ចៅក្រុមស៊ើុបសួរបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានដោះលែងបុគ្គលិកពីរនាក់របស់សណ្ឋាគារសូហ្វីតែល បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទលួចគ្រឿងអលង្ការមានតម្លៃជាង២០០.០០០ដុល្លារពីទូដាក់សម្ភាររបស់ឧត្តមសេនីយ៍ឯកមួយរូប។
នគរបាលបានចាប់ខ្លួន អ្នកស្រី នុត សារ៉េត អាយុ៣២ និងលោក សំរិទ្ធ រស្មី អាយុ៣៤ឆ្នាំកាលពីថ្ងៃសៅរ៍ បន្ទាប់ពីឧត្តមសេនីយ៍ឯក សៀក សុជាតិ ដែលជានាយកទីចាត់ការការងារព្រំដែននៃក្រសួងការពារជាតិបានផ្អើលឆោឡោបាត់គ្រឿងអលង្ការ បន្ទាប់ពីហែលទឹកក្នុងសណ្ឋាគារដ៏ប្រណីតនៅក្នុងរាជធានីភ្នំពេញនេះរួចកាលពីថ្ងៃសុក្រ នេះបើយោងតាមព្រះរាជអាជ្ញា កែវ សុជាតិ ដែលបានចោទប្រកាន់ជនសង្ស័យទាំងពីរនាក់នេះកាលពីថ្ងៃពុធ។
លោក ឡឹក វណ្ណៈ នាយរងនគរបាលព្រហ្មទណ្ឌនៅក្រសួងមហាផ្ទៃ បានលើកឡើងកាលពីថ្ងៃពុធថា មន្ត្រីរបស់លោកបានចាប់ខ្លួនអ្នកស្រី សារ៉េត ដែលជាអ្នកទទួលភ្ញៀវ និងលោក រស្មី ដែលជាគ្រូបង្ហាត់ហែលទឹក ព្រោះនគរបាលជឿជាក់ថា អ្នកទាំងពីរនាក់នេះបានប្រើសោបម្រុងទៅបើកទូដាក់សម្ភាររបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ ហើយបានលួចគ្រឿងអលង្ការ បន្ទាប់ពីលោក និងអង្គរក្សបានចាកចេញពីបន្ទាប់ផ្លាស់សម្លៀកពាក់ និងរក្សាទុកសម្ភារ។
ចៅក្រម ម៉ុង មុនីសោភា បានលើកឡើងកាលពីម្សិលមិញថា លោកបានសម្រេចដោះលែងជនសង្ស័យជាបណ្តោះអាសន្ន ខណៈតុលាការកំពុងបន្តការសើុបអង្កេតរបស់ខ្លួន ព្រោះគេគិតថា ជនសង្ស័យទាំងពីរនាក់នេះនឹងមិនរត់គេចខ្លួននោះឡើយ។ លោកបានមានប្រសាសន៍ថា “ពួកគេមានផ្ទះ និងមានការងារធ្វើ ហើយយើងសង្ឃឹមថា ពួកគេនឹងមិនគេចទៅកន្លែងណាផ្សេងឡើយ”។
ចៅក្រម មុនីសោភា បានបន្ថែមថា តុលាការនឹងសាកសួរមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះ រួមទាំងអង្គរក្សរបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ ផងដែរ។
លោក ចាង ផាន់នី មេធាវីរបស់ជនសង្ស័យទាំងពីរបានលើកឡើងថា លោកបានស្នើឲ្យចៅក្រុមសាកសួរអង្គរក្សរបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ ព្រោះវីដេអូកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគារសូហ្វីតែលបានបង្ហាញថា អង្គរក្សរូបនេះនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងដាក់សម្ភារ នៅពេលមានការបាត់បង់គ្រឿងអលង្ការ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ព្រះរាជអាជ្ញារងចោទប្រកាន់កូនក្តីរបស់ខ្ញុំដោយមិនដឹងអំពីមូលហេតុពិតប្រាកដ និងគ្មានភ័ស្តុតាងច្បាស់លាស់”។
លោក ហ៊ុន សំអាត មេធាវីរបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានលើកឡើងថា វីដេអូកាមេរ៉ាសុវត្ថិភាពនោះមិនបានបង្ហាញឲ្យឃើញថា នរណាជាចោរលួចគ្រឿងអលង្ការនោះឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំនឹងរង់ចាំតុលាការធ្វើការសើុបអង្កេតបន្ថែមទៀតសិន”។
នៅពេលចៅក្រម មុនីសោភា សាកសួរជនសង្ស័យកាលពីព្រឹកម្សិលមិញ បុគ្គលិកសណ្ឋាគារប្រហែល៣០នាក់ បានរង់ចាំនៅខាងក្រៅតុលាការ រីឯ២០នាក់ផ្សេងទៀតរង់ចាំនៅខាងក្នុង។
លោក យូ វីរៈ អាយុ៤០ឆ្នាំ ប្រធានសហជីពនៅសណ្ឋាគារសូហ្វីតែល បានលើកឡើងថា បុគ្គលិកទាំងនេះបានទៅកាន់តុលាការ ព្រោះពួកគេក៏បានមើលវីដេអូកាមេរ៉ាសុវត្ថិភាពដែរ ហើយជឿជាក់ថា អ្នករួមការងាររបស់ពួកគេគ្មានទោសកំហុសឡើយ។
លោក វីរៈ បាននិយាយថា “បុគ្គលិករបស់យើងមិនបានយកគ្រឿងអលង្ការរបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ ដូចដែលគាត់បានចោទប្រកាន់នោះឡើយ”។
គេមិនអាចទាក់ទងឧត្តមសេនីយ៍ឯក សៀក សុជាតិ ដើម្បីសុំការធ្វើអត្ថាធិប្បាយបានឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សណ្ឋាគារសូហ្វីតែល បានលើកសរសើរចំពោះការសម្រេចរបស់តុលាការដែលដោះលែងជនសង្ស័យទាំងពីរ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “អ្នកគ្រប់គ្រងក្លឹប និងសណ្ឋាគារនៅតែរក្សាតំណែងដដែលរបស់បុគ្គលិកទាំងពីរនាក់នេះ ព្រោះថា ភ័ស្តុតាងពីវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញថា បុគ្គលិកទាំងពីរនាក់នេះគ្មានទោសកំហុសឡើយ”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Chris Mueller)