34.7 C
Phnom Penh

កង​​​រាជ​​​អាវុធហត្ថ​​​ចាប់ខ្លួន​​​ជន​​​សង្ស័យ​​​ប៉ុនប៉ង​​​ប្លន់​​​​សម្លៀក​​​បំពាក់​​​ពី​​​កុងតឺន័រ​​​​នៅ​​​ខេត្ត​​​កំពង់ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា កង​រាជ​​​អាវុធ​​​ហត្ថ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​សុក្រ បាន​ចាប់​ខ្លួន​បុរស​ប្រាំបី​នាក់​ពី​​​បទ​ប៉ុង​ប៉ង​​​ប្លន់​រថយន្ត​កុងតឺន័រ​​ចត​ចោល​មួយ​គ្រឿង​​ដឹក​សម្លៀក​​​បំពាក់​​​ឈុតក្នុង​​​​ពេញ​ពី​​​រោងចក្រ​កាត់​ដេរ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​ដោះ​លែង​ជន​​​សង្ស័យ​ប្រាំមួយ​នាក់​​​វិញ​នៅ​ថ្ងៃ​ដដែល​នោះ​។

លោក ខេង ទីតូ អ្នក​នាំ​​​ពាក្យ​កង​រាជ​​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “កង​រាជ​​​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំបី​នាក់​កាលពី​យប់​ថ្ងៃសុក្រ។ ពួកគេ​ទាំង​អស់​គឺ​ជា​​​ជនសង្ស័យ ប៉ុន្តែ​​ឥឡូវ​នេះមាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​​ត្រូវ​បាន​ឃុំខ្លួន ពីព្រោះ​អ្នក​ផ្សេង​ទៀត​មិន​ជាប់​ពាក់ព័ន្ធ​ឡើយ​”។

លោក ហុង វិបុល ប្រធាន​​នាយកដ្ឋាន​ព័ត៌មាន​ និង​សន្តិសុខ​នៃ​កង​រាជ​​​អាវុធ​ហត្ថ​បាន​​​មាន​ប្រសាសន៍​ថា ជន​​​ដែល​គេ​សង្ស័យ​ថា​ជា​ចោរ​ទាំង​នោះ​ត្រូវ​ចាប់ខ្លួនបាន​​​​​មុន​ពេល​​​គាស់​កុង​​​តឺន័រ​ដែល​បាន​ចត​​ចោល​​​នៅ​ក្នុង​ដីឡូត៍​ទំនេរ​មួយ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ពួកគេ​ហៀប​នឹង​កាត់​សោ​រថយន្ត​កុងតឺន័រ​នោះ​ទៅ​ហើយ។ ពួកគេ​មាន​​​ម៉ូទ័រ​​​កាត់ រណារ​ដែក និង​ឧបករណ៍​ផ្សេងៗ​ទៀត​”។

លោក ទិត វណ្ណៈ នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​នៃ​កង​រាជ​​​អាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​អត្តសញ្ញាណ​បុរស​ទាំង​ពីរ​នាក់​នេះ​ដែល​ស្ថិត​​ក្នុង​ការ​​ឃុំខ្លួន​​នៅឡើយ​​​ថា ឈ្មោះ ឌិត វន្ថា អាយុ​៣៦​ឆ្នាំ និង​ វ៉ាន់ សារុំ អាយុ​៣៥​ឆ្នាំ ហើយ​លោក​បាន​លើក​ឡើង​ថា ពួកគេ​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ទី​​​បញ្ជា​​​ការដ្ឋាន​កង​រាជ​​​អាវុធ​ហត្ថ​ខេត្ត​។

លោក វណ្ណៈ បាន​​​មាន​ប្រសាសន៍​ថា អ្នក​បើក​បរ​រថយន្ត​កុងតឺន័រ​​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ មុន​ពេល​នគរ​បាល​អាច​បញ្ជាក់​អត្តសញ្ញាណ​ ឬ​ចាប់​ខ្លួន​ជន​​​នេះ​។

អ្នកស្រី​ វី សូលីណា ​ជា​​​បុគ្គលិក​​​រដ្ឋបាល​នៅ​រោងចក្រ​កាត់​ដេរ​ CIK Cambodia ក្នុង​ខណ្ឌ​ពោធិ៍​​​សែន​ជ័យ រាជធានី​ភ្នំពេញ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​សម្លៀក​​​បំពាក់នោះ​ភាគច្រើន​ជា​​អាវ​ទ្រនាប់ និង​ខោទ្រនាប់​​ជា​កម្មសិទ្ធិរបស់​រោងចក្រ​​។ អ្នក​ស្រី​បាន​និយាយ​ថា រោងចក្រ​កាត់​ដេរ CIK Cambodia បាន​ជួល​ក្រុម​ហ៊ុន​មួយ​ឈ្មោះ Pantos Logistics ឲ្យ​ដឹក​ទៅ​កំពង់​​​ផែ​ស្វយ័ត​​ភ្នំ​ពេញ។

អ្នកស្រី​បាន​និយាយ​ថា “ក្រុម​ហ៊ុន​ Pantos Logistics បាន​ទូរស័ព្ទ​មក​យើង​កាលពី​ថ្ងៃ​សុក្រ ហើយ​បាន​ឲ្យ​ដឹង​ថា ពួកគេ​មិន​ទាន់​ឃើញ​រថយន្ត​កុងតឺន័រ​មក​ដល់​កំពង់ផែ​​​នៅឡើយ​​ទេ។ អ្នកស្រី​បាន​បន្ថែម​ថា “យើង​ចង់​ឲ្យ​រថយន្ត​កុងតឺន័រ​នេះ​បើក​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ប៉ុន្តែ​អ្នក​បើក​បរ​បាន​បើក​ទៅ​ទិស​​​ដៅ​​​បញ្ច្រាស​​​គ្នា​​​ទៅវិញ ហើយ​ត្រូវ​គេ​ឃើញ​​ក្នុង​ខេត្ត​កំពង់ស្ពឺ។

​​អ្នកស្រី ម៉ៅ គន្ធា ប្រធានផ្នែក​​គណនេយ្យ​​​នៅ​ក្រុម​ហ៊ុន Pantos Logistics បាន​និយាយ​ថា ក្រុម​ហ៊ុន​របស់​អ្នកស្រី​បាន​ជួល​រថយន្ត​​​នេះ​បុរស​ម្នាក់​ដែល​គ្រប់គ្រង​​​​​​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​​​​មិន​​​ស្គាល់​​​ឈ្មោះ​មួយ​។

អ្នកស្រី​បាន​​​និយាយ​ថា “រថយន្ត​នោះ​មាន​បំពាក់​​ឧបករណ៍ GPS ដែល​ជាមូល​ហេតុ​អាច​ឲ្យ​កង​រាជ​​​អាវុធ​ហត្ថ​រក​ឃើញ។ អ្នក​បើក​បរ​ប្រហែល​ជា​ស្គាល់​ជនសង្ស័យ​ទាំង​នោះ ហើយ​បាន​បណ្ដោយ​ឲ្យ​​​ពួក​​​គេ​ប្លន់​​សម្លៀកបំពាក់​នោះ”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស