33 C
Phnom Penh

កងរាជអាវុធហត្ថ​ដោះលែង​បុរសពីរនាក់ដែលនៅសេសសល់​ពាក់ព័ន្ធ​ការ​ប៉ុង​ប៉ង​លួចសម្លៀកបំពាក់ពី​កុងតឺន័រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ដោះលែង​ជនសង្ស័យ​ពីរនាក់​ទៀត​​ដែល​នៅ​សេសសល់​ក្នុង​ចំណោម​ជនសង្ស័យ​ដំបូង​ដែល​ត្រូវ​បាន​ចាប់​ខ្លួនទាំងអស់​​មាន​គ្នា​ប្រាំបី​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ប៉ុន​ប៉ង​កាត់​សោ​​រថយន្ត​កុងតឺន័រ​លួច​សម្លៀក​បំពាក់​​ឈុត​ក្នុង​។

​បុរស​ទាំង​ប្រាំបី​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃសុក្រ​នៅ​ក្បែរ​រថយន្ត​នោះ ដែលត្រូវ​​បើក​បរ​មក​កាន់​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ប៉ុន្តែ​បែរជា​បើក​ទៅ​ចត​នៅ​ក្នុង​ដីឡូត៍​ទំនេរ​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺទៅវិញ។

​មនុស្ស​ប្រាំមួយ​នាក់​ក្នុង​ក្រុម​នេះ​ត្រូវ​បាន​ដោះ​លែង​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ប៉ុន្តែ​ពីរ​នាក់​ត្រូវ​បាន​ឃុំខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​។

កង​រាជអាវុធ​ហត្ថ​បាន​លើក​ឡើង​កាលពី​​ថ្ងៃអាទិត្យ​ថា ជនទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​តាម​ទាន់​ពេល​កំពុង​ព្យាយាម​កាត់​សោ​កុងតឺន័រ។

ទោះជាយ៉ាង​ណា​ លោក ទិត វណ្ណៈ ប្រធាន​ការិយាល័យព្រហ្មទណ្ឌនៃកង​រាជអាវុធ​ហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ផ្អែក​តាម​ការ​សាកសួរ​បន្ថែម​ នគរ​បាល​បាន​កំណត់​ថា ជនសង្ស័យពីរ​នាក់​ដែល​នៅ​សេសសល់​​នេះ តាម​ពិត​គឺ​ជា​សាក្សីទេ។

លោក វណ្ណៈ បាន​មាន​ប្រសាសន៍​ថា កាលពី​ពេល​មុន ​​នៅ​ពេល​ត្រូវ​បាន​សាកសួរ​ដំបូង​ ពួកគេ​បាន​និយាយ​ថា អ្វី​ៗ​មិន​ច្បាស់​ឡើយ ប៉ុន្តែ​បន្ទាប់ពី​បាន​សាកសួរ​ម្ដង​ទៀត​នៅ​ព្រឹក​នេះ ពួកគេ​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​លួច​នោះ​ទេ ហើយ​ពួកគេ​គ្រាន់​តែ​ជា​សាក្សី​ប៉ុណ្ណោះ។ ជន​ល្មើស​គឺ​ជា​អ្នក​បើក​បររថយន្ត​​ និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត។ យើង​ស្គាល់​អត្តសញ្ញាណ​របស់ពួកគេ​អស់​ហើយ ប៉ុន្តែ​យើង​មិន​អាច​ប្រាប់​បាន​ទេ​ ពីព្រោះ​យើង​បារម្ភ​ថា ពួកគេ​នឹង​រត់​​គេចខ្លួន”៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស