26 C
Phnom Penh

តុលាការ​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ​៤៧​គ្រួសារ​ប្រគល់ដី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ យូឌីជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ច្បាប់​ចម្លង​នៃ​សេចក្តី​សម្រេច​របស់​តុលាការ​ដែល​ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា​ តុលាការ​ខេត្ត​កោះកុង​បាន​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ​៤៧​គ្រួសារ​ដែលជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ China’s Union Development Group (UDG) ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ជាបន្ទាន់។

ក្រុមហ៊ុន យូឌីជី បាន​បណ្តេញ​ប្រជាពលរដ្ឋ​ប្រហែល១.០០០​គ្រួសារ​រួចហើយ​ចេញពី​ដី​ទំហំ​៤៥.០០០​ហិកតា​នៅ​ខាង​ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ ដែល​ខ្លួន​បាន​និង​កំពុង​អភិវឌ្ឍ​ឲ្យ​ទៅជា​កន្លែង​ទេសចរណ៍​អស់​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​តាំងពី​ឆ្នាំ​២០១០​មក។ ប្រជា​ពលរដ្ឋ​៤៧​គ្រួសារ​នេះ​ដែល​មាន​ឈ្មោះ​ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ បាន​បន្ត​ការពារ​ខ្លួន ដោយ​អះអាង​ថា បាន​និង​កំពុង​រស់នៅ​និង​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នោះ​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។

សេចក្តី​សម្រេច​ថ្ងៃទី​២​ខែ​កុម្ភៈ ដែល​ចុះ​ហត្ថលេខា​ដោយ​អនុ​ប្រធាន​តុលាការ​ខេត្ត លោក ឆេង ប៊ុនលី បាន​ចេញ​តែ​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន យូឌីជី ប្តឹង​គ្រួសារ​ទាំង​នោះ។

តុលាការ​បង្គាប់​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​នោះ​ “រើ​ផ្ទះ​សំបែង​និង​របង​របស់​អ្នក និង​យក​សម្ភារ​ទាំងអស់​ចេញ​ពី​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ យូឌីជី” និង​បដិសេធសិទ្ធិ​ជាម្ចាស់​ផ្សេង​ទៀត​របស់​ពួកគេ ក្នុង​នោះ​មាន​ទាំង​សិទ្ធិ​លក់ ឬ ជួល​ដី​ផងដែរ។

សេចក្តី​បង្គាប់​មាន​ខ្លឹមសារ​ថា “សេចក្តី​សម្រេច​នេះ​មាន​ប្រសិទ្ធភាព​អនុវត្ត​ភ្លាមៗ បើទោះជា​មាន​បណ្តឹង​តវ៉ា​ក៏ដោយ។ សេចក្តី​សម្រេច​នេះ​បើក​ផ្លូវ​ប្តឹង​តវ៉ា​តាម​កំណត់​ច្បាប់”។

លោក ស៊ីម គីមសាន ដែល​គ្រួសារ​របស់​លោក​ស្ថិត​នៅ​ក្នុង​ចំណោម​៤៧​គ្រួសារ​មាន​ឈ្មោះ​ក្នុង​សេចក្តី​បង្គាប់​នោះ បាន​និយាយ​ថា គាត់​រស់​នៅ​កន្លែង​នោះ​តាំងពី​ឆ្នាំ១៩៨៤​មក ហើយ​មិន​ធ្វើ​តាម​សេចក្តី​សម្រេច​នេះ​ទេ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បដិសេធ​សេចក្តី​សម្រេច​របស់​តុលាការ ពីព្រោះ​វា​ជា​ដី​របស់​ខ្ញុំ។ ខ្ញុំ​ចង់​សួរ​ថា តើ​ខ្ញុំ​បាន​លក់​ដី​របស់​ខ្ញុំ​ឲ្យ​ក្រុមហ៊ុន​ពីកាលណា? ខ្ញុំ​មិន​ដែល​បាន​លក់​ដី​របស់​ខ្ញុំ​ឲ្យ​ក្រុមហ៊ុន​ទេ”។

លោក​បាន​បន្ថែម​ថា “តុលាការ​អយុត្តិធម៌។ តុលាការ​មាន​ជញ្ជីង ប៉ុន្តែ​តុលាការ​មិន​ដឹង​របៀប​ប្រើ​ជញ្ជីង​ទេ។ ថាស​ជញ្ជីង​ម្ខាង​គេ​ដាក់​ថ្ម ប៉ុន្តែ​ថាស​ម្ខាង​ទៀត គេមិន​ដាក់​សាច់”។

លោក គីមសាន បាន​និយាយ​ថា ប្រជាពលរដ្ឋ​៤៧​គ្រួសារ​នេះ​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត​នៅ​ថ្ងៃ​ពុធ​ដើម្បី​តវ៉ា​ប្រឆាំង​សេចក្តី​សម្រេច​នេះ។

លោក អិុន គង់ចិត្រ​​​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​​​លីកាដូ​​​ប្រចាំ​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍​ថា ពីមុន​តុលាការ​បាន​ច្រាន​ចោល​បណ្តឹង​ចំនួន​ពីរ​ពី​គ្រួសារ​ទាំង​នេះ ដែល​ស្នើ​ឲ្យ​តុលាការ​បង្គាប់​ក្រុមហ៊ុន យូឌីជី កុំ​ឲ្យ​បណ្តេញ​ពួកគាត់ ម្តង​នៅ​ចុង​ឆ្នាំ​២០១៣ និង​ម្តង​ទៀត​នៅ​ដើម​ឆ្នាំ​២០១៤។

លោក​បាន​និយាយ​ថា “យើង​បាន​ឃើញ​ថា តុលាការ​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​ចិន ពីព្រោះ​ពេលដែល​ក្រុម​អ្នក​ភូមិ​ប្តឹង​ទៅ​តុលាការ​ស្នើ​សុំ​ដីកា​រក្សា​ការពារ តុលាការ​ច្រាន​ចោល។ ប៉ុន្តែ​ពេល​ដែល​ក្រុមហ៊ុន​ចិន​ប្តឹង​វិញ តុលាការ​ចេញ​សេចក្តី​បង្គាប់”៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស