29 C
Phnom Penh

ម៉ុងតាញ៉ា​១៨​នាក់​ទៀត​ឆ្លងចូល​ខេត្ត​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នក​ភូមិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៨​នាក់​ទៀត​បាន​ឆ្លង​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្ត​រតនគិរី​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដែល​ជា​ក្រុម​ទី​៤​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែ​នេះ។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​រតនគិរី បាន​និយាយ​ថា មនុស្ស​១៨​នាក់​នេះ​កំពុង​ជ្រក​ក្នុង​តំបន់​ព្រៃ​មួយ​កន្លែង នៅ​ស្រុក​អូរយ៉ាដាវ​ក្នុង​ខេត្ត​រតនគិរី។

លោក ធី បាន​និយាយ​ថា “មនុស្ស​ទាំង​នេះ​បាន​មក​ដល់​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​[ថ្ងៃ​ពុធ] ប៉ុន្តែ​យើង​ទើប​បាន​ទទួល​ព័ត៌មាន​នៅ​ម៉ោង​៨​និង​២០​យប់។ ពួកគេ​ឥឡូវ​នេះ​កំពុង​ស្នាក់​នៅ​ក្នុង​តំបន់​សុវត្ថិភាព​មួយ​ក្នុង​ព្រៃ​នោះ”។

អ្នក​ភូមិ​ចារ៉ាយ​ម្នាក់ ដែល​បាន​ជួយ​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​២៧​នាក់​ផ្សេង​ទៀត​ដែល​បាន​ចូល​ប្រទេស​កម្ពុជា​ក្នុង​ពេល​ជាង​បី​ខែ​កន្លង​មក​នេះ បាន​និយាយ​ដែរ​ថា ក្រុម​នេះ​បាន​មក​ដល់​កាលពី​ថ្ងៃ​ពុធ។

អ្នក​ភូមិ​រូប​នេះ ដែល​បាន​សុំ​លាក់​ឈ្មោះ​ព្រោះ​ខ្លាច​ការ​សងសឹក​ពី​អាជ្ញាធរ បាន​និយាយ​ថា “មាន​ពួកគេ​ម្នាក់​ធ្លាប់​មក​ខេត្ត​រតនគិរី​ពីមុន ហើយ​គាត់​បាន​នាំ​អ្នក​ទាំង​នេះ​មក​ទី​នេះ”។

អ្នក​ភូមិ​រូប​នេះ​និយាយ​ថា “អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​បាប​រូប​គាត់​ជា​ខ្លាំង បន្ទាប់ពី​គាត់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ទៅ​ស្រុក​វិញ​កាលពី​ពេល​ថ្មីៗ​នេះ”។

កាលពី​ថ្ងៃ​សៅរ៍ ប៉ូលិស​នៅ​ខេត្ត​រតនគិរី​បាន​បញ្ជូន​ម៉ុងតាញ៉ា​ប្រាំពីរ​នាក់​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ បន្ទាប់ពី​ពួកគាត់​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​ឆ្លង​ព្រំដែន។ ប៉ូលិស​បាន​និយាយ​ថា ម៉ុងតាញ៉ា​ពីរ​នាក់​ផ្សេងទៀត​ត្រូវ​បាន​និរទេស​ទៅ​ប្រទេស​វៀតណាម​កាលពី​ដើម​ខែ​នេះ បន្ទាប់ពី​បាន​ដើរ​ចូល​ទឹក​ដី​កម្ពុជា​ដោយ​ចៃដន្យ។

ម៉ុងតាញ៉ា​១៨​នាក់​នេះ​ជា​ក្រុម​ទី​៤​ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ខែ​នេះ បន្ទាប់ពី​ក្រុម​មួយ​មាន​គ្នា​បី​នាក់​ដែល​បាន​មក​ដល់​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២១​ខែ​មករា ហើយ​បច្ចុប្បន្ន​នាយកដ្ឋាន​ជនភៀស​ខ្លួន​ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ​សំណុំ​បែបបទ។

ពីរ​ក្រុម​ផ្សេងទៀត​ដែល​បាន​ឆ្លងចូល​ខេត្ត​រតនគិរី​កាលពី​ដើម​ខែ​នេះ សរុប​ទាំងអស់​១៤​នាក់ ក្នុង​នោះ​មាន​ក្មេង​ពីរ​នាក់​និង​ទារក​ម្នាក់​ផង សង្ឃឹម​ថា​នឹង​មក​ដល់​ក្រុង​ភ្នំពេញ ប៉ុន្តែ​នៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​នោះ​នៅ​ឡើយ។

ទាំងពីរ​ក្រុម ដែល​កំពុង​ស្នាក់នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ និង​ទទួល​ការ​ជ្រោម​ជ្រែក​ពី​សមាជិក​នៃ​សហគមន៍​ចារ៉ាយ​ក្នុង​ស្រុក និយាយ​ថា ពួកគេ​សង្ឃឹម​ថា អង្គការ​សហ​ប្រជាជាតិ​នឹង​ជួយ​ពួកគេ​ឲ្យ​បាន​មក​ដល់​ក្រុង​ភ្នំពេញ​ដើម្បី​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន។

ទាំង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន ទាំង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ពុធ។

ម៉ុងតាញ៉ា​ ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​នៅ​ផ្តុំ​គ្នា​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​របស់​ប្រទេស​វៀតណាម​ មិន​ត្រូវ​គ្នា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ជា​យូរ​មកហើយ​ទាក់ទិន​នឹង​សិទ្ធិ​សាសនា​និង​សិទ្ធិ​ដីធ្លី។

កាលពី​ឆ្នាំ​២០០១ ក្រុម​ម៉ុងតាញ៉ា​បាន​រៀបចំ​ការតវ៉ា​ធំ​មួយ ដើម្បី​ទាមទារ​សេរីភាព​និង​ការ​ការពារ​ច្រើន​ឡើង ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​បាន​បង្ក្រាប​ការ​តវ៉ា​នោះ​យ៉ាង​ហិង្សា។ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​បន្ទាប់មក មាន​មនុស្ស​ប្រហែល​២.០០០​នាក់​បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​កម្ពុជា។ ពួកគេ​មួយ​ចំនួន​បាន​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​បរទេស ភាគច្រើន​នៅ​ក្នុង​រដ្ឋ ណ័រ ខារ៉ូឡាយណា ប៉ុន្តែ​អ្នក​ផ្សេងទៀត​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ដែល​នៅ​ទីនោះ​តាម​សេចក្តី​រាយការណ៍​ថា ពួកគេ​ត្រូវ​ជាប់​គុក​និង​ទទួល​រង​ទារុណកម្ម៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស