មន្ត្រីម្នាក់បានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចអនុញ្ញាតឲ្យនគរបាលខេត្តបន្តឃុំខ្លួនជនសង្ស័យក្នុងករណីធ្វើគតព្រះសង្ឃព្រះជន្ម៧៦ព្រះវស្សាមួយអង្គកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមន្ត្រីទាំងនោះមិនអាចរកភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ជននេះ។
នគរបាលបានចាប់ខ្លួន ជា សារ៉ាន់ អាយុ៣៣ឆ្នាំ ជាអតីតព្រះសង្ឃនៅវត្តអង្គស្នៀតក្នុងស្រុកសំរោងទង កាលពីព្រឹកថ្ងៃអាទិត្យដោយសង្ស័យថាជាអ្នកធ្វើគតព្រះតេជគុណ មឿង អ៊ំុ គ្រូសូត្រស្តាំគង់នៅវត្តនេះ ខណៈដែលព្រះអង្គកំពុងសម្ដែងធម៌ទេសនា។
លោក សោម បូរ៉ា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានអនុញ្ញាតឲ្យមន្ត្រីរបស់លោកបន្តឃុំខ្លួន ជា សារ៉ាន់ រហូតដល់ម៉ោង៣រសៀលថ្ងៃសុក្រ។
លោក បូរ៉ា បានមានប្រសាសន៍ថា “នេះជាករណីដ៏ធំ ដូច្នេះយើងត្រូវការពេលវេលាបន្ថែមទៀត”។ លោកបានបន្ថែមថា អាជ្ញាធរបានរកមូលហេតុជាច្រើនដែលអាចកើតមានចំពោះការធ្វើគតនេះ ប៉ុន្តែ នៅតែខ្វះភ័ស្តុតាងក្នុងការដាក់បន្ទុកដដែល។ លោកបានសន្និដ្ឋានថា “ជនរងគ្រោះប្រហែលជាជាប់ពាក់ព័ន្ធនឹងអំពើអាបធ្មប់”។
ព្រះតេជគុណ ពេជ្រ ប៉ុន ព្រះចៅអធិការវត្តអង្គស្នៀតបានមានសង្ឃដីកាថា ព្រះអង្គជឿថា ជា សារ៉ាន់ គឺជាមនុស្សស្លូតត្រង់ ពីព្រោះអតីតសង្ឃរូបនេះ ដែលបានចេញពីវត្តកាលពីដើមខែធ្នូ គឺនៅផ្ទះញោមស្រីរបស់ខ្លួននៅពេលមានការធ្វើគតនោះ។
ព្រះគ្រូចៅអធិការមានសង្ឃដីកាបន្ថែមថា ជា សារ៉ាន់ និងបងប្អូនជីដូនមួយរបស់ខ្លួននៅភ្នំពេញកាលពីថ្ងៃសៅរ៍ ប៉ុន្តែ បានធ្វើដំណើរទៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅពេលរសៀល បន្ទាប់ពីញោមស្រីរបស់ខ្លួនបានដួលរងរបួស។
ព្រះតេជគុណ ពេជ្រ ប៉ុន បានមានសង្ឃដីកាថា “អាត្មាទទួលបានការហៅទូរស័ព្ទពី ជា សារ៉ាន់ នៅម៉ោង៩ និង៤នាទីយប់ថ្ងៃសៅរ៍ ទូលអាត្មាថា ព្រះសង្ឃរបស់យើងត្រូវបានគេធ្វើគត។ អាត្មាបានសុំឲ្យគាត់ទៅវត្តអង្គស្នៀត…ដើម្បីរៀបចំកន្លែងដាក់ព្រះសព”។
ព្រះតេជគុណ ពេជ្រ ប៉ុន បានមានសង្ឃដីកាថា តំណាងវត្ត និងមេគណខេត្តកំពង់ស្ពឺនឹងជួបប្រជុំជាមួយនគរបាលបន្ទាប់ពីពិធីបុណ្យសពប្រាំពីរថ្ងៃរបស់ព្រះតេជគុណ មឿង អ៊ុំ រួច ដែលចាប់ផ្តើមនៅថ្ងៃនេះ។
ព្រះតេជគុណបានមានសង្ឃដីកាថា “យើងនឹងពិភាក្សារកមូលហេតុថា តើហេតុអ្វីបានជា ជា សារ៉ាន់ ត្រូវបានឃាត់ខ្លួនលើសពី៤៨ម៉ោង ដោយគ្មានភ័ស្តុតាងណាមួយដាក់បន្ទុកលើគាត់ដូចនេះ”៕សារុន