34 C
Phnom Penh

ក្រសួង​​​ពាក់​​​ព័ន្ធ​​​មិន​​​ទាន់​​​កំណត់​​​ពេល​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ស៊ីន​​​ទ្រីនៅ​​​ឡើយ​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា​​​ ក្រសួងបរិស្ថាន​​​មិន​​​ទាន់​​​បានកំណត់​​​ពេល​​​វេលា​​​​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​សើរើ​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​របស់​​​ក្រុម​​​ហ៊ុន​​​ស៊ីនទ្រី​​​ក្នុង​​​ការ​​​ប្រមូល​​​សំរាមសម្រាប់​​​រយៈ​​​ពេល​​​​​​២៥​​​ឆ្នាំ​​​បន្ត​​​ទៀតនៅ​​​ឡើយ​​​ទេ ​​​ក្រោយ​​​ពី​​​ក្រុមហ៊ុន​​​ប្រមូលសំរាម​​​មួយនេះមាន​​​បញ្ហា​​​ជា​​​ច្រើននោះ។

លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន​មិន​ទាន់​កំណត់​ពេល​វេលា​ដើម្បី​ជួប​ប្រជុំ​ជាមួយ​​​ក្រសួង​​​ពាក់​​​ព័ន្ធ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ដែល​​​ទាក់ទង​នឹង​ក្រុមហ៊ុន​ស៊ីនទ្រី​នៅឡើយ​ទេ។

កាល​​​ពី​​​សប្តាហ៍​​​មុន គណៈ​​​រដ្ឋ​​​ម​​ន្ត្រីបាន​​​ប្រកាស​​​នៅក្នុង​​​លិខិត​​​មួយ​​​ថា​​​​​​ ខ្លួនពិចារណា​​​ឲ្យមាន​​​ការ​​​លុប​​​ចោល​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​របស់​​​ក្រុម​​​ហ៊ុន​​​ស៊ីនទ្រី​​​ក្នុង​​​ការ​​​ប្រមូល​​​សំរាម ​​​ដោយសារ​​​តែ​​​ក្រុមហ៊ុន​​​​​​​​​នេះ មិនមាន​​​លទ្ធភាព​​​គ្រប់គ្រាន់​​​ក្នុងការ​​​ពង្រឹង​​​និង​​​ពង្រីក​​​​​​ប្រតិបត្តិការ​​​​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ការ​​​ប្រមូល​​​និង​​​ដឹក​​​ជញ្ជូន​​​សំរាម​​​ និង​​​សំណល់រឹង​​​នៅក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលាក្រុង​បាន​មាន​ប្រសាសន៍​ថា សាលាក្រុង​ក៏​​​មិន​ទាន់​មាន​គម្រោង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនស៊ីនទ្រី​នៅឡើយ​ទេ គឺ​ទុក​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដោះ​ស្រាយ​ជាមុន​សិន។ លោក ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា “យើង​ទុកសិទ្ធិ​ឲ្យ​ក្រសួង​បរិស្ថាន​និង​ក្រសួង​មហាផ្ទៃ​ធ្វើ​រឿង​នេះ​សិន”។

សាលា​​​ក្រុង​​​ភ្នំពេញ​​​ក៏បាន​​​គំរាមកំហែងជា​​​ច្រើន​​​លើក​​​ច្រើន​​​សាចង់​​​សើរើ​​​កិច្ច​​​សន្យា​​​របស់​​​ក្រុម​​​ហ៊ុន​​​ប្រមូល​​​សំរាម​​​នេះផង​​​ដែរ ហើយ​​​កាលពី​​​ខែមិថុនា​​​ សាលាក្រុង​​​បាន​​​បង្ខំ​​​ចិត្ត​​​ប្រើ​​​កង​​​​​​សន្តិសុខ​​​របស់ខ្លួនក្នុងការ​​​ប្រមូល​​​សំរាមដែលនៅគរចោល ​​​ក្នុង​​​ពេ​​​ល​​​ដែល​​​អ្នក​​​បើក​​​ឡាន​​​ដឹក​​​សំរាម​​​បាន​​​ធ្វើ​​​កូដ​​​កម្មនោះ​​​។

ប៉ុន្តែ ក្រុមហ៊ុន​​​ប្រមូល​​​សំរាម​​​ស៊ីនទ្រីបាន​​​អះអាង​​​ថា ខ្លួន​​​មាន​​​សមត្ថភាព​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ប្រមូលសំរាម​​​នៅក្នុង​​​ទី​​​ក្រុង​​​ភ្នំពេញ​​​ ប៉ុន្តែ​​​​​​ជួប​​​បញ្ហ​​​​​​យឺត​​​យ៉ាវ​​​ខ្លះក៏​​​ដោយសារ​​​តែ​​​បញ្ហាមួយ​​​ចំនួន ​​​រួម​​​មានការ​​​កក​​​ស្ទះ​​​ចរាចរណ៍ និង​​​ការ​​​ចត​​​រថយន្ត​​​ឥតសណ្តាប់ធ្នាប់នៅ​​​តាម​​​ដងផ្លូវ​​​នា​​​នា​​ជា​​​ដើម​​​។

លោក សេង សាវី អគ្គលេខាធិការ​ក្រុមហ៊ុន​ស៊ីនទ្រី បាន​មាន​ប្រសាសន៍​ថា “កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខ្ញុំ​មាន​បញ្ហា​ក្នុង​ការ​ប្រមូល​សំរាម ទី១​ការ​ស្ទះ​ចរាចរណ៍ ទី២​ការ​ចតឡាន​ពាសពេញ​ផ្លូវ ទី​៣មិន​មាន​កន្លែង​ស្តុក​សំរាម​នៅ​តាម​មូលដ្ឋាន ទី៤​សាលា​រាជធានី​ភ្នំពេញ​ជួសជុល​ផ្លូវ​ច្រើន ដូច្នេះ​ធ្វើ​ឲ្យ​ឡាន​ក្រុមហ៊ុន​ខ្ញុំ​ពិបាក​ប្រមូល​សំរាម”។ លោក សាវី បាន​សួរ​ថា “តើមាន​ចំណុច​ណាខ្លះ​ដែលថា​ក្រុមហ៊ុន​ស៊ីនទ្រី​មិន​ប្រមូល​សំរាម​ក្នុង​ក្រុង?”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស