ការ​វះកាត់​នេះ ប៉ុន្តែ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ដោយ​មិន​ឲ្យ​ពួកគេ​ដឹង​​។

វេជ្ជបណ្ឌិត​ សុខ ស្រ៊ុន ប្រធាន​នាយកដ្ឋាន​ពេទ្យ​នៃ​ក្រសួង​សុខាភិបាល​​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​​ថា លោក វ៉ាង ចានជូ មិន​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​វេជ្ជបណ្ឌិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​ថា​ ក្រសួង​របស់​លោក​​​មិន​ធ្លាប់​បាន​ដឹង​ថា មាន​​គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​កំហុស​របស់​មន្ទីរ​សុខាភិបាល​ខេត្ត និង​​មន្ត្រី​នគរ​បាល​ខេត្ត​ដែល​មាន​ការ​ធ្វេសប្រហែស​”៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស