នគរបាលនិយាយកាលពីម្សិលមិញថា យុវជនអាយុ២១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃច័ន្ទ ខណៈកំពុងធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ១២ឆ្នាំម្នាក់ដែលខ្លួនបានចាប់ទម្លាក់ពីលើកង់ ពេលនាងជិះកង់ចេញពីសាលាត្រឡប់ទៅផ្ទះវិញ ហើយក្រោយមកជននេះបានសារភាពថា ខ្លួនក៏បានចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំម្នាក់ទៀតដែរកាលពីដើមខែនេះ។
លោក េសត ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នគរបាលមូលដ្ឋានបានចាប់ខ្លួនកម្មករសំណង់ម្នាក់ឈ្មោះ មឿន សេត នៅក្នុងឃុំចំណោម ស្រុកមង្គលបុរី បន្ទាប់ពីអ្នកស្រុកម្នាក់បានប្ដឹងអាជ្ញាធរអំពីបទល្មើសនេះ។
លោកបានមានប្រសាសន៍ទៀតថា “ពេលក្មេងស្រីម្នាក់កំពុងជិះកង់តាមផ្លូវ ជននេះបានមកចាប់នាងពីក្រោយ ហើយរំលោភនាង។ យុវជននេះគឺជាជនសង្ស័យនៅក្នុងករណីរំលោភក្មេងស្រីពីរនាក់នៅក្នុងឃុំនេះនៅខែនេះ”។
លោក អុិន សំអាត នាយប៉ុស្តិ៍ឃុំចំណោម បានមានប្រសាសន៍ថា ឈ្មោះ មឿន សេត បានសម្ងំលាក់ខ្លួននៅក្នុងព្រៃតាមបណ្ដោយផ្លូវ ហើយបានចាប់ក្មេងស្រីអាយុ១២ឆ្នាំនេះនៅពេលនាងជិះកង់តាមពីក្រោយក្មេងស្រីមួយក្រុមត្រឡប់ទៅផ្ទះវិញ។
លោកបានមានប្រសាសន៍ទៀតថា “កាលពីម្សិលមិញ បន្ទាប់ពីរង់ចាំប្រហែល៣ម៉ោង ជននេះបានឃើញក្មេងស្រីម្នាក់ជិះកង់ ហើយក៏រត់ដេញតាមនាងប្រហែល៧០ម៉ែត្រមុនពេលចាប់រំលោភនាងនៅទីនេះ។ ពេលនោះស្ត្រីកសិករម្នាក់ដែលនៅក្បែរនោះបានទូរស័ព្ទប្ដឹងនគរបាលឲ្យទៅចាប់ខ្លួនជននេះ”។
លោកបានលើកឡើងទៀតថា នគរបាលបានចាប់ខ្លួនជននេះពេលកំពុងធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះ។ ” ក្រោយពីការចាប់ខ្លួនភ្លាមៗ ជនសង្ស័យបានបដិសេធថា ខ្លួនមិនបានចាប់រំលោភទេ ប៉ុន្តែ៣ម៉ោងក្រោយមក ជននេះបានសារភាពទទួលស្គាល់ទង្វើគ្រប់យ៉ាងដែលខ្លួនបានប្រព្រឹត្ត”។
នាយប៉ុស្តិ៍រូបនេះបានមានប្រសាសន៍ទៀតថា ឈ្មោះ មឿន សេត បានសារភាពថា ខ្លួនធ្លាប់បានចាប់រំលោភក្មេងស្រីសិស្សសាលាអាយុ៩ឆ្នាំម្នាក់ទៀតកាលពីថ្ងៃទី៦ ខែមករា ដែលខ្លួនបានប្រព្រឹត្តក្រោមស្ថានភាពស្រដៀងគ្នា ដោយប្រាប់នគរបាលថា ខ្លួនបានរំលោភក្មេងស្រីរងគ្រោះ បន្ទាប់ពីបោកបញ្ឆោតសិស្សមួយក្រុមដែលជិះកង់ត្រឡប់ទៅផ្ទះវិញ ឲ្យតាមខ្លួនចូលទៅក្នុងព្រៃ។
លោកបានមានប្រសាសន៍បន្តថា “ជននេះបានឃាត់ក្មេងៗប្រាំបួននាក់ ក្នុងនោះរួមមានក្មេងស្រីប្រាំមួយនាក់ ដោយកុហកពួកគេថា មានចោរប្លន់នៅតាមផ្លូវ។ បន្ទាប់មកជនសង្ស័យបានបញ្ជាឲ្យក្មេងស្រីបួននាក់ស្រាតសម្លៀកបំពាក់ចេញ និងដេកទៅលើដី រួចជនសង្ស័យបានចាប់រំលោភក្មេងស្រីម្នាក់ ហើយបម្រុងរំលោភក្មេងស្រីផ្សេងទៀត ប៉ុន្តែពេលនោះក្មេងៗផ្សេងទៀតបានស្រែកឲ្យគេជួយ”។
លោក សេត ឡោះ ស្នងការរងខេត្តនេះបានមានប្រសាសន៍ថា ឈ្មោះ មឿន សេត បានប្រើលេសផ្សេងៗនិយាយពីមូលហេតុដែលខ្លួនចាប់រំលោភក្មេងស្រីទាំងនេះ។
លោកបានលើកឡើងបន្ថែមថា “ជននេះបានសារភាពថា ខ្លួនបានចាប់រំលោភដោយសារហេតុផលបីយ៉ាង ទី១ដោយសារខ្លួនញៀនគ្រឿងញៀន ទី២ដោយសារខ្លួនស្រវឹងនៅពេលប្រព្រឹត្តបទល្មើស ហើយចុងក្រោយគឺដោយសារប្រពន្ធរបស់ជននេះមានផ្ទៃពោះមិនអាចរួមរ័កជាមួយខ្លួនបាន។ ពេលនេះជនសង្ស័យកំពុងជាប់ឃុំនៅស្នងការដ្ឋាននៅឡើយ ដើម្បីធ្វើការសាកសួរបន្ថែមទៀត។ យើងនឹងបញ្ជូនជននេះទៅតុលាការនៅថ្ងៃស្អែកដើម្បីធ្វើការចោទប្រកាន់”។
យោងតាមតួលេខផ្ដល់ដោយអង្គការសិទ្ធិមនុស្សអាដហុកកាលពីម្សិលមិញបង្ហាញថា ករណីរំលោភកុមារដែលត្រូវរាយការណ៍នៅក្នុងឆ្នាំ២០១៤ មានចំនួន២០១ករណី ក្នុងនោះរួមមាន១១០ករណីរំលោភក្មេងស្រីដែលមានអាយុចន្លោះពី១១ឆ្នាំដល់១៨ឆ្នាំ ៤២ករណីពាក់ព័ន្ធនឹងក្មេងស្រីដែលមានអាយុចន្លោះពី៦ឆ្នាំដល់១០ឆ្នាំ និង១៥ករណីពាក់ព័ន្ធក្មេងស្រីអាយុក្រោម៥ឆ្នាំ។
តួលេខរបស់អង្គការអាដហុកបង្ហាញទៀតថា នៅក្នុងឆ្នាំ២០១៣មានករណីរំលោភកុមារចំនួន១៧៧ករណី ក្នុងនោះរួមមាន១០២ករណីពាក់ព័ន្ធនឹងក្មេងស្រីអាយុចន្លោះពី១១ឆ្នាំដល់១៨ឆ្នាំ ៥៣ករណីពាក់ព័ន្ធនឹងក្មេងស្រីដែលមានអាយុចន្លោះពី៦ឆ្នាំដល់១០ឆ្នាំ និង២២ករណីពាក់ព័ន្ធនឹងក្មេងស្រីដែលមានអាយុក្រោម៥ឆ្នាំ។
លោកស្រី ខៀវ សិរីសុធា អគ្គនាយកនៅក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា លោកស្រីមិនដឹងច្បាស់ថា ហេតុអ្វីបានជាចំនួនករណីរំលោភកុមារដែលត្រូវបានរាយការណ៍មានការកើនឡើងនោះទេ ប៉ុន្តែលោកស្រីបានលើកឡើងថា រដ្ឋាភិបាលកំពុងខិតខំធ្វើការដោះស្រាយបញ្ហានេះ។
លោកស្រីមានប្រសាសន៍ទៀតថា “យើងកំពុងធ្វើការជាមួយអង្គការយូនីសេហ្វ ដើម្បីសិក្សាពីបញ្ហានោះ”។ លោកស្រីបានលើកឡើងបន្តថា នគរបាលជាអ្នកទទួលខុសត្រូវចំពោះបទល្មើសដូចជាការរំលោភកុមារជាដើមច្រើនជាងក្រសួងរបស់លោកស្រី។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេសស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ការរាយការណ៍អំពីការរំលោភកុមារកំពុងកើនឡើងខ្លាំង ដោយសារការអនុវត្តការផ្ដន្ទាទោសសម្រាប់បទល្មើសនេះមានការធូររលង់។
លោកបានលើកឡើងថា “មានទម្លាប់អាក្រក់ដែលជនសង្ស័យនៅក្នុងករណីចាប់រំលោភត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់។ បញ្ហាមួយទៀតគឺថា ករណីចាប់រំលោភកុមារមិនត្រូវបានបញ្ជូនទៅតុលាការ ពីព្រោះក្រុមគ្រួសារជនសង្ស័យនឹងបង់សំណងក្រៅប្រពន្ធតុលាការ”៕ សុខុម