32.9 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​​ច្រានចោល​របាយការណ៍ស្តីពីការ​ឃុប​ឃិត​កាប់ឈើ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក អ៊ុក​​​ រ៉ាប៊ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម រុក្ខា​​​ប្រមាញ់ និង​​​នេសាទ​​​បាន​​​ច្រាន​​​ចោល​​​លទ្ធផល​​​នៃ​​​របាយការណ៍​​​ថ្មី​​​របស់​​​អង្គការ​​​ក្លូបល​​​វីតណេស ដែល​​​ភ្ជាប់​​​រដ្ឋាភិបាល​​​​​​​​ក្នុង​​​ប្រតិបត្តិការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក ទ្រី ភាព ដោយ​​​អះ​​​អាង​​​ថា អង្គ​ការ​​​សិទ្ធិ​​​បរិស្ថាន​​​អង់គ្លេស​នេះ​​​​ដឹង​​​តិច​​​តួច​​​ពី​​​ច្បាប់​​​នាំ​​​ចេញ​​​របស់​​​ប្រទេស​​​កម្ពុជា​​​តែ​​​ប៉ុណ្ណោះ ។

នៅ​​​ក្នុង​​​របាយការណ៍​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ការ​​​សើុប​​​អង្កេត​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ខែ​​​ ស៊ីជម្រៅ​​​ និង​​​សម្ងាត់​​​ផ្អែក​​​លើ​​​ការ​​​សម្ភាស​​​ និង​​​ការ​​​រៀប​​​រាប់​​​របស់​​​សាក្សី​​​ជា​​​ច្រើន​​​​​​  អង្គការ​​​ក្លូបល​​​វីតណេស​​​បាន​​​លើក​​​ឡើ​​​ងពី​​​ច្បាប់​​​របស់​​​ប្រទេស​​​កម្ពុជា​​​ស្តី​​​ពី​​​ការ​​​កាប់​​​ឈើ​​​ និង​​​ការ​​​នាំចេញ​​​ ហើយ​​​បាន​​​ពន្យល់​​​ពីវិធី​​​ជា​​​ច្រើន​​​ដែល​​​ខ្លួន​​​បាន​​​ឃើញ​​​ក្រុមហ៊ុន​​​របស់​​​លោក ទ្រី​​​ ភាព រំលោភ​​​ច្បាប់ជាមួយនឹង​និទណ្ឌភាព​។

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​បន្ទាប់​​​ពី​​​ជំនួប​​​បិទ​​​​​​ទ្វារ​​​រយៈ​​​ពេល​​​បី​​​ម៉ោង​​​ជា​​​មួយ​​​គណៈ​​​កម្មការ​​កសិកម្ម​​​រដ្ឋសភា​​​ លោក អ៊ុក រ៉ា​​​ប៊ុន បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​នេះ មិន​​​អើ​​​ពើនឹង​ច្បាប់​​​ដែល​​​កំណត់​ពីអ្វី​​​ប្រទេស​​​កម្ពុជា​​​អាច​​​ ឬ​​​មិន​​​អាច​​​បញ្ជូន​​​ទៅ​​​ក្រៅ​​​ប្រទេស​​​។

ដោយ​​​មិន​​​បក​​​ស្រាយ​​​លម្អិត​​​ លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​របស់​​​យើង​​​មាន​នីតិវិធីច្បាស់​​​លាស់​​​ក្នុង​​​ការ​​​នាំ​​​ឈើ​​​ចេញ ប៉ុន្តែ  អង្គការ​​​ក្លូបល​​​វីតណេស​​​មិន​​​ដឹង​​​អំពី​​​នីតិវិធី​​​នេះ​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​បាន​​​ឃុប​​​ឃិត​​​ជា​​​មួ​​យ​​​ក្រុមហ៊ុន​​​របស់​​​លោក ទ្រី ភាព ដើម្បី​​​នាំ​​​ឈើ​​​ចេញ​​​ឡើយ។ យើង​​​មាន​​​នីតិ​​​វិធី​​​ច្បាស់​​​លាស់​​​។ ប្រសិនបើ​​​យើង​​​ឃុប​​​ឃិតមែន​​​ ពួក​​​គេ​​​នឹង​​​មិន​​​អាច​​​​​​​​​​​​​​​​​​ថត​​​រូប​​​រថយន្ត​​​នៅ​​​កំពង់​​​ផែ ឬ​​​រថយន្ត​​​ដឹក​​​ឈើ​​​បាន​​​ឡើយ​​​”។

របាយការណ៍​​​របស់​​​អង្គការ​​​ក្លូបល​​​វីតណេស​​​អម​​​ដោយ​​​រូប​​​ថត​​​ដែល​​អ្នកស្រាវ​​​ជ្រាវ​​​របស់​​​ខ្លួន​​​បាន​​​ថត​​​នៅ​​​ដេប៉ូ​​​របស់​​​លោក ទ្រី ភាព និង​​​កុងតឺន័រ​​​របស់់គាត់នៅ​​​កំពង់​​​ផែ​​​ស្វយ័ត​​​ក្រុង​​​ព្រះ​​​សីហនុ ពេញដោយ​​​ឈើ​​​គ្រញូង​​​​​​។

ការ​ប្រមូល​ឈើ​​​គ្រញូង​​នៅ​​​ក្នុង​​​ព្រៃ​​​ធម្មជាតិ​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១៣​​​មក​​​ រដ្ឋាភិបាល​​​បាន​​​តម្រូវ​​​ឲ្យ​​​មាន​​​អាជ្ញាប័ណ្ណ​​​ពិសេស​​​សម្រាប់​​​ការ​​​នាំ​​​ចេញ​​​ក្នុង​​​ទម្រង់​​​បែប​​​បទ​​​ដែល​​​មិនមែន​​​ជា​​​នីតិវិធី​​​។ បើ​​​ទោះ​​​ណា​​​ជា​​​មាន​​​ភ័ស្តុ​​​តាង​​​ថ្មី​​​ពី​​​របាយ​ការណ៍​​​ឈើ​​​គ្រញូង​​​​​​ត្រៀម​​​ដឹកចេញ​ពីក្រុង​​​ព្រះ​​​សីហនុ​​​ក៏​​​ដោយ​​​ ក៏​​​រដ្ឋាភិបាល​​​មិន​​​បាន​​​ចេញ​​​អាជ្ញាប័ណ្ណ​​​សម្រាប់​​​ការ​​​នាំ​​​ចេញ​​​ឡើយ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១៣​​​មក​​​។

អ្នក​​​ស្រាវ​​​ជ្រាវ​​​របស់​​​អង្គការ​​​ក្លូបល​​​វីតណេស​​​ក៏​​​បាន​​​ឃើញ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ ទ្រី ភាព នាំ​ឈើចេញ​​ ទទឹង​​ជាង​​​២៥សង់ទីម៉ែត្រ​​​ ជា​​​ការ​​​រំលោភ​​​ច្បាប់​​​នាំ​​​ចេញ​​​របស់​​​កម្ពុជាដែរ​​​​។

លោក អេង ឆៃអ៊ាង សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​កសិកម្ម​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក អ៊ុក​​​ រ៉ាប៊ុន ត្រូវ​​​បាន​​​គណៈកម្មការ​​​របស់​​​លោក​​​សុំ​​​ឲ្យ​​​ជួយ​​​ដល់​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ឯកជន​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​ករណី​​​រឿង​​​ក្តី របស់​​​គាត់​​​នៅ​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​។

លោក អ៊ុក រ៉ាប៊ុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ណែនាំ​​​ឲ្យ​​​ក្រុម​​​ជន​​​ជាតិ​​​ដើម​ភាគ​​​តិច​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​សហគមន៍​​​ ដែល​​​កំណត់​​​ជា​​​ពិសេស​​​ដើម្បីការ​​​ពារ​​​ដី​​​ដូន​​​តា​​​របស់​​​ខ្លួន​​​ពី​​​ក្រុមហ៊ុន​​​ឯកជន ហើយ​​​ថា រដ្ឋាភិបាល​​​បាន​​​រំឭក​​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​ជាប់​​​មិន​​​ដាច់​​​កុំ​​​ឲ្យ​​​រាន​​​ដី​​​ដែល​​​មាន​​​វិវាទ​​​។

ទោះជាយ៉ាងណា រដ្ឋាភិបាល​​​បាន​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​សហគមន៍​​​​​មួយ​​​ចំនួន​​​តូច​​​តែ​​​ប៉ុណ្ណោះ​​​ចាប់​​​តាំង​​​ពី​​​មាន​ជម្រើស​​​នេះ​​​ជាង​១២​​​ឆ្នាំ​​​មក​​​ហើយ​​​នោះ ហើយ​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​ឯកជន​​​តែង​​​តែ​​​រាន​​​ដី​​​ដែល​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដោយ​​​អ្នក​​​ភូមិ​​​​​​ក្នុង​​​មូល​​​ដ្ឋាន៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស