27 C
Phnom Penh

កូន​ប្រុស​របស់​លោក​ សុខ អាន ត្រូវ​បាន​តែង​តាំង​ជា​តំណាង​រាស្ត្រ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ឈាង វុន អ្នក​នាំពាក្យ​​រដ្ឋសភា​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​ បាន​តែង​តាំង​​លោក​ សុខ សុកាន ​កូន​ប្រុស​របស់​លោក​​ឧបនាយករដ្ឋ​មន្ត្រី សុខ អាន ជា​តំណាង​រាស្ត្រ​ថ្មី​សម្រាប់​មណ្ឌល​ខេត្ត​តាកែវ ជំនួស​លោក សូរ ឃុន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ដែល​បាន​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​នេះ​។

តំណាង​រាស្ត្រ​ជាន់​ខ្ពស់​​រូប​នេះ​​បាន​​មាន​ប្រសាសន៍​ថា ឋានៈ​ជា​តំណាង​រាស្ត្រ​​​របស់​​លោក​ សុខ សុកាន នឹង​ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​សម័យ​ប្រជុំ​លើក​ក្រោយ​នៅ​​ថ្ងៃទី​១ ខែ​មេសា។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា ​បេក្ខភាព​ពីរ​រូប​ទៀត​មកពី​គណបក្ស​ប្រជាជន​កម្ពុជាសម្រាប់​មណ្ឌល​ខេត្ត​តាកែវ​ ​​​មាន​លេខរៀង​នៅ​លើ​លោក​ សុខ សុកាន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៣ ប៉ុន្តែ​​បេក្ខភាព​ទាំង​ពីរ​រូប​នោះ​បាន​បដិសេធ​មិន​ព្រម​ទទួល​យក​មុខ​តំណែង​នេះ​ទេ។

លោក​បាន​​បញ្ជាក់​ដូច្នេះ​ថា “ទី២​គាត់​ជា​យុវជន​មាន​ទេព​កោសល្យ​ ហើយ​គណកប្ស​ប្រជា​ជន​កម្ពុជា​​បន្ទាប់ពី​សមាជ​បក្ស​​ដែល​ជំរុញ​ឲ្យ​យុវជន​ចូល​រួម​នៅ​ក្នុង​មុខ​តំណែង​ថ្នាក់​ដឹកនាំ​ក្នុង​ជួ​របក្ស និង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​និតីប្រតិបត្តិ​។ ដូច្នេះ​​គាត់​គឺ​ជា​បេក្ខភាព​ស័ក្ដិសម​បំផុត​​សម្រាប់​ការ​ជំនួស​​មុខ​តំណែង​នេះ​ ព្រោះ​​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ដល់​ឱកាស​សម្រាប់​​យុវជន​​បញ្ចេញ​​សមត្ថភាព​របស់​ពួកគេ​”។

សូម​បញ្ជាក់​ថា ឧបនាយករដ្ឋមន្ត្រី​​ សុខ អាន ដែល​ជា​ឪពុក​របស់​លោក​ សុខ សុកាន គឺ​​ជា​ទីប្រឹក្សា​​មួយ​រូប​​ក្នុង​ចំណោម​​ទីប្រឹក្សា​ជំនិតៗ​បំផុត​របស់​លោក​ ហ៊ុន សែន ចាប់​តាំងពី​​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក ហើយ​បច្ចុប្បន្ន​​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី៕ សុខុម​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស