33 C
Phnom Penh

ចាប់ខ្លួន​​​ជន​​​ជាតិ​​ស្ត្រី​​​ជន​​​ជាតិ​​​ម៉ាឡេស៊ី និង​​​បុរស​​​ជន​​​ជាតិ​​​អាមេរិក​​​ម្នាក់​​​ បន្ទាប់ពី​​​បើក​​​រថយន្ត​​​បុក ហើយ​​​រត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​អាយុ​២៨​ឆ្នាំ​ម្នាក់ ​និង​មិត្ត​​​ប្រុស​របស់​នាង​ជា​ជន​​​ជាតិ​អាមេរិក​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​រំលង​​​អាធ្រាត្រ​​​ឈាន​​​ចូល​​​​ថ្ងៃ​​​សោរ៍ បន្ទាប់​​​ពីពួកគេ​បាន​​បើក​រថយន្ត​ម៉ាក​​​សឺដេស​របស់​ខ្លួន​បុក​រ៉ឺម៉ក​ម៉ូតូ​​​កង់​​​បី​ដឹក​​​អ្នក​​​​ដំណើរ​​​ពេញមួយ​គ្រឿង​ ហើយ​បន្ទាប់​មក​បាន​បង្កើន​​ល្បឿន​បើក​រត់។

លោក សែម គន្ធា នាយ​រង​នគរ​បាល​ចរាចរ​​​រាជធានី​បាន​​​មាន​ប្រសាសន៍​ថា នៅ​ម៉ោង​ប្រហែល​១១និង​៣០នាទី​យប់​ថ្ងៃសុក្រ ស្ត្រី​ជនជាតិ​ម៉ាឡេ​​​ស៊ី​​​រូប​នេះ​បាន​បើក​រថយន្ត​ទំនើប​នេះ​បុក​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​មួយ​គ្រឿង​​​តាម​តីរវិថី​​​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​​​ជ័យ​ជម្នះ​ ខណ្ឌ​​​ដូន​ពេញ បន្ទាប់ពី​ចេញពី​ពិធី​​​មួយ​នៅ​កោះ​​​ពេជ្រ។

លោក​បាន​​​មាន​ប្រសាសន៍​ថា “នៅ​ពេល​ស្ត្រី​​​រូប​នេះ​​​បើក​មក​ដល់​មុខ​ព្រះ​​​បរម​រាជ​​​វំាង រថយន្ត​នោះ​បាន​រេ​​​ចង្កូត​ទៅ​​​បុក​ផ្នែក​ខាង​ឆ្វេង​នៃ​​​រ៉ឺម៉ក​ម៉ូតូ​នោះ បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់​រង​​​របួស” ដោយ​លោក​កត់​សម្គាល់​ថា របួស​នោះ​គឺ​ស្រាល​ទេ។

លោក គន្ធា បាន​បដិសេធ​មិន​បង្ហាញ​​​អត្ត​​​សញ្ញាណ​ស្ត្រី​ជនជាតិ​ម៉ា​​​ឡេ​​​ស៊ី​​​រូប​នោះ​ទេ ប៉ុន្តែ​បាន​ប្រាប់​ឈ្មោះ​បុរស​ជនជាតិ​អាមេរិក ដែល​អង្គុយ​ក្នុង​រថយន្ត​នោះ​​​ថា ឈ្មោះ Vic Boyle។ លោក​បាន​​​មាន​ប្រសាសន៍​ថា ពួកគេ​ទាំង​​​ពីរ​​​នាក់​បាន​ផឹកស៊ី​មុន​ពេល​បង្ក​គ្រោះ​ថ្នាក់​ចរា​​​ចរណ៍នេះ។

លោក​បាន​​​មាន​ប្រសាសន៍​ថា “បន្ទាប់​​​ពីបង្ក​​​គ្រោះ​ថ្នាក់​មក បុរស​ជនជាតិ​អាមេរិក​រូប​នោះ​បាន​បើក​រថយន្ត​ជំនួស​នាង ហើយ​បាន​បង្កើន​ល្បឿន​បើក​ចេញពី​កន្លែង​កើត​ហេតុ។ ពួកគេ​បាន​បើក​ចេញ​ពី​​​កន្លែង​កើត​ហេតុ​យ៉ាង​លឿន ពីព្រោះ​ពួកគេ​ខ្លាច​មនុស្ស​ក្នុង​​​មូលដ្ឋាន​វាយ​ពួក​​​គេ”។

លោក​ គន្ធា បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ និង​កង​រាជ​​​អាវុធ​ហត្ថ​បាន​ដេញ​តាម​​ពួកគេ​​នោះ ហើយ​បាន​តាម​ទាន់​នៅ​ផ្លូវ​លេខ​២១៤ស្ថិត​ក្នុង​សង្កាត់​បឹង​​​រាំង។

លោក​ គន្ធា បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​ និង​កង​រាជ​​​អាវុធ​ហត្ថ​​បាន​ដេញ​តាម​​​ពួកគេ ហើយ​ចាប់​ខ្លួន​​បាន​​​ចម្ងាយ​ប្រហែល​១,៥គីឡូម៉ែត្រ​ពី​​កន្លែង​កើត​ហេតុ”។

លោក គន្ធា បាន​បន្ថែម​ថា លោក Boyle ត្រូវ​បាន​ដោះ​​​លែង​​​ពី​កន្លែង​ឃុំខ្លួន​របស់​នគរ​បាល​កាលពី​ថ្ងៃសៅរ៍។ លោក​បាន​​​មាន​ប្រសាសន៍​ថា ” យើង​បាន​នាំ​​​ពួក​​​គេ​ទាំងពីរ​ទៅ​សាកសួរ​នៅ​​​ប៉ុស្តិ៍​​​នគរ​បាល​ចរាចរណ៍​រាជធានី​​ ប៉ុន្តែ​យើង​បាន​ដោះលែង​បុរស​ជនជាតិ​អាមេរិក​នេះ​វិញ​ ពីព្រោះ​គាត់​មិន​មែន​​​ជា​អ្នក​បើក​បរ​​​ទេ”។

លោក​បាន​បន្ថែម​ថា “ទោះ​ជា​​​យ៉ាង​ណា យើង​កំពុង​ឃុំខ្លួន​ស្ត្រី​ជនជាតិ​ម៉ា​​​ឡេ​​​ស៊ីរូប​នេះ ហើយ​​នាំ​​​នាង​ទៅ​សាកសួរ​នៅ​តុលាការ​នៅ​ថ្ងៃ​នេះ ដោយ​ចោទ​ប្រកាន់​​​ពីបទ​បង្ក​របួស​ស្នាម​នៅ​ពេល​បើកបរ​”។

លោក Boyle ដែល​បាន​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​​គេហទំព័រ​​ LinkedIn ថា ជា​​អគ្គនាយក​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ថា S.S.​ Digital Media Advertising នោះ​​​ មិន​អាច​ទាក់​ទង​សុំ​​​អត្ថា​​​ធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។

រូប​ថត​ដែល​ផ្សព្វ​ផ្សាយ​តាម​​ប្រព័ន្ធ​​​ផ្សាយ​ក្នុង​ស្រុក​ស្ដី​​​ពី​​​ការ​ចាប់​ខ្លួន​នេះ ហើយ​ក្រោយមក​​​ទំនង​ជា​បាន​បង្ហាញ​ថា អ្នក​ជិតស្និទ្ធ​របស់​លោក Boyle គឺ​ស្ត្រី​ឈ្មោះ Edrea Chua ជា​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ ដែល​រូប​ថត​របស់​នាង​​ក៏​​​មាន​នៅ​លើ​ទំព័រ​ហ្វេស​​​ប៊ុក​របស់​លោក​ Boyle ដែល​ស្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ជា​មិត្ត​ស្រី​របស់​គាត់​។

លោក តាំង អាន មន្ត្រី​នគរ​បាល​ចរាចរ​រាជធានី​​ដែល​​ធ្វើការ​​​​រឿងក្ដី​នេះ​បាន​មាន​ប្រសាសន៍​ថា ស្ត្រី​​​ជនជាតិ​ម៉ាឡេស៊ី​រូប​នេះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ធ្វើ​ការ​សាកសួរ​កាល​ពីម្សិលមិញ ប៉ុន្តែ​មិន​បាន​ចោទ​ប្រកាន់​​​ពី​​​បទ​ឧក្រិដ្ឋ​​​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ព្រឹក​នេះ​លោក អ៊ុំ សុភ័ក្ត្រ ព្រះ​​​រាជ​​​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​​បាន​សាក​សួរ​​​ស្ត្រីរូប​​​នេះ​​​អំពី​ករណី​នោះ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ចោទ​ប្រកាន់​ស្ត្រី​រូប​នេះ​នៅ​ឡើយ​ទេ។ នាង​កំពុង​​ត្រូវ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​នគរ​បាល​ចរាចរណ៍​រាជធានី​នៅ​ឡើយ​”។

លោក សឿន សារឿន ​មន្ត្រី​នគរ​បាល​ចរាចរ​រាជធានី​ម្នាក់​ទៀត​ដែល​​​ធ្វើ​ការ​លើ​ករណី​បាន​មាន​ប្រសាសន៍​ថា តុលាការ​នឹង​បន្ត​សាកសួរ​ស្ត្រី​​​ជន​​​ជាតិ​ម៉ា​​​ឡេ​​​ស៊ីរូប​នេះ​នៅ​ថ្ងៃ​នេះ៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស