42.2 C
Phnom Penh

បុរស​ជនជាតិ​រុស្ស៊ី​ត្រូវ​បាន​ដោះ​លែង ​បន្ទាប់ពី​បើក​បរ​ទាំង​ស្រវឹង​បង្ក​របួស​ដល់​ក្មេង​ប្រុសម្នាក់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​រង​របួស​​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​បើកបរម៉ូតូទាំង​ស្រវឹង​ជ្រុល​ទៅបុក​រទេះ​ប្រមូល​សំរាម​របស់​ក្មេង​ប្រុស​រងគ្រោះ​កាលពី​ថ្ងៃ​អង្គារ ត្រូវ​បាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​របស់​នគរ​បាល​កាលពី​ថ្ងៃពុធ នេះ​បើ​យោង​តាម​មន្ត្រី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ម្សិលមិញ។

យោង​តាម​លោក ព្រំ ពៅ នាយ​ការិយាល័យ​នគរ​បាល​ចរាចរ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ខណៈពេល​បុរស​ជនជាតិ​រុស្ស៊ី​ដែល​មានឈ្មោះ អ៊ែនឌ្រូ ហ្វេរ៉ូវ (Andrew Ferov) អាយុ​២៤​ឆ្នាំ កំពុង​បើក​បរ​ត្រឡប់​ទៅ​កាន់​ផ្ទះ​សំណាក់​ដែល​ខ្លួន​ស្នាក់​នៅ​ក្នុង​សង្កាត់​លេខ៣​ក្រុង​ព្រះសីហនុវិញ ក៏​ស្រាប់​តែ​រេចង្កូត​ជ្រុល​ទៅ​បុក​រទេះ​ដឹក​​សំរាមតែ​ម្ដង​។

លោក​បាន​មាន​ប្រសាសន៍​ថា “ជនសង្ស័យ​ជនជាតិ​រុស្ស៊ី​បាន​បុក​រទេះ​ ហើយ​រទេះ​ក៏​បាន​​បុក​ត្រូវ​ក្មេង​ប្រុស​ដែល​​កំពុង​រើស​ដប​។ ក្មេង​ប្រុស​រូបនោះ​បាន​រង​របួស​ស្រាល”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ជនជាតិ​រុស្ស៊ី​រូប​នេះ​ត្រូវ​បាន​ដោះ​លែង​វិញ​ បន្ទាប់ពី​មេធាវី​របស់​គាត់​បាន​ដាក់​សំណើ​សុំដោះលែង​ទៅ​សាលា​ដំបូង​ខេត្តព្រះសីហនុ។

ព្រះរាជអាជ្ញារង​ រស់ សារ៉ាំ បានមាន​ប្រសាសន៍​ថា ករណី​នេះ​នៅ​តែ​​ត្រូវ​ស៊ើបអង្កេត​ ហើយ​ថា បុរស​ជនជាតិ​រុស្ស៊ី​រូប​នេះ​នឹង​ត្រូវ​ចាប់​ខ្លួន​​វិញ​ ប្រសិន​បើ​មាន​ការ​ចោទ​​ប្រកាន់​។ លោក​បាន​បន្ត​ថា “យើង​បាន​ដោះ​លែង​គាត់​ដោយ​សារ​តែ​​ជនរងគ្រោះ​មិន​រង​របួស​ធ្ងន់ ហើយ​ម្យ៉ាងគាត់​ជា​ភ្ញៀវទេសចរ​នៅ​ក្នុង​ប្រទេស​របស់​យើង ដូច្នេះ​បញ្ហា​តូច​​មិន​គួរធ្វើឲ្យ​ក្លាយ​បញ្ហា​ធំទេ”៕ សុខុម​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស