មេឃុំត្រពាំងជោបានឲ្យដឹងកាលពីម្សិលមិញថា ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅពេលគ្រាប់មិនទាន់ផ្ទុះបានផ្ទុះចេញពីក្រោមគំនរសំរាមដែលកំពុងឆេះនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃអាទិត្យ។
លោក ផុង ធី មេឃុំត្រពាំងជោបានលើកឡើងថា ក្មេងស្រីរូបនេះកំពុងស្ទូចត្រី និងដើរចាប់កង្កែបនៅបឹងមួយក្នុងព្រៃជាមួយក្មេងចំនួនពីរនាក់ផ្សេងទៀត នៅពេលពួកគេបានឃើញមានការឆាបឆេះកើតឡើង។
លោក ផុង ធី បានមានប្រសាសន៍ថា ” នៅពេលពួកគេបានឃើញភ្លើងឆេះ ក្មេងស្រីរងគ្រោះបានឈរតែម្នាក់ឯង ហើយព្យាយាមពន្លត់ភ្លើងដែលឆេះនេះ ប៉ុន្តែក្មេងពីរនាក់ផ្សេងទៀតមិនបាននៅក្បែរនោះឡើយ។ នៅកន្លែងដែលក្មេងស្រីរងគ្រោះបានឈរគឺមានគ្រាប់មិនទាន់ផ្ទុះ ហើយភ្លើងដែលឆេះនេះបានធ្វើឲ្យគ្រាប់មិនទាន់ផ្ទុះក្ដៅឡើងៗរហូតទាល់តែផ្ទុះតែម្ដង។ ជនរងគ្រោះបានស្លាប់ភ្លាមៗ ប៉ុន្តែសំណាងល្អណាស់ដែលក្មេងពីរនាក់ផ្សេងទៀតមិននៅក្បែរ”។
មេឃុំរូបនេះបានលើកឡើងទៀតថា មានស្លាកសញ្ញានៅក្នុងតំបន់ព្រៃប្រាប់ឲ្យដឹងថា គ្រាប់មិនទាន់ផ្ទុះនៅមិនទាន់ដោះអស់នៅឡើយទេ ប៉ុន្តែអ្នកភូមិជារឿយៗមិនចាប់អារម្មណ៍ឡើយ។
លោកបានមានប្រសាសន៍បន្ថែមថា “អ្នកភូមិត្រូវការកន្លែងនេះជារៀងរាល់ថ្ងៃ ដើម្បីធ្វើស្រែ និងរកត្រី ហេតុដូច្នេះខ្ញុំសង្ឃឹមថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង ពួកគាត់នឹងឈប់ឆ្លងកាត់កន្លែងដែលមានស្លាកសញ្ញានេះ”៕ ស៊ុយឈាង

