40.6 C
Phnom Penh

ក្រុមហ៊ុន​ចិន​​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​១១​ខ្នង​​នៅ​ក្នុង​ខេត្ត​កោះ​កុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សន្តិសុខ​ក្រុម​ហ៊ុន​ចិន​ដែល​សាង​សង់​អាកាស​យាន​ដ្ឋាន ដើម្បី​​បម្រើ​ដល់​គម្រោង​រមណី​យ​​ដ្ឋាន​មួយ​ក្នុង​ខេត្ត​កោះកុងនោះ​ កាលពី​ម្សិលមិញ​បាន​បំផ្លាញ​​ផ្ទះ​របស់អ្នកភូមិ​១១​គ្រួសារ ហើយ​បាន​ឈូស​ឆាយ​ដីស្រែចម្ការ​​​ទំហំ​៣០ហិកតា​នៅ​ក្នុង​តំបន់​ដែល​អះអាង​​សិទ្ធិ​កាន់​កាប់​ដោយ​អ្នកភូមិ​។

ក្រុមហ៊ុន​​ Union Development Group (UDG) ​បាន​បណ្ដេញ​អ្នកភូមិ​ជាង​១.០០០​គ្រួសារ​រួច​ហើយ​ដែល​ពួកគាត់​បាន​រស់​នៅ​លើ​ដីទំហំ​៤៥.០០០ហិកតា​ នៅ​ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ​ ដែល​ក្រុម​ហ៊ុននេះ​​បាន​​ប្រែក្លាយ​​ឲ្យទៅ​ជា​​កន្លែង​ទេសចរណ៍​ដែល​ចំណាយ​ទឹក​ប្រាក់​អស់​៣,៨ពាន់​លាន​ដុល្លារ​ចាប់​តាំងពី​ឆ្នាំ​២០១០​មក។

​លោក សោម ធី អាយុ​៣៩​ឆ្នាំ​បាន​និយាយ​ថា ក្រុម​គ្រួសារ​របស់​លោក​ស្ថិត​ក្នុង​ចំណោម​​គ្រួសារ​ដែល​ផ្ទះ​សំបែង​របស់​ពួកគាត់​ត្រូវ​បាន​បំផ្លាញ​​កាលពី​ម្សិលមិញ បាន​កាន់​កាប់​ដីទំហំ​៨ហិកតា នៅ​ក្នុង​តំបន់​ដែល​មាន​វិវាទ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក។

លោក សោម ធី បាន​និយាយ​ថា សន្តិសុខ​ក្រុម​ហ៊ុន​ UDG ១៩នាក់​​​ និង​បុគ្គលិក​ជនជាតិ​ចិន​បួន​នាក់​បាន​​មក​ដល់​កាល​ពី​ព្រឹក​ម្សិល​មិញជាមួយ​ត្រាក់ទ័រមួយ​គ្រឿង​​ ហើយ​បាន​ចាប់​ផ្ដើម​បំផ្លាញ​ជម្រក​ទាំង​នោះ​។

លោក​បាន​មាន​ប្រសា​សន៍​ថា “សន្តិសុខ​ក្រុម​ហ៊ុន​បាន​​រុះ​ផ្ទះ​១០​ខ្នង និង​បាន​ដុត​បំផ្លាញ​​មួយ​ខ្នង។ បន្ទាប់មក​ពួកគេ​​បាន​យក​ត្រាក់ទ័រ​មក​ឈូស​ឆាយដីស្រែ​របស់​យើង”។

លោក​ សោម ធី បាន​និយាយ​ថា លោក​បាន​​បង្ហាញ​ឯកសារ​ដល់​សន្តិសុខ​ថា លោក​ជា​ម្ចាស់​ដីនេះ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ឈូស​ឆាយ​ដដែល​។ លោក​​បាន​និយាយ​ថា “ពួកគេ​មិន​ព្រមមើល​ទេ ហើយ​បាន​ចោទ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ថា​បាន​កាន់​កាប់​ដី​របស់​ក្រុម​ហ៊ុន​ដោយ​ខុស​ច្បាប់”។

លោក​ ង៉ោ សា៊ងឡុង អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន UDG បាន​លើក​ឡើង​​ថា ក្រុម​ហ៊ុន​បាន​ផ្ដល់​សំណង​ដល់​អ្នកភូមិ​១.១០០​គ្រួសាររួច​ហើយ​សម្រាប់​ដីរបស់​ពួកគាត់​ រួម​ទាំង​អ្នកភូមិ​១១គ្រួសារ​ ដែល​ផ្ទះ​សំបែង​របស់​ពួកគាត់​ត្រូវ​បាន​​បំផ្លាញ​កាល​ពី​ម្សិល​មិញ។

លោក​​បាន​និយាយ​ថា “យើង​បាន​សុំ​ឲ្យ​គ្រួសារ​ទាំង​នេះ​រុះ​ផ្ទះ​របស់ពួកគាត់​ចេញ​ពី​ដី​នេះ​ច្រើន​លើក​ច្រើន​សាមក​ហើយ ពីព្រោះ​យើង​ត្រូវ​ប្រើ​ដី​នេះ​ដើម្បី​សាង​សង់​អាកាស​យាន​ដ្ឋាន​។ ប៉ុន្តែ​ពួកគាត់​នៅ​តែ​សាង​សង់​ជម្រក​នៅ​​លើ​ដីនេះ​​ ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ និង​ដាំដំណាំ​ផ្សេង​ៗ​ដដែល​”។

លោក ស៊ាងឡុង បាន​និយាយ​ថា ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ដីស្រែ​ចម្ការ​សរុប​៣០​ហិកតា​កាល​ពី​ម្សិលមិញ។

លោក អុិន គង់ចិត្រ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​នេះ ​បាន​​ច្រាន​ចោល​ការ​អះអាង​របស់​អ្នក​គ្រប់គ្រង​រូប​នេះ ដោយ​លើក​ឡើង​ថា ក្រុម​ហ៊ុន UDG ​មិន​ទាន់​ផ្ដល់​សំណង​ដល់​អ្នកភូមិ​១១គ្រួសារ​នៅ​ឡើយ​ទេ។

លោក ស៊ុន តារា អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​មិនទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​សំណង​ដល់​អ្នកភូមិ​១១គ្រួសារ​នេះ​ទេ ពីព្រោះ​ពួកគាត់​បាន​រស់​នៅ​លើ​ដី​របស់​រដ្ឋ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ដីសម្បទាន​សង្គម​កិច្ច​សម្រាប់​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញទាំង​នេះ​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស