28.4 C
Phnom Penh

សហភាព​អឺរ៉ុប​ជួល​អ្នក​ជំនាញ​ឲ្យជួយ​រដ្ឋាភិបាល​​​ក្នុង​ការ​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​នៅ​សប្ដាហ៍​នេះ​ថា ​ខ្លួន​បាន​ជួល​​​​អ្នក​ប្រឹក្សា​​យោបល់ពីរ​រូប​ ដើម្បី​ជួយ​រដ្ឋាភិបាល​​រៀបចំ​ប្រព័ន្ធ​មួយ​សម្រាប់​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ ដែល​គេ​ជឿ​ថា ផ្ទះ​ឬដី​ស្រែចម្ការ​របស់ពួកគាត់​ត្រូវ​បាន​រឹបអូស​ខុស​ច្បាប់ពី​សំណាក់​​ក្រុម​ហ៊ុន​ចម្ការ​អំពៅឯកជន​នៅ​ក្នុង​ប្រទេស​​កម្ពុជា​។

សហភាព​អឺរ៉ុប​​ដែល​នាំចូល​ភាគច្រើន​នៃ​ការ​នាំចេញ​ស្ករស​របស់​កម្ពុជា និង​ដែល​សុទ្ធតែ​រួច​កាតព្វកិច្ច​ពន្ធ បាន​​ចរចា​ជាមួយ​រដ្ឋាភិបាល​ប្រហែល​១ឆ្នាំ​ ដោយ​សង្ឃឹម​ថា នឹង​អាច​​បញ្ចុះ​បញ្ចូល​​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​សំណង​ដល់​គ្រួសារ​រង​ការ​​បណ្ដេញ​ចេញ ដែល​សម​នឹង​ទទួល​បាន​សំណង​។

ទោះ​ជាយ៉ាង​ណា មិន​យូរ​ប៉ុន្មាន ​ភាគី​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​ចំនួន​គ្រួសារ​ដែល​សម​ទទួល​បាន​សំណង​ ហើយ​បាន​ដឹង​តាំងពី​ខែ​កុម្ភៈថា ភាគីទាំងពីរ​ត្រូវ​ការ​ជំនួយ​ពី​ខាង​ក្រៅ​។

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ជ្រើស​រើស​អ្នក​ប្រឹក្សា​យោបល់ពីរ​រូប​កាលពី​ខែ​វិច្ឆិកា ហើយ​បាន​បញ្ជាក់​នៅ​សប្ដាហ៍​នេះ​ថា អ្នក​ប្រឹក្សា​យោបល់​ទាំង​នោះ​ជ្រើស​រើស​បាន​ហើយ ហើយ​ទំនង​ជា​នឹង​​ធ្វើ​ដំណើរ​មក​កាន់​​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នៅ​ខែ​ក្រោយ​។សហភាព​អឺរ៉ុប​​មិនទាន់​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ព័ត៌មាន​បន្ថែម​ស្ដីពី​អ្នក​ប្រឹក្សា​យោបល់​ទាំងពីរ​រូប​នេះ​ទេ។

យោង​តាម​ច្បាប់​ចម្លង​នៃ​លក្ខខណ្ឌ​សំអាង​​ក្នុង​គម្រោង​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​ប្រឹក្សា​យោបល់ទាំង​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​វាយ​តម្លៃ​ការ​អះអាង​​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដែល​ត្រូវ​បាន​រឹប​អូស និង​ធានា​ការ​ផ្ដល់​សំណង។

ច្បាប់​ចម្លង​នៃ​លក្ខខណ្ឌ​សំអាង​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “យ៉ាង​ហោច​ណាស់ លទ្ធផល​ចុង​ក្រោយ​គួរ​តែ​ជាការស្ដារ​ឡើង​វិញ​នូវ​​​កម្រិត​ជីវភាព​រស់​នៅ​ និង​កម្រិត​ប្រាក់​ចំណូល​មុន​គម្រោង​សម្រាប់​អ្នក​ដែលរក​ឃើញ​ថា​​ បាន​រង​ភាព​អយុត្តិធម៌”។ តាម​ការ​រំពឹងទុក ការ​ងារ​របស់ពួកគាត់​នឹង​​ត្រូវ​ចំណាយ​ពេល​ប្រហែល​៤ខែ៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស