31 C
Phnom Penh

អ្នកទោស​​​វាយ​​​ដំ​​​សន្តិសុខ​​​នៅពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ទោស​​​បួន​​​នាក់​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ បាន​​​វាយ​​​ដំ​​​សន្តិសុខ​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ដោយ​​​ដាល់​​​មុខ​​​របស់​​​សន្តិសុខ​​​រូប​​​​​​នេះ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​។

លោក កាក់ សាវុន ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ទោស​​​ទាំង​​​បួន​​​នាក់​​​នោះ​​​បាន​​​វាយ​​​ដំ​​​សន្តិ​​​សុខ​​​ម្នាក់​​​ឈ្មោះ​​​ សាត សុភ័ក្រ អាយុ​​​២៥​​​ឆ្នាំ ខណៈ​​​សន្តិសុខ​​​រូប​​​នេះ​​​បាន​​​​​​ឲ្យ​​​អ្នក​​​ទោស​​​ទាំង​​​នេះ​​​​​​ចេញ​​​ពី​​​ពន្ធនាគារ​​​មក​​​ហាត់​​​ប្រាណ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រោយ​​​ពេល​​​សន្តិសុខ​​​បាន​​​បើក​​​ទ្វារ​​​ភ្លាម​​​ អ្នក​​​ទោស​​​ទាំង​​​នេះ​​​បាន​​​ទៅ​​​ព័ទ្ធ​​​គាត់​​​ ហើយ​​​វាយ​​​ដំ​​​គាត់​​​ដួល​​​ទៅ​​​នឹង​​​ដី​​​។ អ្នក​​​ទោស​​​ទាំង​​​នេះ​​​បាន​​​អះ​​​អាង​​​ថា ពួក​​​គេ​​​វាយ​​​ដំ​​​គាត់​​​ព្រោះ​​​គាត់​​​កាច​​​ ហើយ​​​ប្រើ​​​ពាក្យ​​​សម្តី​​​មិន​​​សម​​​រម្យ​​​លើ​​​ពួក​​​គេ​​​”។

លោក​​​ សាវុន បាន​​​លើក​​​ឡើង​​​បន្ត​​​ថា លោក សុភ័ក្រ បាន​​​រង​​​របួស​​​ស្រាល​​​ដោយ​​​មាន​​​ស្នាម​​​ជាំ និង​​​ដាច់​​​រលាត់​​​លើ​​​មុខ​​​ ហើយ​​​ត្រូវ​​​បាន​​​ព្យាបាល​​​ដោយ​​​បុគ្គលិក​​​ពេទ្យ​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​។ លោក សុភ័ក្រ ក៏បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​ផង​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ។ អ្នក​​​ទោស​​​ទាំង​​​នេះ​​​​​​នឹង​​​ត្រូវ​​​ដាក់​​​ទោស​​​ទណ្ឌ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​​​​ ឬក៏​​​ប្រាប់​​​ថា ទោស​​​ទណ្ឌ​​​អ្វី​​​ដែល​​​ពួក​​​​​​គេ​​​ត្រូវ​​​ប្រឈម​​​នោះ​​​ឡើយ​​​។

លោក ស្វាយ​​​ ចាន់​​​ស៊ីថា អ្នក​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​អំពីពន្ធនាគារ​​​នៅ​​​អង្គការ​​​លីកាដូ បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ទោស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​ខ្ទង់​​​២០​​​ឆ្នាំ ហើយ​​​ថា អ្នក​​​ទោស​​​ចំនួន​​​បី​​​នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​ដូច​​​ជា សុខ ធូរីដា ខៃ ភក្តី និង​​​ ថាន ឡេង ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​ពន្ធនាគារ​​​ពីបទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា រីឯអ្នក​​​ទោស​​​ទី​​​៤ ឈ្មោះ ជុំ សីលា ត្រូវ​​​បាន​​​បញ្ជូន​​​​​​មក​​​ពន្ធនាគារ​​​ពីបទ​​​​​​ចោរកម្ម​​​ អម​​​ដោយ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា។

លោក ចាន់ស៊ីថា បានមាន​​​ប្រសាសន៍​​​ថា “យើង​​​នៅ​​​តែ​​​ធ្វើ​​​ការ​​​​​​សើុប​​​អង្កេត​​​ ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា អ្វី​​​នឹង​​​កើត​​​ឡើង​​​ចំពោះ​​​ពួក​​​គេ​​​”៕ស៊ុយឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស