កាលពីថ្ងៃសុក្រ វត្តសាមគ្គីរង្សី ដែលស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសាលារាជធានីជុំវិញ “សកម្មភាពប្រឆាំងរដ្ឋាភិបាល” បានស្នើសុំឲ្យគណៈកម្មការចំនួនបីនៃរដ្ឋសភាចូលរួមជាមួយមន្ត្រីសាលារាជធានីនៅក្នុងការចុះធ្វើអធិការកិច្ចវត្តនេះនៅរសៀលថ្ងៃអង្គារ។
ព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការស្តីទីវត្តសាមគ្គីរង្សី ដែលជឿថា ការចុះធ្វើអធិការកិច្ចនេះមានបំណងបំភិតបំភ័យ បានមានសង្ឃដីកាថា “អាត្មាបានផ្ញើលិខិតដើម្បីស្នើសុំឲ្យគណៈកម្មការទី១ [ទទួលបន្ទុកសិទ្ធិមនុស្ស] គណៈកម្មការទី៧ [ទទួលបន្ទុកកិច្ចការសាសនា] និងគណៈកម្មការទី១០ [ទទួលបន្ទុកអំពើពុករលួយ] ឲ្យចូលរួមការធ្វើអធិការកិច្ចនេះ។ អាត្មាគិតថា នេះគឺគ្រាន់តែជាលេស ដើម្បីគំរាមព្រះសង្ឃ និងអ្នករស់នៅក្នុងវត្តកុំឲ្យចូលរួមក្នុងសកម្មភាពសង្គមដូចជាបាតុកម្ម និងការតវ៉ាទាមទាររកយុត្តិធម៌ប៉ុណ្ណោះ”។
ក្រោយពីមានករណីសាមណេរចាក់សម្លាប់ភិក្ខុមួយអង្គនៅវត្តសាមគ្គីរង្សីកាលពីខែមុន សាលារាជធានីបានបង្កើតគណៈកម្មការមួយដើម្បីសើុបអង្កេតវត្តនេះ ដែលជាវត្តមួយក្នុងចំណោមវត្តចំនួនតូចនៅក្នុងរាជធានីដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ហើយវត្តនេះល្បីខាងផ្តល់ជម្រកស្នាក់នៅដល់អ្នកតវ៉ាប្រឆាំងការបណ្តេញចេញដែលមកតាមបណ្តាខេត្ត។ មន្ត្រីបានចោទប្រកាន់ព្រះសង្ឃគង់នៅវត្តនេះថា បានរៀបចំផែនការអបគមន៍ ហើយបានគំរាមបិទវត្តនេះចោល៕សុខុម