26 C
Phnom Penh

លោក​ ប៉ែន សុវណ្ណ​ ត្រឡប់​មក​ពី​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​វិញ​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា លោក ប៉ែន សុវណ្ណ សមាជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជាអតីត​នាយក​រដ្ឋមន្ត្រី​ កាល​ពី​ម្សិលមិញ​បាន​ត្រឡប់​​ពី​ប្រទេស​សិង្ហបុរី​មក​ដល់​​ប្រទេស​កម្ពុជា​វិញ​ហើយ ដែល​លោក​បាន​​ទៅ​ព្យាបាល​ជំងឺ​ដាច់​សរ​សៃ​ឈាម​​ក្នុង​ខួរ​ក្បាល​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះដែល​​ឥឡូវ​នេះ​បាន​ស្លាប់​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាង​ស្ដាំនោះ​ ទទួល​ការ​ព្យាបាល​​បន្ថែម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​​បាន​មាន​ប្រសាសន៍​ថា “គាត់​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជានៅ​ព្រឹក​នេះ ហើយ​បាន​​ទៅ​ព្យាបាល​បន្ត​នៅ​​មន្ទីរ​ពេទ្យ​ឯក​ជន ហើយ​រយៈ​ពេល​ប្រហែល​១សប្ដាហ៍​ គាត់​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ យើង​​អាច​ជួយ​សង្គ្រោះ​ជីវិត​គាត់​បាន ប៉ុន្តែ​​គាត់​នៅ​តែ​មិន​អាច​ដើរ​បាន ហើយ​គាត់​នៅ​ដេក​នៅ​ឡើយ​”។

ដោយ​ឡែក​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​កាលពី​ឆ្នាំ​២០០០ នឹង​ត្រឡប់​​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​នេះ ដែល​លោក​​បាន​ទៅ​ពិនិត្យ​​ជំងឺ​នៅ​ប្រទេស​វៀត​ណាម នេះបើតាម​ប្រធាន​អង្គរក្ស​របស់​លោក​បាន​លើក​ឡើង។

លោក យឹម លាង បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “គាត់​គ្រាន់​បើ​ហើយ ហើយ​គាត់​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ស្អែក​”។

យោង​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ជំងឺ​របស់​លោក​ ជា ស៊ីម បាន​ធ្វើ​ឲ្យ​លោក និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ដែល​បាន​​ទៅ​មើល​ថែប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ខក​ខាន​មិន​បាន​ចូល​រួម​សមាជ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​មុន​៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស