អ្នកបើកបររថយន្តក្រុងសាធារណៈប្រហែល១០នាក់បានតវ៉ានៅមុខស្ថានីយរថយន្តក្រុងចំណតផ្សាររាត្រីកាលពីព្រឹកមិញនេះ ដើម្បីទាមទារការដំឡើងប្រាក់ខែ។
លោក ទៀង គឹមសាន ជាអ្នកបើករថយន្តក្រុងម្នាក់បាននិយាយថាលោកនិងអ្នកបើកបរដទៃទៀតបានទាមទារការឡើងប្រាក់ខែ ពីព្រោះសាសាក្រុងភ្នំពេញខកខានមិនបានដំឡើងប្រាក់ខែឲ្យពួកគាត់ពី ២៨០ ទៅ ៣០០ ដុល្លារ តាមការសន្យានោះទេ។
លោក គឹមសាន ដែលបានបើករថយន្តក្រុងរយៈពេល៥ខែមកហើយនោះបានបន្តថា លោកទទួលបាន ១៨០ ដុល្លារអាមេរិកក្នុងមួយខែ។ លោកបានបន្ថែមថា “យើងធ្វើការដើម្បីជីវភាពប្រសិន បើយើងហូបមិនឆ្អែតផង ត្រូវតែតវ៉ា ៉។
លោក ឡុងឌីម៉ង អ្នកនាំពាក្យសាលាក្រុងបានមានប្រសាសន៍ថា ការដំឡើងប្រាក់ខែមិនទាន់អាចធ្វើទៅបាននៅឡើយទេ ដោយសារតែសេវារថយន្តក្រុងមិនទាន់ចំណេញ។ លោក ឌីម៉ង បានមានប្រសាសន៍ថា “យើងមិនទាន់ចំណេញទេ បើសិនជាចំណេញយើងនឹងពិចារណាដំឡើងឲ្យពួកគាត់”។