38 C
Phnom Penh

មន្ត្រី​កម្ពុជា​ការពារ​ការ​ដាក់​ពន្ធនាគារ​សកម្មជន​ចំពោះមុខ​ប្រេសិត​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អង្គារ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ការពារ​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ពន្ធនាគារ​សកម្មជន​១១​នាក់​និង​មន្ត្រី​ក្រុម​ប្រឆាំង​ម្នាក់​ ដែល​ទង្វើ​នេះ​ត្រូវ​បាន​គេ​រិះគន់​ជា​ទូទៅ​ អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច។​​​

លោក ដានីញ៉ែល រ៉ូស្សែល (Daniel Russel) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីកហ្វិក បាន​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ និង​បាន​ជួប​ជាមួយ​លោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ជំនួប​នៅ​ក្រសួង​នេះ​ក្នុង​ក្រុង​ភ្នំពេញ លោក បូរិទ្ធិ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្រាប់​លោក រ៉ូស្សែល ថា បណ្តាញ​ព័ត៌មាន​បាន​ផ្សព្វ​ផ្សាយ​លម្អៀង​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​១១​នាក់​កាលពី​ខែ​វិច្ឆិកា។

លោក បូរិទ្ធិ បាន​មាន​ប្រសាសន៍​ថា គាត់​ដឹង​រឿង​នេះ​តែ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​ប៉ុណ្ណោះ។ បណ្តាញ​ព័ត៌មាន​បាន​រាយការណ៍​ថា ពួកគេ​ត្រូវ​ចាប់​ខ្លួន​បន្ទាប់ពី​ធ្វើ​ការ​តវ៉ា​ទាក់ទិន​នឹង​បញ្ហា​ដីធ្លី និង​ចំពោះ​ការ​បញ្ចេញ​មតិ​ខ្លួនឯង​ដោយ​សេរី នេះ​មិន​មែន​ជា​រូបភាព​ល្អ​ទេ​សម្រាប់​ប្រទេស​កម្ពុជា

សកម្មជន​ប្រាំពីរ​នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​ពួកគេ​បាន​ដាក់​គ្រែ​មួយ​នៅ​ផ្លូវ​មុខ​សាលា​ក្រុង​ភ្នំពេញ ដើម្បី​តវ៉ា​អំពី​ការ​ជន់​លិច​កន្លែង​រស់​នៅ​នៅ​បឹងកក់​របស់​ពួកគេ។ សកម្មជន​បួន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ក្នុង​ពេល​កំពុង​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​សកម្មជន​ប្រាំពីរ​នាក់​ដំបូង។

សកម្មជន​ទាំង​១១​នាក់​ត្រូវ​បាន​កាត់ឲ្យ​ជាប់ទោស​ក្នុង​ពន្ធនាគារ​​រយៈ​ពេល​មួយ​ឆ្នាំ។ កាលពី​ថ្ងៃ​ច័ន្ទ សាលា​ឧទ្ធរណ៍​បាន​តម្កល់​សាល​​​ក្រម​​​ផ្តន្ទាទោស​របស់​ពួកគេ ប៉ុន្តែ​បាន​បន្ថយ​ទោស​សកម្មជន​ប្រាំបួន​នាក់។

លោក បូរិទ្ធិ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប៉ូលិស​មាន​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នោះ ពីព្រោះ​ពួកគេ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​កំពុង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពីព្រោះ​អ្នក​ទាំង​នោះ​បាន​បង្ក​បញ្ហា​ចរាចរណ៍ ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ និង​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​សង្គម

លោក បូរិទ្ធិ ក៏​បាន​ការពារ​ការ​ដាក់​ពន្ធនាគារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​វិច្ឆិកា​ដែរ ទាក់ទិន​នឹង​ការ​ពាក់ព័ន្ធ​របស់​គាត់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ហិង្សា ដែល​បាន​ផ្ទុះ​ឡើង​អំឡុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា ធ្វើ​ឲ្យ​សន្តិសុខ​ខណ្ឌ​មួយ​ចំនួន​រង​របួស។

លោក បូរិទ្ធិ បាន​និយាយ​អំពី​ការ​រិះគន់​ជំុវិញ​ការ​ចាប់​ខ្លួន​លោក សុវណ្ណារ៉ា ថា “​ខ្ញុំ​មិន​យល់។ យើង​មាន​ភ័ស្តុតាង​ជាក់លាក់​ដើម្បី​ចាប់​ខ្លួន​ពួកគេ។ អ្នក​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​លើ​សន្តិសុខ​របស់​យើង​ហើយ…​ត្រូវ​ទេ?”

ក្នុង​សុន្ទរកថា​នៅពិធី​មួយដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការនិងសន្តិភាព​កាលពី​ថ្ងៃ​អង្គារ ខ្លឹមសារ​ដែល​បាន​បង្ហោះ​តាម​វិបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក​នោះ លោក រ៉ូស្សែល មិន​បាន​ថ្លែង​ចំៗ​អំពី​ការ​ចាប់​ខ្លួន​ជាបន្តបន្ទាប់​នោះ​ទេ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​កម្ពុជា​ចង់​បាន​ប្រព័ន្ធ​យុត្តិធម៌​មួយមិន​លម្អៀង។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​ខិតខំ​ថែម​ទៀត​ដើម្បី​បង្ក្រាប​អំពើ​ពុករលួយ និង​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្ស

យើង​សង្ឃឹម​ថា អ្នកដឹកនាំ​កម្ពុជា​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើន​ការ​ប្រឹងប្រែង​ក្នុង​វិស័យ​ទាំង​នេះមានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស