27 C
Phnom Penh

ប្រធាន​សាលាដំបូង​រាជធានី​​ដែល​ត្រូវ​​ដក​ចេញពី​តំណែង​​ ទទួល​បាន​​តំណែង​ថ្មី​ក្នុង​ក្រសួង​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​បណ្ដេញចេញ​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ចំពេល​មាន​ការ​អះអាង​អំពី​​ករណី​​ពុក​រលួយ​យ៉ាង​រាល​ដាល​នៅ​ក្នុង​សាលា​ដំបូង​មួយ​នេះនោះ ទទួល​បាន​​មុខតំណែង​ថ្មី​​មួយ​នៅ​ក្នុង​ក្រសួង​យុត្តិធម៌​ អំឡុង​ពិធី​​ចូល​កាន់​មុខ​តំណែង​ជំនួស​លោក​កាលពី​ម្សិលមិញ។front

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ការ​បណ្ដេញ​​លោក អាំង មាលតី ​ចេញ​ពី​តំណែង​ភ្លាមៗ​កាលពី​ថ្ងៃអង្គារ ពោល​គឺមិន​ដល់​រយៈ​ពេល​១ឆ្នាំ​ផង​បន្ទាប់ពី​ទទួល​បាន​ការ​តែង​តាំង​ជា​​ប្រធាន​សាលា​ដំបូង​រាជ​ធានី​​នេះ​​ បាន​អនុវត្ត​តាម​អ្វី​ដែល​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​រិះគន់​ខ្លាំងៗ​អំឡុង​សុន្ទរកថារបស់​លោក​​​កាលពី​ព្រឹក​នោះ។

នៅ​ឯពិធី​មួយ​​ក្រោម​អធិបតីភាព​របស់​​លោក អង្គ វង្សវឌ្ឍានា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាលពី​រសៀល​​ម្សិលមិញ តំណែង​របស់​លោក អាំង មាលតី ជា​ប្រធាន​សាលា​ដំបូង​រាជធានី​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ចៅក្រម តាំង ស៊ុនឡាយ ដែល​ជា​អនុប្រធាន​របស់​លោក។

លោក អំាង មាលតី បានថ្លែង​សុន្ទរកថា​​បើក​ពិធី​នេះ​ដោយ​រាយការណ៍​ពី​សកម្មភាព​របស់​សាលា​ដំបូង​រាជធានី​ ចាប់​តាំង​ពី​លោក​​ទទួល​បាន​ការ​តែង​តាំង​ជា​ប្រធាន​សាលា​ដំបូង​កាលពី​ខែ​មេសា​មក ដោយគូស​បញ្ជាក់​ថា តុលាការ​នេះ​​បាន​​ស៊ើបអង្កេត​​បទ​ឧក្រិដ្ឋ​ចំនួន​១.៩៧៩ករណីក្រោម​ការ​​ពិនិត្យ​មើល​របស់​លោក​។

​បន្ទាប់​មក​លោក ច័ន្ទ មនោ អគ្គនាយក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​យុត្តិធម៌ ​បាន​ឡើង​លើ​វេទិកាដើម្បី​អាន​ព្រះរាជក្រឹត្យ​របស់​​​ព្រះមហាក្ស នរោត្តម សីហមុនី នៅ​ព្រឹក​នោះ​ដើម្បី​ដក​លោក អាំង មាលតី ចេញពី​មុខ​តំណែង​ជា​ផ្លូវ​ការ​។

លោក​បាន​អាន​ព្រះរាជក្រឹត្យ​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ” យើង​​ត្រាស់​បង្គាប់​ឲ្យ​ផ្ទេរ​​លោក អាំង មាលតី ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​ធ្វើការ​នៅ​ក្រសួង​យុត្តិធម៌។ ទី២​ លោក​ តាំង ស៊ុនឡាយ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​”។

មន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​មិន​បាន​បញ្ជាក់​ពីមុខ​តំណែង​ថ្មី​ដែល​លោក អាំង​ មាលតី ត្រូវ​ទទួល​នោះ​ទេ ហើយ​លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​គ្រាន់​តែ​​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់ពី​​ពិធី​នេះ​ថា ចៅក្រម​រូប​នេះ​​នឹង​ ” បម្រើការ​ងារ​” នៅ​ក្នុង​​ក្រសួងប៉ុណ្ណោះ​។

ដោយ​មាន​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ អង្គុយ​​ក្បែរ​លោក អង្គ វង្សវឌ្ឍានា នៅ​លើ​វេទិកា លោក តាំង ស៊ុនឡាយ បាន​ថ្លែង​ប្រាប់​​អង្គពិធី​ទាំង​មូល​ថា លោក​នឹង​​ធ្វើ​ជា​ប្រធាន​ចៅក្រម​ថ្មី​​ប្រកប​ដោយ​គុណធម៌​។

​ប្រធាន​តុលាការ​ថ្មី​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ប្ដេជ្ញាចិត្ត​​ស្មោះ​ត្រង់​ចំពោះ​ជាតិ សាសនា និង​ព្រះមហាក្សត្រ គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​ទៀត​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រជាពល​រដ្ឋ និង​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ។ ខ្ញុំ​ប្ដេជ្ញា​កែលម្អ​​សេវា​យុត្តិធម៌​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​​ឆាប់​រហ័ស​ដើម្បី​ចៀស​វាង​ការ​យឺត​យ៉ាវ”។

ពេល​នេះ​លោក អាំង​ មាលតី កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម ដែលជាអ្នក​តែង​តាំង ​​​​ត្រួត​ពិនិត្យ​ និង​​ដាក់​វិន័យ​​ចៅក្រម​​ទូទាំង​ប្រទេស​ និង​ដែល​បាន​ធ្វើ​សេចក្ដី​សម្រេច​ដក​លោក​ចេញពី​តំណែង​ប្រធាន​តុលាការ បន្ទាប់ពី​​កោះ​​ប្រជុំ​កាលពី​ថ្ងៃ​អង្គារ។

ការ​ដក​ចេញពី​មុខ​តំណែង​នេះ​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​នៅ​រសៀល​ថ្ងៃ​នោះ ពោល​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​លោក ហ៊ុន សែន បាន​លើក​ឡើង​ពី​ករណី​សូក​បា៉ន់​​មួួយដែល​មាន​ទំហំ​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​​ ដែល​​នាំ​ឲ្យ​សាលា​ដំបូង​រាជធានី​​ធ្វើ​សេចក្ដី​សម្រេច​​​ដោយ​មិន​នឹក​ស្មាន​ដល់​កាលពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ដើម្បី​​​កែប្រែ​ការ​ច្រាន​ចោល​របស់​ខ្លួន​​​​នូវ​សំណើ​សុំ​នៅ​ក្រៅឃុំ​​សម្រាប់​ឪពុក​ម្ដាយ​របស់​ឧត្ដមសេនីយ៍​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់ចោទ​ពីបទ​សម្លាប់​ឧកញ៉ា អឹុង ម៉ងជឺ កាល​ពី​ឆ្នាំ​មុន។

ឪពុក​ម្ដាយ​របស់​ឧត្តម​សេនីយ៍​ទោ ថោង សារ៉ាត់ ត្រូវ​បាន​ចាប់​ខ្លួន​កាលពីយប់​ថ្ងៃ​អាទិត្យ ខណៈជិះ​រថ​យន្ត​សង្គ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាន់​​ប៉ុន​ប៉ង​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ថ្វីបើ​ពួកគេ​ទាំងពីរ​​ប្រឈម​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ពីបទ​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​​យ៉ាង​ណា​ក្តី​។

លោក ផៃ​ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​អំពី​លោក អាំង​ មាលតី កាលពី​​ថ្ងៃអង្គារថា ” គាត់​ត្រូវ​បាន​ដក​ចេញ​​ពី​តំណែង​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត។ អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​យោង​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​គាត់ មិនមែន​យោង​ទៅ​លើ​នីតិវិធី​ត្រឹម​ត្រូវ​ ឬ​យោង​ទៅ​លើ​ច្បាប់​ឡើយ​”។

លោក អាំង មាលតី ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ កាលពី​ខែ​​មេសាប៉ុណ្ណោះ បន្ទាប់ពី​ផ្ទេរ​​ពី​តំណែង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ ហើយ​កាល​​​នៅ​ទី​នោះ លោក​​​​ក៏​បាន​រង​ការ​ចោទ​ប្រកាន់​ពីបទ​អំពើ​ពុក​រលួយ​ និង​ភាព​មិន​ប្រក្រតី​នានា​​ដែរ។

នៅ​ក្នុង​ពិធី​កាលពី​រសៀល​ម្សិលមិញ​នេះ លោក ប៉ា សុជាតិវង្ស បាន​គូស​បញ្ជាក់​ថា ប្រព័ន្ធ​តុលាការ​​​មាន​ការ​​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​ការ​ដក​ខ្លួន​ចេញពី​អំពើ​ពុករលួយ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា ការ​អាក់​ខាន​ណាមួយ​នៅ​ក្នុង​និន្នាការ​នោះ នឹង​គំរាម​​បំផ្លាញ​សមិទ្ធផល​ទាំង​នោះ។

លោក​បានមាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ច្បាប់ និង​តុលាការ ដោយ​មាន​​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់ ប៉ុន្តែ​យើង​នៅ​តែ​មើល​ឃើញ​បញ្ហា​ដែល​​គួរ​តែ​កត់​សម្គាល់ ពីព្រោះ​​​មនុស្ស​មួយ​ចំនួន​មាន​គំនិត​អាក្រក់ ហើយ​តែង​តែ​យក​បញ្ហាទាំង​នេះ​ទៅ​វាយ​តម្លៃ​ប្រព័ន្ធ​តុលាការ​នៅ​​កម្ពុជា”។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​មាន​ប្រសាសន៍​​យ៉ាង​ខ្លី​ដែរ​មុន​ពេល​ពិធី​នេះ​បិទ​បញ្ចប់ ប៉ុន្តែ​លោក​បាន​ផ្ដោត​លើពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ហើយមិន​បាន​​គូស​បញ្ជាក់​ពី​ការ​អះអាង​​ពីបទ​អំពើ​ពុករលួយ​ប្រឆាំង​​​លោក អាំង​ មាលតី នោះ​ទេ។

លោក​ គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​អំឡុង​សន្និសីទ​កាសែត​​បន្ទាប់​ពីពិធី​នេះ​ថា សេចក្ដី​សម្រេច​ដក​លោក អាំង មាលតី ចេញ​ពី​តំណែង ​គឺ​ធ្វើ​ឡើង​ដោយ​​សារ​តែ​លោក ហ៊ុន សែន ​បាន​រិះ​គន់​ខ្លាំងៗ​​អំឡុង​សុន្ទរកថា​អំពី​អំពើ​​ពុករលួយ​ដែល​កើត​មាន​នៅ​តុលាការ​នេះ​។

លោក​បានបញ្ជាក់ថា “​នេះ​មិនមែន​មាន​ន័យ​​ថាសម្តេច​ ហ៊ុន សែន ​ជា​អ្នក​បញ្ជា​ឲ្យ​​នោះ​ទេ សម្តេច​គ្រាន់​តែ​​ស្នើ​ឲ្យ​​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​​ពិនិត្យ​មើល​ថា តើ​​ករណី​នេះ​​​មាន​ភាព​មិន​ប្រក្រតី​ ឬ​យ៉ាង​ណា​ប៉ុណ្ណោះ​។ ​ការ​ផ្ទេរ​​ប្រធាន​​សាលា​ដំបូង​រាជ​​ធានី​​ភ្នំ​ពេញ​​ទៅ​ក្រសួង​យុត្តិធម៌ ​គឺ​ជា​​សេច​ក្តី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​​ក្រម”។

លោក​ គឹម សន្តិភាព ក៏​បាន​​មាន​ប្រសាសន៍​ការ​ពារ​ការ​តែង​តាំង​លោក អាំង មាលតី ​ឲ្យ​ទៅ​កាន់​មុខ​តំណែង​មួយ​នៅ​ក្នុង​ក្រសួង​យុត្តិធម៌ ដោយ​រង់ចាំ​ការ​ស៊ើបអង្កេត​លើ​រូប​​លោក​​​​ផង​ដែរ​។ លោក​បានមាន​ប្រសាសន៍​ថា “ការ​ផ្ទេរ​ភារកិច្ច​របស់​លោក អាំង មាលតី ទៅ​ក្រសួង​យុត្តិធម៌​គឺ​ជា​ជំហាន​ដំបូងដើម្បី​បើក​ការ​ត្រួត​ពិនិត្យ​លើសំណុំរឿងរបស់​គាត់​។ ពេល​នេះ​ក្រសួង​យុត្តិធម៌​​កំពុង​ពិនិត្យ​មើល​​សំណុំរឿង​ និង​ឯកសារ​ពាក់​ព័ន្ធ​ឪពុកម្ដាយ​របស់ ថោង សារ៉ាត់”។

ទោះជាយ៉ាងណា លោក សុន ឆ័យ តំណាង​រាស្ត្រគណបក្ស​ប្រឆាំង ​បាន​រិះគន់​សេចក្ដី​សម្រេច​តែងតាំង​លោក អាំង​ មាលតី ឲ្យ​ទៅ​កាន់​មុខ​តំណែង​ណាមួយ​នៅ​ក្នុង​ក្រសួង​យុត្តិធម៌ ដោយ​សារ​តែ​ភាព​​ធ្ងន់​ធ្ងរ​នៃ​​​​​ការ​ចោទ​ប្រកាន់លើ​រូប​លោក​​ក្នុង​ឋានៈ​ជាចៅក្រម​។

លោក​ សុន ឆ័យ​ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ” លោក អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុក​រលួយ​ណាស់។ គាត់​ជា​ប្រធាន​​សាលា​ដំបូង​ខេត្ត​សៀមរាប ក្រោយ​មក​​នៅ​បន្ទាយ​មានជ័យ ហើយ​​ប្រជាពល​រដ្ឋ​យ៉ាង​ច្រើន​​បាន​​ត្អូញត្អែរ​ថា គាត់​បាន​ប្រើ​ប្រាស់​មុខ​តំណែង​នេះ​​ដើម្បី​ជំរិត​ទារ​ប្រាក់។ នេះ​ជា​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​របស់​គណបក្ស​ប្រជាជន​។ ពួកគេ​មិន​ដែល​​ដាក់​ទោស​មនុស្ស​អាក្រក់ទេ។ ពួកគេ​គ្រាន់​តែ​ដក​ចេញពី​តំណែងមួយ​ ហើយ​ពេល​ខ្លះ​​ប្រគល់​តំណែង​​ល្អ​ជាង​មុន​​ថែម​ទៀត​ផង​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស