បុរសបីនាក់ដែលត្រូវ សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសកាលពីដើមខែនេះពីបទ ដឹកអាវយឺតដែលមានបោះពុម្ពសារជំរុញប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ បានស្នើសុំឲ្យសាលាឧទ្ធរណ៍ពិនិត្យសេចក្ដីសម្រេចនេះឡើងវិញ នេះបើតាមសម្ដីមេធាវីរបស់ពួកគេបានលើកឡើងកាលពីម្សិលមិញ។
ពួកគេត្រូវបានចោទប្រកាន់ពីបទរារាំងការបោះឆ្នោត និងមានគម្រោងវាយប្រហារមកលើរដ្ឋាភិបាល ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ពីប្រាំឆ្នាំទៅប្រាំមួយឆ្នាំ។
លោក សុក សំអឿន ដែលបានការពារក្តីបុរសទាំងបីនាក់នេះបានមានប្រសាសន៍ថា បណ្តឹងសាទុក្ខនេះ ត្រូវបានប្តឹងកាលពីថ្ងៃច័ន្ទ។
លោកបានមានប្រសាសន៍ថា “ពួកគេបានដាក់បណ្តឹងសាទុក្ខ ពីព្រោះពួកគេមិនពេញចិត្តនឹងសេចក្តីសម្រេចនេះ ហើយពួកគេដឹងថា ពួកគេគ្រាន់់តែចែកអាវយឺតប៉ុណ្ណោះ”។
រដ្ឋាភិបាលបានចោទប្រកាន់បុរស ទាំងបីនាក់នេះថា ជាសមាជិករបស់ចលនាអំណាចពលរដ្ឋខ្មែរ ជាក្រុមប្រឆាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលញុះញង់ឲ្យមានការបះបោរមបណ្តេញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច ហើយបានរៀបចំបោះពុម្ពអាវយឺតទាំងនេះពី ក្រៅប្រទេស។
បុរសពីរនាក់ក្នុងចំណោមបុរសទាំងបីបានសារភាពថា ពួកគេត្រូវបានគេជួលឲ្យដឹកអាវយឺតទាំងនេះ ប៉ុន្តែ ពួកគេទាំងអស់គ្នាមិនមែនជាសមាជិករបស់ចលនានេះទេ ហើយមិនបានប្រព្រឹត្តខុសឆ្គងអ្វីឡើយ។ ជាមួយបុរសទាំងបីនាក់នេះដែរ សាលាដំបូងក៏បានផ្តន្ទាទោសលោក សួន សេរីរដ្ឋា ប្រធានចលនានេះដែលនិរទេសខ្លួនឯងនេះ កំបាំងមុខឲ្យជាប់ពន្ធនាគារប្រាំពីរឆ្នាំ ដោយចោទប្រកាន់ពីបទញុះញង់។
លោក សុក សំអឿន ដែលក៏តំណាងឲ្យលោក សួន សេរីរដ្ឋា ដែរបានមានប្រសាសន៍ថា បន្តឹងសាទុក្ខរបស់គាត់នឹងត្រូវដាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕សារុន