38 C
Phnom Penh

អ្នក​អូស​រទេះ​​បិទ​ច្រក​ព្រំដែន​​ធ្វើការ​តវ៉ា​ជុំវិញ​ការ​ទាមទារ​ប្រាក់​សំណូក​​ខ្ពស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​អូស​រទេះ​ជាង​​១០០នាក់​ដែល​បាន​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​​បាន​ធ្វើការ​តវ៉ា​​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ស្ថិត​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​កាលពី​ម្សិលមិញ ដោយ​ចោទ​​អភិបាល​ក្រុ​ង​ប៉ោយ​ប៉ែត​ថា​ មិន​បាន​គោរព​តាមការ​សន្យា​របស់លោក​​ក្នុង​ការ​ហាម​ឃាត់​មន្ត្រី​គយ​កុំឲ្យ​ទាមទារ​ប្រាក់​សំណូក​ខ្ពស់​ហួស​ហេតុ​ពីពួកគាត់​។

អ្នក​អូស​រទេះ​​ម្នាក់​ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ​របស់​ខ្លួនដោយ​បារម្ភ​ខ្លាច​ការ​រក​រឿង​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ” មន្ត្រី​គយ​បានទាមទារ​តម្លៃ​ទ្វេ​ជាពីរតាមតែមាត់ថា ហើយ​បាន​ផ្ដល់​បង្កាន់​ដៃ​មិន​ផ្លូវ​ការ​ដល់ពួកយើង​”។

អ្នក​អូស​រទេះ​​ម្នាក់​ទៀត​ដែល​ប្រាប់​ពី​មូលហេតុ​ដូច​គ្នា​នេះដែរ ដោយ​ប្រាប់​ត្រឹម​តែ​ថា​ឈ្មោះ ម៉ៅ បាន​និយាយ​ថា លោក ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង​ប៉ោយ​ប៉ែត​កាលពី​សប្ដាហ៍​មុន​បាន​សន្យារ​ធ្វើ​អន្តរាគមន៍​បន្ទាប់ពី​មន្ត្រី​គយ​បាន​ផ្លាស់​ទៅ​​ប៉ុស្តិ៍​ត្រួតពិនិត្យ​ថ្មី​ឆ្ងាយពី​ព្រំដែន ហើយ​បាន​បង្កើន​តម្លៃ​ភ្លាម​ៗ​ដែល​ពួកគេ​បាន​ទាមទារ​សម្រាប់​រទេះ​អូស​នីមួយៗ​ដែល​បាន​ដឹក​ទំនិញ​ចូល​ប្រទេស​កម្ពុជា​។

គេ​មិន​អាច​ទាក់ទង​លោក ង៉ោ ម៉េងជ្រួន បាន​ទេ​កាលពី​ម្សិលមិញ​។ លោក ឈួន ហៃ ប្រធាន​ការិយាល័យ​គយ​នៅ​ច្រក​ព្រំដែន​បាន​មាន​ប្រសាសន៍​ថា ការ​តវ៉ា​កាលពី​ម្សិលមិញ បាន​បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​តាម​ព្រំដែន។

លោក​បានមាន​ប្រសាសន៍​ថា “មាន​រទេះ​​ចំនួន​៤០​ដាក់​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​នៅ​ថ្ងៃ​នេះ​ ចាប់​ពីម៉ោង​៧ព្រឹក​នេះ​រហូត​ដល់​ម៉ោង​៤ល្ងាច​ថ្ងៃ​នេះ ហើយ​រថយន្ត​ទេសចរណ៍​ និង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មិន​អាច​បើក​ឆ្លង​កាត់​បាន​ទេ​”។

លោក ឈួន ហៃ បានមាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​មិន​បាន​ទាមទារ​សំណូក​​ទេ ប៉ុន្តែ​តែងតែ​​ផាក​ពិន័យ​អ្នក​អូស​រទេះ​ដែល​បាន​ព្យាយាម​ដឹក​ទំនិញ​ខុស​ច្បាប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស