29.6 C
Phnom Penh

កងរាជអាវុធហត​្ថ​ចាប់ខ្លួន​ស្ត្រីម្នាក់ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ពី​បទ​ផ្សព្វផ្សាយ ​ពាក្យ​ចចាម​អារ៉ាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ កាល​​​ពីថ្ងៃ​​​ច័ន្ទ ចាន​​​ចាប់ខ្លួន​​​ស្ត្រី​​​​​​អាយុ​​​៤៥​​​ឆ្នាំ​​​ម្នាក់​​​ពី​​​បទ​​​បង្ក​​​​”ភាពចលាចល” ​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ដោយ​​​អះ​​​អាង​​​ថា ត្រូវជា​​​សាច់​​​ញាតិ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ហើយ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា អ្នក​រកស៊ីខាង​​​ដីធ្លី​​​​ក្នុង​​​មូល​​​​​​ដ្ឋាន​​​ម្នាក់នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​នឹង​​​​​​ធ្វើ​​​ជា​​​អភិបាល​​​​​​ក្រុង​​​នៅ​​​តាមព្រំ​​​ដែន​​​នេះ​​​។

យោង​​​តាម​​​លោក ឱ បូរិន មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ស្រី​​​ ទ្រី ណាត​​​បារាំង​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ភោជនីយ​​​ដ្ឋាន​​​មួយ​​​ក្នុង​​​សង្កាត់​​​ផ្សារ​​​កណ្តាល​​​ ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ខណៈ​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​បរិភោគ​​​អាហារ​​​ផ្សេង​​​ទៀត​​​ថា មិត្ត​​​ភក្តិ​​​របស់​​​លោក​​​ស្រី គឺ​​​លោក ឱក​​​ សុផាន​​​ អាយុ​​​៥៣​​​ឆ្នាំ នឹង​​​​​​ជំនួស​​​​​​លោក ង៉ោ ម៉េង​​​ជ្រួន អភិបាល​​​​​ក្រុង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុផាន ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​ថ្ងៃ​​​ច័ន្ទ​​​ផង​​​ដែរ​​​។

លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ឱ បូរិន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកស្រី ណាតបារាំង ដែល​​​​​​ក៏​​​ជា​​​អ្នក​​​រក​​​ស៊ី​​​ខាង​​​ដី​​​ធ្លី​​​ម្នាក់​​​ដែរ​​​បាន​​​ចំណាយ​​​ពេល​​​ច្រើន​ថ្ងៃកន្លងមក​ទៅ​​​កាន់​​​ភោជនីយដ្ឋាន​​​ ហាង​​​កាហ្វេ និង​​​ហាង​​​មួយ​​​ចំនួន​​​ទៀត​នៅ​​​ក្នុង​​​ក្រុង​ ក្នុង​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បីដើរ​​​បញ្ចុះ​​​បញ្ចូល​​​ថា លោក​​​ សុផាន ​​​នឹង​​​​​កាន់​​​តួ​​​នាទីនេះ​​​ ដោយ​​​អះ​​​អាង​​​ថា គាត​់​ត្រូវ​​​ជា​​​បង​​​ប្អូន​​​ជីទួត​​​មួយ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហើយ​​​បាន​​​សំដៅ​​​​​​អ្នក​​​ស្រី​​​ខ្លួន​​​ឯង​​​ថា ជា​​​ “លោក​​​ជំទាវ”។

លោ​​​ក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ស្ត្រីរូបនេះកាល​​​ពី​​​ម្សិលមិញ​​​ ពី​​​ព្រោះ​​​គាត់​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា គាត់​​​ជា​​​សាច់ញាតិ​​​របស់​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​។ លោក​​​បាន​​​​​​បន្ថែម​​​ថា អ្នកស្រី ណាត​​​បារាំង ក៏​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា ជា​​​សាច់​​​ញាតិ​​​របស់​​​លោក​​​ឧកញ៉ា ទ្រី ភាព ផង​​​ដែរ​​​។

លោក​​​បាន​​​បន្ថែម​​​ថា “ស្ត្រី​​​រូប​​​នេះ​​​បាន​​​បង្ក​​​ភាព​​​ចលាចល​​​នៅ​​​ក្នុង​​​ក្រុង​​​ និង​​​នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​មូល​​​ដោយ​​​ព្យាយាម​​​លើកស្ទួយ​​​​នរណា​​​ម្នាក់​​​ឲ្យ​​​ក្លាយជា​​​អភិបាល​​​ក្រុង​​​ថ្មី​​​”។

ឧត្តម​​​សេនីយ៍​​​ត្រី ឱ បូរិន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកស្រី​​​ ណាត​​​បារាំង​​​ កំពុង​​​​​​ត្រូវ​​​ឃុំខ​​​្លួន​​​នៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុផាន កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុហត្ថក្រុង​​​ប៉ោយ​​​ប៉ែត ទី​​​ដែល​​​លោក​​​បាន​​​ប្រាប់​​​អ្នក​​​សើុប​​​អង្កេត​​​ថា បើ​​​ទោះ​​​ជា​​​មិន​​​មាន​​​បទ​​​ពិសោធន៍​​​នយោបាយ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ត្រូវ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​តាមរយៈការ​​​អះ​​​​​​អាង​​​របស់​​​មិត្ត​​​ភក្តិ​​​ខ្លួន​​​ថា លោកអាចធ្វើ​​ជា​​​អភិបាល​​​​​​ក្រុង​​​បានដែរ។

ឧត្តម​​​សេនីយ៍​​​ត្រី ឱ បូរិន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សាក​​​សួរ​​​គាត់​​​ ហើយ​​​គាត់​​​បាន​​​និយាយ​​​ថា គាត​​​់​​​ជឿ​​​ស្ត្រី​​​រូប​​​នោះ​​​ ពី​​​ព្រោះ​​​ស្ត្រី​​​រូប​​​នោះ​​​អះ​​​អាង​​​ថា គាត់​​​នឹង​​​អញ្ជើញ​​​សម្តេច​​​តេជោ​​​ ហ៊ុន សែន មក​​​ចូលរួមក្នុង​​​​​​ពិធី​​​នេះ​​​។

លោក ម៉េង​​​ជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​បាន​​​ឮព័ត៌​​​មាន​​​អំពី​​​ការ​​​ចាប់ខ្លួន​​​អ្នក​​​ស្រី ណាត​​​បារាំង ហើយ​​​បាន​​​គាំទ្រ​​​ការ​​​សម្រេច​​​ឃុំ​​​ខ្លួន​​​ស្ត្រី​​​រូប​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សកម្ម​​​ភាព​​​របស់​​​គាត់​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ និង​​​កិត្តិយស​​​របស់​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់។​​​អាជ្ញាធរ​​​មាន​​​សិទ្ធិ​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​រូប​​​នេះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​ទទួល​​​បាន​​​បទបញ្ជាណាមួយ​​​​ឲ្យ​​​ចាកចេញ​​​ពី​​​តួ​​​នាទី​​​នេះ​​​ ឬ​​​ព័ត៌​​​មាន​​​ណា​មួយ​អំពី​​​អភិបាល​​​ថ្មី​​​ឡើយ​​​”៕សារុន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស