26 C
Phnom Penh

អតីត​ព្រះសង្ឃ​ម្នាក់​ជាប់​ឃុំ​ទាក់ទិន​នឹង​ការ​ធ្វើ​គត់​ព្រះសង្ឃ​កំពុង​សម្ដែង​ធម៌​ទេសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប៉ូលិស​នៅ​ខេត្ត​កំពង់​ស្ពឺ​កំពុង​ស៊ើប​អង្កេត​អតីត​ព្រះសង្ឃ​ម្នាក់​ទាក់ទិន​នឹង​ការ​ធ្វើ​គត់​ព្រះ​សង្ឃ​មាន​ព្រះជន្ម​៧៦​ព្រះ​វស្សា ដែល​ត្រូវ​បាន​បាញ់​សុគត​កាលពី​ថ្ងៃ​សៅរ៍ ក្នុង​ពេល​កំពុង​សម្ដែង​ធម៌​ទេសនា​នៅ​ក្នុង​ពិធី​បុណ្យ​មួយ។

យោងតាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ព្រះតេជគុណ ម៉ឹង អ៊ុំ គ្រូសូត្រ​ស្ដាំ​នៅ​វត្ត​អង្គស្នៀត ​ក្នុង​ស្រុក​សំរោងទង បាន​សុគត​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ចំ​ក ក្នុង​ពេល​ដែល​ព្រះ​តេជគុណ​ចាប់​ផ្តើម​សម្ដែង​ធម៌ទេសនា​នៅ​ក្នុង​ពិធីបុណ្យ​​ខួប​១ឆ្នាំ​​នៅ​ឃុំ​តាំងក្រូច​កាលពី​យប់​ថ្ងៃ​សៅរ៍។

ប៉ូលិស​បាន​និយាយ​ថា ព្រះតេជគុណ​បាន​គង់​តែអង្គ​ឯង​នៅ​លើ​គ្រែទេសនា​​នៅ​ចំពោះ​មុខ​​​ពុទ្ធបរិស័ទ​រាប់សិប​នាក់ ហើយ​ត្រូវ​បាន​គេ​បាញ់​ទម្លុះ​វាំងនន​នៅ​ពី​ក្រោយ​ព្រះ​អង្គ។

លោក សោម បូរ៉ា ស្នង​ការ​រង​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា កាលពី​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​ចាប់​ខ្លួន​អតីត​ព្រះ​សង្ឃ​ម្នាក់ ឈ្មោះ ជា សារ៉ាន់ អាយុ​៣៣​ឆ្នាំ ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បាញ់។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “យើង​មិន​អាច​ស្វែងរក​ឃើញ​អាវុធ ឬ​ភ័ស្តុតាង​ផ្សេងទៀត​ទេ ប៉ុន្តែ​ព្រះសង្ឃ​រងគ្រោះ និង​ជន​សង្ស័យ…​ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា ពេល​ដែល​អ្នក​ទាំង​ពីរ​ស្នាក់​នៅ​រួម​គ្នា​ក្នុង​វត្ត​នោះ”។

លោក​ស្នងការ​រង បូរ៉ា បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​កំពុង​ឃុំ​ខ្លួន​លោក សារ៉ាន់ ហើយ​ថា តុលាការ​ខេត្ត​នឹង​សម្រេច​ ថាតើ​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​គាត់​នៅ​ថ្ងៃ​នេះ​ឬ​យ៉ាងណា​ទេ។

ព្រះតេជគុណ ពេជ្រ ប៉ន ចៅអធិការ​វត្ត​អង្គស្នៀត បាន​មាន​សង្ឃដីកា​ថា ទាំង​ជន​រងគ្រោះ​ ទាំង​ជន​សង្ស័យ​ជា​ព្រះសង្ឃ​នៅ​វត្ត​នេះ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​និង​ប្រាំពីរ​ឆ្នាំ​មក​ហើយ។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ​មិន​ដែល​បាន​ឃើញ​អ្នក​ទាំងពីរ​ទាស់​សម្តី​គ្នា​ទេ។

ព្រះអង្គ​បាន​មាន​សង្ឃដីកា​ទៀត​ថា “ប៉ុន្តែ​ឥឡូវ​នេះ អាត្មា​ឮ​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​គាត់។ លោក​ សារ៉ាន់ មិន​មែន​ជា​ឃាតករ​ទេ”។

ព្រះតេជគុណ ពេជ្រ ប៉ន បាន​មាន​សង្ឃ​ដីកា​ថា ប្រហែល​បី​ឆ្នាំ​មុន លោក សារ៉ាន់​ បាន​សុំ​ចាកចេញ​ពី​វត្ត​នេះ។

ព្រះអង្គ​បាន​មាន​សង្ឃ​ដីកា​ទៀត​ថា “គាត់​មិន​ពូកែ​ខាង​រៀន​សូត្រ​ទន្ទេញ​ធម៌​អាថ៌​ទេ ប៉ុន្តែ​គាត់​ពូកែ​ខាង​គ្រប់គ្រង​សំណង់”។ ហើយ​ព្រះ​អង្គ​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រះអង្គ​បាន​បញ្ចុះ​បញ្ចូល​លោក សារ៉ាន់ ឲ្យ​នៅ​វត្ត​នេះ​រយៈ​ពេល​បី​ឆ្នាំ​ទៀត ​ដើម្បី​ជួយ​ការ​សាងសង់​នៅ​ទីនោះ។ នៅទី​បញ្ចប់ លោក សារ៉ាន់ បាន​ចាកចេញ​ពី​វត្ត​នៅ​ថ្ងៃទី​៧​ខែ​ធ្នូ។

ព្រះតេជគុណ ពេជ្រ ប៉ន បាន​មាន​សង្ឃ​ដីកា​ថា ព្រះអង្គ​សង្ស័យ​ថា ឃាតកម្ម​នេះ​ទាក់ទង​នឹង​លុយ​ដែល ព្រះអង្គ​ ម៉ឹង អ៊ុំ បាន​ឲ្យ​មនុស្ស​មួយ​ចំនួន​ខ្ចី​យក​ការ​ប្រាក់។

ព្រះតេជគុណ ពេជ្រ ប៉ន បាន​មាន​សង្ឃ​ដីកា​ទៀត​ថា “ព្រះសង្ឃ​របស់​យើង​ត្រូវ​បាញ់​សុគត​ដោយ​អ្នក​ដែល​បាន​ជំពាក់​ប្រាក់​ព្រះអង្គ”។ ហើយ​ព្រះតេជគុណ​បាន​មាន​សង្ឃ​ដីកា​បន្ថែម​ថា សព​របស់​ ព្រះសង្ឃ ម៉ឹង អ៊ុំ គ្រោង​បូជា​កាលពី​យប់មិញ៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស