ឆ្នាំ២០១៥៖ ការវិលត្រឡប់ទៅរកនយោបាយដូចធម្មតា
ប្រសិនបើឆ្នាំ២០១៤បានបញ្ចប់ទៅជាឆ្នាំមួយសម្រាប់ក្តីសង្ឃឹមនៅក្នុងឆាកនយោបាយកម្ពុជានោះ ឆ្នាំ២០១៥គឺជាឆ្នាំដែលអ្វីៗបានវិលត្រឡប់ទៅដូចដើមវិញ។ ស្ទើរតែវាហាក់ដូចជាប្រផ្នូលសម្រាប់ការវិលត្រឡប់ជាយថាហេតុទៅរកកិច្ចការធម្មតាវិញ គឺព័ត៌មានស្តីពីថ្ងៃចូលឆ្នាំថ្មី គឺថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានយាងវិលត្រឡប់មកឆាកនយោបាយសាជាថ្មី។
បណ្តេញចេញពីមុខតំណែងជាប្រធានគណបក្សរាជានិយម ហ្វុ៊នស៊ិនប៉ិច នៅក្នុងឆ្នាំ២០០៦ តាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះអង្គបានមានបន្ទូលថា លោក ហ៊ុន សែន បានដើរតួនាទីដ៏ច្បាស់លាស់ក្នុងការអនុញ្ញាតឲ្យព្រះអង្គវិលត្រឡប់មកមានមុខមានមាត់វិញ។ ប្រាកដណាស់ បំណងរបស់លោកនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរមួយទសវត្សរ៍ក្រោយមក។
ដោយមានគណបក្សសង្គ្រោះជាតិដឹកនាំដោយមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលចាប់ផ្តើមបង្ហាញការកាន់អំណាចខ្លះៗនៅលើឆាកនយោបាយ មានមនុស្សមួយចំនួនមានមន្ទិលសង្ស័យអំពីហេតុផលទាក់ទងនឹងការវិលត្រឡប់មកកាន់ឆាកនយោបាយវិញរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ជាប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បានមានបន្ទូលយ៉ាងសាមញ្ញថា “ដំណោះស្រាយបានធ្លាក់មកលើពួកយើងហើយ”។
ព្រះអង្គម្ចាស់ រណឫទ្ធិ បានមានបន្ទូលក្នុងកិច្ចសម្ភាសតាមទូរស័ព្វពីរថ្ងៃក្រោយមកក្នុងពេលពិធីខួបកំណើត៧១ឆ្នាំថា “រឿងមួយដែលខ្ញុំអាចនិយាយគឺថា ក្នុងភូមិសាស្ត្រនយោបាយឥឡូវយើងមានគណបក្សធំៗបីនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វុ៊នស៊ិនប៉ិច”។

មិត្តភាពរំលោភបំពាន
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានគម្រប់រយៈពេល៣០ឆ្នាំ ចាប់តាំងពីការតែងតាំងជាផ្លូវការរបស់លោកជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ រយៈពេល៣ទសវត្សរ៍មកនេះ លោកនាយករដ្ឋមន្ត្រីបានបង្ហាញថាជាអ្នកប្រើកលល្បិចដ៏ប៉ិនប្រសប់ ហើយកលល្បិចគណបក្ស ហ្វុ៊នស៊ិនប៉ិច គឺគ្រាន់តែជាការអបអរបើកឆាកនៅក្នុងរយៈពេលមួយឆ្នាំនៃយន្តកម្មនយោបាយដែលសំដៅធ្វើឲ្យគណបក្សសង្គ្រោះជាតិទន់ខ្សោយប៉ុណ្ណោះ។
លោក ហ៊ុន សែន បានកសាងអាជីពដោយបបោសអង្អែលអត្តទត្ថភាពរបស់អ្នកប្រឆាំងរបស់លោកនៅពេលរងការគំរាមកំហែង មុននឹងកម្ទេចពួកគេចោលនៅពេលវេលាល្អមកដល់។
និយាយអំពីលោក រង្ស៊ី វិញ លោក ហ៊ុន សែន បានសន្យាក្នុងឆ្នាំ២០១៤ ដើម្បីបង្កើតរួមគ្នានូវវប្បធម៌សន្ទនាថ្មីមួយនៅក្នុងនយោបាយកម្ពុជា។
ចំពោះលោក រង្ស៊ី វិញ ទំនងជាមិនមានជម្រើសណាក្រៅតែពីលើកកម្ពស់កិច្ចព្រមព្រៀងនោះនៅដើមឆ្នាំនោះទេ។
លោក រង្ស៊ី បានប្រាប់អ្នកគាំទ្រហ្វេសប៊ុកជាង១លាននាក់របស់លោកកាលពីខែមករាថា “វប្បធម៌សង្គ្រាមគឺត្រូវជំនួសដោយវប្បធម៌សន្ទនា គឺវប្បធម៌សន្តិភាព។ ទោះបីជាយើងកំពុងប្រឈមមុខនឹងបញ្ហាខ្លះៗនៅក្នុងរយៈពេលសម្របសម្រួលក៏ដោយ ក៏យើងនឹងមិនងាកចេញពីវប្បធម៌សន្ទនាដែរ”។
ក្នុងពេលដែលគណបក្សសង្គ្រោះជាតិប៉ុនប៉ងផ្សព្វផ្សាយកិច្ចព្រមព្រៀងនោះជាសាធារណៈ គឺវាទំនងហាក់ដូចជាសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាចមានការប្តេជ្ញាចិត្តតិចតួចចំពោះបុព្វហេតុនេះ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់មេទ័ពនៅក្នុងសុន្ទរកថាមួយនៅឯមូលដ្ឋានកងទ័ពជើងទឹកនៅក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី២៣ ខែមករាថា “ពីមុន យើងការពារ [រដ្ឋាភិបាល] ដោយចូលសមរភូមិដើម្បីបញ្ឈប់សង្គ្រាម តែឥឡូវវាមិនអ៊ីចឹងទេ។ ទោះជាយ៉ាងណា យើងនៅតែត្រូវប្រកាន់គោលជំហរយើងឲ្យច្បាស់”។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះបានមានប្រសាសន៍ថា ”គេប្រមូលមនុស្ស ហើយចាប់ផ្តើមវាយប្រហារ ហើយចាប់ផ្តើមឡើងកម្តៅ ដូច្នេះយើងត្រូវវាយបក”។
លោក ហ៊ុន សែន ដែលមិនស៊ប់នឹងវប្បធម៌សន្ទនាដូចលោក រង្ស៊ី បានមានប្រសាសន៍ក្នុងសុន្ទរកថានៅថ្ងៃដដែលនោះថា “អូខេ ឥឡូវចាប់ផ្តើមលេងគ្នា មិនបាច់សន្ទនាទេ។ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់និងផ្ញើសារជូនឯកឧត្តម សម រង្ស៊ី ថា វប្បធម៌សន្ទនាគ្មានប្រសិទ្ធភាពទេ”។
លោក រង្ស៊ី មិនអល់ឯក។ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ឆ្លើយតបនឹងលោក ហ៊ុន សែន និងការជំរុញរបស់នាយឧត្តមសេនីយ៍ ទៀ បាញ់ ថា “ខ្ញុំជឿថា វាជាតួនាទីរបស់ខ្ញុំដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាបន្តទៀត”។
លោក រង្ស៊ី បានមានប្រសាសន៍ថា “យើងប្រហែលមានការយល់ច្រឡំនឹងគ្នា និងការធាក់ថយក្រោយបណ្តោះអាសន្នពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ ខ្ញុំគិតថា និន្នាការនេះគឺស្ថិតនៅលើផ្លូវត្រឹមត្រូវ។ គ្មានវប្បធម៌សន្ទនា យើងនឹងមិនអាចសម្រេចបានលទ្ធិប្រជាធិបតេយ្យបានទេ”។
ទោះបីជាមានការអះអាងសាជាថ្មីពីលោក រង្ស៊ី ក៏ដោយ ក៏វាជាសញ្ញាដំបូងដែលគណបក្សទាំងពីរមិនបានចូលរួមដោយស្មើភាពគ្នាក្នុងការកសាងវប្បធម៌ដ៏ក្មេងខ្ចីនេះដែរ។

កិច្ចសន្ទនាប្រេះឆា
ប្រសិនបើមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមិនពេញចិត្តនឹងរបត់ថ្មីដែលនយោបាយដើរទេនោះ មន្ត្រីជាច្រើននៅក្នុងជួរគណបក្សប្រឆាំងក៏រអ៊ូរទាំយ៉ាងស្ងៀមស្ងាត់ដែរ។
នៅក្នុងការចូលជ្រៅដ៏កម្រមួយទៅក្នុងនយោបាយផ្ទៃក្នុងក្នុងគណបក្សសង្គ្រោះជាតិដែលបានលើកកម្ពស់ឯកភាពនៅលើអ្វីគ្រប់យ៉ាងចាប់តាំងពីការបង្កើតគណបក្សនេះឡើងក្នុងឆ្នាំ២០១២ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានលាតត្រដាងនៅក្នុងសុន្ទរកថាមួយថា លោកមិនសប្បាយចិត្តនឹងកិច្ចព្រមព្រៀងដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារបស់គណបក្សសង្គ្រោះជាតិទេ។
លោក សុខា បានប្រាប់អ្នកគ្រាំទ្រនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីពាក់កណ្តាលខែមីនាថា “ការចរចាគឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្តែ ចំពោះខ្ញុំការចរចា ខ្ញុំមិនពេញចិត្តទេ និយាយឲ្យត្រង់ទៅ”។
លោក សុខា បានមានប្រសាសន៍ថា “ខ្ញុំមិនសប្បាយចិត្តនឹងលទ្ធផលនៃការចរចាទេ ប៉ុន្តែ ខ្ញុំគោរពគោលការណ៍និងជំហរគណបក្សសង្គ្រោះជាតិ ដែលត្រូវទទួលយកដើម្បីដោះស្រាយបញ្ហា”។
លោកអនុប្រធានគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “យើងទ្រាំលេបថ្ម លេបគ្រួស ដើម្បីបន្តការរួបរួមរបស់យើងឲ្យខ្លាំង ហើយមិនត្រូវចាញ់ល្បិចរបស់គណបក្សកាន់អំណាចផ្តាច់ការទេ”។
មានដំណើរការទៅដោយគ្មានការរអាក់រអួល រដ្ឋាភិបាលគណបក្សកាន់អំណាចបានផលិតនិងផ្សព្វផ្សាយតាមទូរទស្សន៍នូវម៉ោងមាសទាក់ទិននឹងវីដេអូឯកសារដែលចោទលោក កឹម សុខា ថា ដឹកនាំការតវ៉ាដែលស្មើនឹងដឹកនាំកម្លាំងធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់។
បីថ្ងៃក្រោយមក លោក សុខា ត្រូវកោះហៅឲ្យចូលតុលាការក្រុងភ្នំពេញ ដោយប្រើពេលសាកសួរប្រាំពីរម៉ោងទាក់ទងនឹងតួនាទីរបស់លោកនៅក្នុងការតវ៉ារបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលនៅពេលនោះ គណបក្សប្រឆាំងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
នៅឯឧទ្យានអង្គរនៅខេត្តសៀមរាម លោក សម រង្ស៊ី និងលោក ហ៊ុន សែន បានផ្គាប់ផ្គុនគ្នាទៅវិញទៅមក ដោយប្រធានគណបក្សសង្គ្រោះជាតិបង្ហាញខ្លួននៅលើវេទិកាជាមួយលោក ហ៊ុន សែន ពេលថ្លែងសុន្ទរកថាអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍ដោយងាកទៅរកលោក រង្ស៊ី ថា “ប្រទេសយើងបានឈានដល់ចំណុចថ្មីមួយ ដោយមានវត្តមានឯកឧត្តម សម រង្ស៊ី …. នៅលើវេទិកាថ្ងៃនេះ។ វប្បធម៌សន្ទនាបានកើតឡើងនៅប្រទេសកម្ពុជា ហើយជំនួសវប្បធម៌ប្រទូសរ៉ាយនិងសម្លាប់គ្នា”។
លោក រង្ស៊ី បានអរគុណហួសហេតុចំពោះទំនាក់ទំនងថ្មីរបស់លោកជាមួយបុរសខ្លាំងកម្ពុជា ដោយការពារខ្លួនលោកតបនឹងការអះអាងដែលថាលោកនាយករដ្ឋមន្ត្រីនឹងវាយបកមករកលោកវិញ ទោះបីជាមេដឹកនាំទាំងពីរដើរកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងការតាំងពិព័រណ៍ចូលឆ្នាំថ្មីប្រពៃណីខ្មែរជុំវិញអង្គរវត្តដូចជាមិត្តចាស់ក៏ដោយ។
លោក រង្ស៊ី បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសមួយប៉ុន្មានថ្ងៃមុននឹងបង្ហាញខ្លួនជាមួយលោក ហ៊ុន សែន ថា”ខ្ញុំធ្លាប់ស្អប់ ហ៊ុន សែន ដូចជាខ្ញុំស្អប់ជនផ្តាច់ការពិភពលោកដែរ”។
លោក រង្ស៊ី បានមានប្រសាសន៍បន្តថា “ប៉ុន្តែថ្មីៗនេះខ្ញុំគិតថា ខ្ញុំមិនគួរស្អប់នរណាម្នាក់ក្នុងនាមជាមនុស្សជាតិ អាក្រក់ដូចពួកគេនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែស្អប់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋដែលមនុស្សអាក្រក់ណាម្នាក់បានប្រព្រឹត្តប៉ុណ្ណោះ។ នៅពេលអ្នករួចផុតពីការស្អប់ អ្នកក៏រួចផុតពីសេចក្តីខ្លាច ហើយសេរីភាពថ្មីនេះធ្វើឲ្យអ្នកចាប់ផ្តើមធ្វើអ្វីៗដែលអ្នកពុំដែលគិតដល់ មានដូចជាចូលរួមសន្ទនាជាមួយអតីតសត្រូវអាក្រក់បំផុតរបស់អ្នក”។
របងល្អធ្វើជាអ្នកជិតខាងល្អ
ថ្នាក់ខ្ពស់បំផុតនៃគណបក្សប្រឆាំងនិយាយអំពីការសម្របសម្រួល ចំណែកឯមន្ត្រីថ្នាក់ក្រោមនៅតែប្រើរបៀបវារៈចាស់របស់ខ្លួន គឺវៀតណាម។
នៅដើមខែកុម្ភៈ គណបក្សបានរកឃើញទិសដៅថ្មីមួយសម្រាប់បញ្ចេញកំហឹងរបស់ខ្លួន ក្នុងពេលដែលមានរបាយការណ៍ជាបន្តបន្ទាប់ថា ពលរដ្ឋវៀតណាមបានកំពុងធ្វើសក្ការបូជានៅលើកំពូលភ្នំបូកគោក្នុងខេត្តកំពត ដើម្បីបន់ស្រន់ចំពោះ(គួរឲ្យភ្ញាក់ផ្អើល គឺក្រោមរូបថតហូ ជីមិញ)ដូនតារបស់ខ្លួនដែលបានស្លាប់នៅទីនោះ។
ដឹកនាំគណៈប្រតិភូដែលមានមន្ត្រី៥០នាក់ លោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្ស ហើយក៏ជាប្រធានគណៈកម្មការវប្បធម៌សភា បានធ្វើដំណើរទៅកាន់កំពូលភ្នំក្នុងបេសកកម្មដែលផ្សព្វផ្សាយជាសាធារណៈ។
ដំណើររបស់លោក បុញ្ញាឫទ្ធិរកមិនឃើញវៀតណាមនៅលើកំពូលភ្នំទេ ប៉ុន្តែនៅក្នុងព្រៃជ្រៅបានឃើញផ្នូរថ្មធំៗ និងឆ្អឹងនៃអ្វីដែលទំនងជាពិធីអធិកអធមដែលគេប្រារព្ធឡើងកាលពីប៉ុន្មានថ្ងៃមុន ដោយមានសកម្មជនមូលដ្ឋានផ្តល់ជូនរូបថតនៃពិធីនោះ។
ត្រឡប់មករដ្ឋសភាជាតិក្នុងក្រុងភ្នំពេញវិញ អ្នកនាំពាក្យគណបក្សប្រឆាំងបានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដាក់ជំនួសទីតាំងវៀតណាមនោះដោយរូបបដិមាព្រះពុទ្ធវិញ ដើម្បីទុកឲ្យពលរដ្ឋខ្មែរចូលទៅទីនោះជំនួសវិញ។ រដ្ឋាភិបាលបានជំទាស់ ដោយលើកឡើងអំពីសេរីភាពនៃសាសនា។
ក្នុងពេលដែលគណបក្សកាន់អំណាចអាចរុញច្រានចំណុចមួយចំនួននៃស្នៀតប្រឆាំងនឹងវៀតណាមរបស់គណបក្សប្រឆាំង ចំណុចផ្សេងទៀតគឺពិបាកនឹងបង្ក្រាប។ ក្នុងដំណើរដែលលេចធ្លោកាន់តែខ្លាំងទៅកាន់ព្រំដែនវៀតណាមអស់រយៈពេលជាងពីរខែ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានរកឃើញការទន្ទ្រានចូលទឹកដីកម្ពុជាម្តងហើយម្តងទៀតពីសំណាក់ជនស៊ីវិល និងទាហានវៀតណាម។
រដ្ឋាភិបាលប្រវេប្រវា ដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញកំណត់ទូតដែលមានពាក្យធ្ងន់ៗជាបន្តបន្ទាប់ផ្ញើទៅកាន់ក្រុងហាណូយ ដោយទាមទារឲ្យពួកគេដកចេញពីការចូលទន្ទ្រាន ហើយគោរពខ្សែបន្ទាត់ព្រំដែន។
នៅថ្ងៃទី២៨ ខែមិថុនា លោក រៀល ខេមរិន្ទ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចុះទៅពិនិត្យមើលតំបន់ព្រំដែនមួយកន្លែងនៅក្នុងខេត្តស្វាយរៀង ដែលនៅទីនោះមានគេនិយាយថា កសិករជនជាតិវៀតណាមចូលកាន់កាប់ដីខ្មែរដែលគ្មានដាំដំណាំ ជាការរំលោភជាក់ស្តែងនៃបង្គោលព្រំដែនសំខាន់ដែលបោះចំកណ្តាលវាលស្រែ។
ការប្រវាយប្រតប់បានកើតឡើងរវាងគណៈប្រតិភូមួយក្រុមតូចរបស់លោក ខេមរិន្ទ និងវៀតណាមនៅទីតាំងក្នុងស្រុកកំពង់រោទិ៍។ លោក ខេមរិន្ទ បានមានប្រសាសន៍ថា លោកត្រូវគេវាយចំខ្នងនឹងដំបងឈើនៅក្នុងតំបន់មួយដែលអាចមើលឃើញនៅខាងវៀតណាមគឺបង្គោលព្រំដែនលេខ២០៣។
តំណាងរាស្ត្ររូបនេះបានប្រកាសគម្រោងវិលត្រឡប់ទៅកាន់ទីតាំងនោះនៅខែបន្ទាប់មកទៀត ដោយមានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ពាន់នាក់។ រដ្ឋាភិបាលបានច្រានចោលគម្រោងនោះ ប៉ុន្តែ ជាចុងក្រោយបាននិយាយថា លោកអាចទៅតំបន់នោះ ប្រសិនបើលោកកំណត់ចំនួនមនុស្សត្រឹម១០០នាក់ ក្នុងដំណើរចុងក្រោយដើម្បីទៅមើលបង្គោលព្រំដែន។
នៅថ្ងៃទី១៩ ខែកក្កដា លោក ខេមរិន្ទ បានដឹកនាំអ្នកគាំទ្រ២.៥០០នាក់ពីក្រុងភ្នំពេញទៅកាន់តំបន់នោះដែលចាប់ផ្តើមនៅម៉ោង៥ព្រឹក។
លោក សម រង្ស៊ី បានសរសេរនៅក្នុងសារអីុម៉ែលមួយក្នុងខណៈដែលគណៈប្រតិភូបានមកដល់ស្រុកកំពង់រោទិ៍ថា “ជូនចំពោះ [អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ] អ៊ុំ សំអាន និង រៀល ខេមិន្ទ។ ដូចដែលខ្ញុំបានប្រាប់លោកនៅឯកិច្ចប្រជុំកាលពីរសៀលម្សិលមិញ និងតាមទូរស័ព្ទប្រហែល១៥នាទីមុន លោកគួរចៀសវាងការប្រឈមមុខដាក់គ្នា និងហិង្សាណាមួយ”។
នៅឯទីតាំងនោះ ប្រុសៗជនជាតិខ្មែរឈរជាជួរ ប្រដាប់ដោយដំបងបានយាមការពារព្រំដែន។ ទាហានប្រដាប់ដោយកាំភ្លើងអាកា៤៧ បានឈរពីក្រោយពួកគេ ហើយបញ្ជាក់ច្បាស់ថា មានតែ១០០នាក់ប៉ុណ្ណោះដែលត្រូវធ្វើដំណើរទៅមើលបង្គោលលេខ២០៣ដែលកំណត់ព្រំដែន។
ទាហានវៀតណាមប្រដាប់អាវុធឈរជ្រោងច្រាងនៅកន្លែងចុងក្រោយនោះ ប៉ុន្តែ គ្មានហិង្សាផ្ទុះឡើងទេ។ លោក ខេមរិន្ទ និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបីរូបផ្សេងទៀត បានឡើងលើបង្គោល ហើយបន្ទាប់មកបានហៅអ្នកគាំទ្ររបស់ខ្លួនវិលមកក្រុងភ្នំពេញវិញ។
យុទ្ធការរបស់គណបក្សសង្គ្រោះជាតិទាក់ទិននឹងការទន្ទ្រានចូលព្រំដែន ដែលគួបផ្សំនឹងការអះអាងថា រដ្ឋាភិបាលកំពុងប្រើប្រាស់ដោយខុសច្បាប់នូវផែនទីវៀតណាមជំនួសឲ្យផែនទីបារាំងក្នុងការកំណត់ព្រំដែន ចាប់ផ្តើមដោយមិនបានសម្រេច។ ការជំរុញចុងក្រោយដោយរដ្ឋាភិបាលគឺថា ខ្លួននៅស្ងប់ស្ងៀម។

ការវិវត្តនៃការចាប់ខ្លួន
ការប៉ុនប៉ងស្ទាក់ស្ទើរក្នុងភាពជាដៃគូទទួលបរាជ័យផងដែរ។
ពីរថ្ងៃបន្ទាប់ពីដំណើរទៅកាន់ព្រំដែនរបស់លោក ខេមរិន្ទ តុលាការក្រុងភ្នំពេញបានផ្តន្ទាទោសយ៉ាងតក់ក្រហល់ចំពោះសកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់ ដែលចោទពីបទកុបកម្មទាក់ទិននឹងការប្រវាយប្រតប់គ្នានៅឯការតវ៉ានៅទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
ក្នុងរឿងក្តីមួយដែលអូសបន្លាយជាងមួយឆ្នាំ លោក លឹម មករន្ទ ចៅក្រមជំនុំជម្រះប្រើពេលតែ១០នាទីប៉ុណ្ណោះក្នុងការកាត់សកម្មជនបីនាក់ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ពីបទដឹកនាំកុបកម្ម និងសកម្មជនប្រាំបីនាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារប្រាំពីរឆ្នាំពីបទចូលរួមកុបកម្ម។
មេដឹកនាំគណបក្សប្រឆាំងបានដឹងច្បាស់អំពីស្ថានភាពនៃការផ្តន្ទាទោសទាំងតក់ក្រហល់និងធ្ងន់។
លោក សម រង្ស៊ី បាននិយាយនៅថ្ងៃទី២៦ ខែកក្កដា ពីទីក្រុងលុចហ្សំបួរ បន្ទាប់ពីចាកចេញពីក្រុងភ្នំពេញនៅថ្ងៃនៃការចេញសាលក្រមថា “នេះជាសញ្ញាដ៏ខ្លាំងចំពោះគណបក្សប្រឆាំងគឺ កុំទៅព្រំដែន ហើយដរាបណាយើងឈប់ទៅព្រំដែន ហើយលែងបង្កើតភាពតានតឹងដោយបង្ហាញភ័ស្តុតាងនានា អ៊ីចឹងអត់មានបញ្ហាអីទេ”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “វាគ្រាន់តែជាការបង្ហាញសារ។ វាអាចគួរឲ្យអាម៉ាស់ក្នុងការទទួលស្គាល់ថា បញ្ហាព្រំដែនគឺជាបញ្ហារសើប។ គឺត្រូវ “ដោះស្រាយ” ដោយមិនមាននរណាម្នាក់ចូលរួមក្រៅតែពីមន្ត្រីរដ្ឋាភិបាលនោះទេ។
សាលក្រមបានក្លាយជាការសាកល្បងចំពោះអ្វីដែលទំនងជាយុទ្ធនាការវែងរបស់លោក ហ៊ុន សែន ដើម្បីសាកល្បងភក្តីភាពរបស់លោក សម រង្ស៊ី ចំពោះវប្បធម៌សន្ទនា ដែលពោរពេញទៅដោយការវាយប្រហារ។
នៅថ្ងៃទី១៣ ខែសីហា លោក ហ៊ុន សែន បានត្អូញត្អែរពេលថ្លែងជាសាធារណៈថា លោកសម្រាន្តមិនលក់នៅរាត្រីមួយនោះ ដោយសារតែលោកមើលវីដេអូទាក់ទងនឹងទំព័រហ្វេសប៊ុកលោក រង្ស៊ី ដែលឃើញលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ធ្វើបទបង្ហាញសន្ធិសញ្ញាការទូតក្លែងក្លាយថា ជាការពិត។
សន្ធិសញ្ញានោះបង្ហាញថា របបសាធារណរដ្ឋប្រជាមានិតកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៨០ ដែលពេលនោះលោក ហ៊ុន សែន ជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយបន្ទាប់មកជានាយករដ្ឋមន្ត្រី យល់ព្រមរំលាយចោលព្រំដែនរវាងវៀតណាម និងកម្ពុជា។
លោក ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។ ពីរថ្ងៃក្រោយមក នៅម៉ោង៦ព្រឹក លោក សុខហួរ ត្រូវឡោមព័ទ្ធនៅខាងក្រៅគេហដ្ឋានមួយកន្លែងក្នុងក្រុងភ្នំពេញ ដោយកម្លាំងប៉ូលិសប្រដាប់អាវុធជ្រែកខ្លួន និងត្រូវចោទពីបទក្លែងនិងញុះញង់ ទោះបីជាលោកមានអភ័យឯកសិទ្ធិរួចផុតពីការផ្តន្ទាទោសក៏ដោយ។
ព្រឹទ្ធសភាដែលមានអាសនៈភាគច្រើនពីរភាគបីជាគណបក្សប្រជាជនកម្ពុជា ត្រូវដកអភ័យឯកសិទ្ធិរបស់លោក ហុង សុខហួរ និងអនុញ្ញាតឲ្យករណីនេះដំណើរការទៅបាន បន្ទាប់មកបានជួបប្រជុំគ្នាហើយសម្រេចថា មិនចាំបាច់ធ្វើដូច្នោះទេ គឺទុកឲ្យតុលាការដាក់ពន្ធនាគារចំពោះសមាជិកព្រឹទ្ធសភារូបនេះទៅចុះ។
ដោយលើកឡើងអំពីមាត្រាលើកលែងសំខាន់នៅក្នុងរដ្ឋធម្មនុញ្ញចំពោះករណីផ្សេងៗនៅពេលដែលតំណាងរាស្ត្រត្រូវចាប់ខ្លួនដោយប្រព្រឹត្តបទល្មើសជាក់ស្តែង ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាអនុញ្ញាតឲ្យករណីនេះដំណើរការទៅមុខ ដោយផ្តល់ទឡ្ហីករណ៍ថា វីដេអូរបស់លោក សុខហួរ ដែលប្រព្រឹត្តបទល្មើស គឺជាបទល្មើសជាក់ស្តែងដែលអភ័យឯកសិទ្ធិរបស់លោកមិនអាចការពារខ្លួនលោកបានទេ។
លោក គល់ បញ្ញា នាយកអង្គការខុមហ្វ្រែល បានមានប្រសាសន៍ថា “នេះជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលបង្កើតជាដើមចមដែលថា សមាជិកសភាគ្មានអភ័យឯកសិទ្ធិអ្វីទាំងអស់ ពីព្រោះឥឡូវនេះ គេអាចចាប់ខ្លួននរណាម្នាក់បានដោយមិនចាំបាច់ដកអភ័យឯកសិទ្ធិរបស់គេ”។
នៅថ្ងៃទី១៧ ខែសីហា លោក សម រង្ស៊ី បានបង្គាប់ឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងទាំងអស់បញ្ឈប់ការធ្វើយុទ្ធនាការព្រំដែនវៀតណាម ហើយធ្វើការជាស្ថាបនាបន្ថែមទៀតជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “បើយើងដឹងថា វារសើប យើងមិនចាក់ចង្កេះទេ យើងនឹងរកវិធីមួយថ្មី។ ពេលយើងដឹងថា រសើប យើងត្រូវប្រុងប្រយ័ត្ន”។
បើអ្នកមិនអាចឈ្នះគេ
កាលពីដើមខែសីហា លោក ហ៊ុន សែន បានប្រកាសថា ការបោះឆ្នោតអាណត្តិក្រោយដែលប្តូរកាលបរិច្ឆេទពីខែកក្កដា ឆ្នាំ២០១៨ទៅជាខែកុម្ភៈ ឆ្នាំ២០១៨វិញ ជាផ្នែកនៃកិច្ចព្រមព្រៀងនាខែកក្កដា ឆ្នាំ២០១៤ នឹងវិលទៅរកខែកក្កដា ឆ្នាំ២០១៨វិញ ដោយចំអកដាក់គណបក្សសង្គ្រោះជាតិថា ជឿលើការសន្យាដែលមិនមានសរសេរជាលាយលក្ខណ៍អក្សរ។
លោក ហ៊ុន សែន បានសួរការសម្រេចចិត្តរបស់លោកថាវិលត្រឡប់ទៅលើការសន្យាថា “មូលហេតុអី? មកពីពួកលោកឯងភ្លើតើ”។
លោក សម រង្ស៊ី មិនភ្ញាក់ផ្អើល ដោយវាយប្រហារជាចំហទៅលើលោក ហ៊ុន សែន ជាលើកដំបូង ចាប់តាំងពីមានភាពល្អូកល្អឺននឹងគ្នា។
លោក សម រង្ស៊ី បានមានប្រសាសន៍នៅក្នុងសារអីុម៉ែលថា “ប្រាកដណាស់ មានមនុស្សដែលមិនអើពើនឹងអត្ថន័យនៃពាក្យពេចន៍ ‘ពាក្យខ្ញុំគឺជាចំណងខ្ញុំ’ ទោះជានៅពេលដែលពាក្យរបស់គេត្រូវគេស្តាប់ឮគ្រប់គ្នាក៏ដោយ។ រឿងនេះបញ្ជាក់យ៉ាងច្រើនអំពីភាពគួរឲ្យជឿទុកចិត្តរបស់គេ និងកិត្តិយសរបស់គេ”។
ក្នុងខែកក្កដា លោក ហ៊ុន សែន បានប្រើសុន្ទរកថានៅឯសណ្ឋាគារសុខាក្នុងក្រុងភ្នំពេញ ដើម្បីបង្កើនការគំរាមរបស់លោកថា ជ័យជម្នះដោយគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៨នឹងនាំឲ្យមានសង្គ្រាម ដែលជាសម្តីវោហារសាស្ត្រដ៏ពេញនិយមមួយ។
លោក ហ៊ុន សែន បានប្រាប់ពាណិជ្ជករដែលចូលរួមពិធីនៅថ្ងៃទី២២ ខែកញ្ញាថា “បើបោះឆ្នោតឲ្យគេ [គណបក្សសង្គ្រោះជាតិនិយាយថា] បានវាដោះស្រាយនេះដោះស្រាយនោះ ក៏ប៉ុន្តែខ្ញុំហ៊ាននិយាយ អស់លោកនៅទីនេះសុទ្ធតែសត្រូវរបស់ពួកគេ”។
លោក ហ៊ុន សែន បានមានប្រសាសន៍ចាក់ថា “អ៊ីចឹង តើអាហ្នឹងសុខទេ អាហ្នឹង? នែ អស់លោក អ្នកឧកញ៉ាទាំងឡាយសុទ្ធតែជាសត្រូវវណ្ណៈណា គេនឹងរឹបអូសអូតែល ហ្នឹងឲ្យទៅអ្នកក្រ។ អ៊ីចឹង តើវាសុខទេ”។
លោកនាយករដ្ឋមន្ត្រីបានសន្និដ្ឋានថា “អ៊ីចឹង រឿងអីវាមិនកើតសង្គ្រាម។ ចំណុចនេះជាចំណុចដែលត្រូវគិត”។
ការគំរាមរបស់លោក ហ៊ុន សែន គឺភ្ជាប់នឹងការអះអាងថា គោលនយោបាយលោក រង្ស៊ី នឹងមិនខុសគ្នានឹងប៉ុល ពតឡើយ ហើយណែនាំដល់ខ្មែរឥស្លាមថា រដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិអាចធ្វើឲ្យពួកគេត្រូវសម្លាប់រង្គាលដូចស្ថិតក្រោមរបបប៉ុល ពតដែរ។
លោក រង្ស៊ី ត្រៀមខ្លួនសហការ។ លោក រង្ស៊ី បានប្តេជ្ញាថា គណបក្សសង្គ្រោះជាតិនឹងបង្កើត”តុលាការឯករាជ្យមួយដោះស្រាយដីធ្លីដែលរឹបអូសពីអ្នកក្រីក្រ ហើយគួរមានការស៊ើបអង្កេតក្នុងពេលអនាគតដែលធ្វើឡើងដោយតុលាការឯករាជ្យ”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “ហ៊ុន សែន មានគំនិតជ្រុលនិយមដែលគាត់មិនអាចលះបង់ចោលបាន”។ ជនជាតិខ្មែរនៅក្រៅប្រទេសជាច្រើនបានយល់ស្រប។ ក្នុងពេលដែលលោក ហ៊ុន សែន ធ្វើដំណើរជុំវិញសហរដ្ឋអាមេរិក និងបារាំងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់មក ជនជាតិខ្មែរនៅទីនោះបានធ្វើការតវ៉ាបំបាក់មុខ។ លោកនាយករដ្ឋមន្ត្រីក៏បានវាយបកវិញ។
លោក ហ៊ុន សែន បានប្រកាសពីក្រុងប៉ារីសនៅថ្ងៃទី២០ ខែតុលាថា “នៅពេលដែលទីនេះ[ក្រុងបា៉រីស] ធ្វើបាតុកម្ម ខ្ញុំក៏បានទទួលនូវសារពីក្រុងភ្នំពេញ ស្អែកនេះសុំធ្វើបាតុកម្មដែរ។ ឥឡូវឲ្យខ្ញុំត្រូវដោះស្រាយរឿងនេះយ៉ាងម៉េច?”
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ”ស្អែកនេះនឹងមានបាតុកម្មនៅក្រុងភ្នំពេញ ដើម្បីប្រឆាំងបក្សប្រឆាំង ហើយនិងទាមទារដកអនុប្រធានសភាជាតិដែលចេញពីបក្សប្រឆាំង ព្រោះគេឡើងតាមសន្លឹកឆ្នោតគណបក្សប្រជាជន ដូច្នេះគេត្រូវធ្លាក់វិញតាមសន្លឹកឆ្នោតគណបក្សប្រជាជនដែរ”។
ឥឡូវនេះ ដោយមានវប្បធម៌សន្ទនាជារឿងលេងសើច ការតវ៉ាប្រឆាំងនឹងលោក កឹម សុខា បានកើតមានឡើងនៅថ្ងៃបន្ទាប់ក្នុងក្រុងភ្នំពេញ។ តាមព្រំដែនថៃ ក៏មានទាហានខ្មែរតវ៉ាទាមទារដកលោក សុខា ដែរ។
ការតវ៉ាក្នុងក្រុងភ្នំពេញបានធ្វើឡើងភាគច្រើនដោយសន្តិវិធីនៅខាងក្រៅរដ្ឋសភាដែលកំពុងប្រជុំ រហូតដល់មានមនុស្សហិង្សាមួយក្រុមដែលស្ថិតក្នុងចំណោមអ្នកតវ៉ាបានទាញទម្លាក់តំណាងរាស្ត្រគណបក្សប្រឆាំង គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ចេញពីរថយន្តរបស់ពួកគាត់ ក្នុងពេលដែលពួកគាត់កំពុងចាកចេញពីសភា ហើយក៏វាយដំច្រំធាក់ពួកគាត់រហូតមានឈាម។
លោក សម រង្ស៊ី បានបន្ទោសលោក ហ៊ុន សែន ថាបានរៀបចំឲ្យមានការវាយតប់នោះ។ ត្រឡប់មកមាតុប្រទេសវិញ លោក ហ៊ុន សែន បានបដិសេធចំពោះការអះអាងនោះតាមទូរទស្សន៍ ប៉ុន្តែបានអះអាងម្តងហើយម្តងទៀតថា ការតវ៉ានោះបានធ្វើឡើងជាការសងសឹកនឹងបាតុកម្មប្រឆាំងរូបលោកនៅក្នុងក្រុងញូវយ៉ក និងប៉ារីស។
មានទាហានបីនាក់បានចូលខ្លួនសារភាព ហើយត្រូវចាប់ខ្លួនពីបទវាយដំមួយសប្តាហ៍ក្រោយមក។ គ្មាននរណាផ្សេងទៀតនៅក្នុងហ្វូងមនុស្សហិង្សាត្រូវបានគេចាប់ខ្លួនទេ ហើយក្រុមមន្ត្រីបាននិយាយថា ពួកគេមិនដឹងថា ទាហានទាំងបីនាក់នោះចេញមកពីអង្គភាពណាដែរ។
លោក សម រង្ស៊ី ធ្វើដំណើរទៅក្រុងប៉ារីស
ដោយមានការវាយដំច្រំធាក់ជាសាធារណៈទៅលើតំណាងរាស្ត្រ នយោបាយគណបក្សបានប្រែក្លាយយ៉ាងឆាប់រហ័សពីល្អទៅអាក្រក់ដោយបង្ហាញឲ្យឃើញនូវពេលយូរយារមកហើយ។
ប៉ុន្មានថ្ងៃក្រោយពីការវាយដំ សភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបណ្ដេញលោក កឹម សុខា ចេញពីតំណែងអនុប្រធានសភានៅក្នុងសម័យប្រជុំដែលធ្វើពហិការដោយតំណាងរាស្ត្រផ្សេងទៀតរបស់បក្សប្រឆាំង។ អ្នកគាំទ្រ និងអ្នកវិភាគផ្នែកច្បាប់បានចាត់ទុកវិធានការបែបនោះថាខុសច្បាប់ ហើយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចធ្វើព្រងើយកន្តើយ។
ពីរសប្តាហ៍ក្រោយមក គណបក្សកាន់អំណាចបង្កើនការទាមទារ។ តុលាការក្រុងភ្នំពេញបានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ពីបទបរិហារកេរិ៍្តដែលឈ្នះក្តីដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងដើមឆ្នាំ២០១១។
ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅពេលនោះ មេដឹកនាំគណបក្សប្រឆាំងបានប្តេជ្ញាថា លោកនឹងមកប្រឈមមុខការកាត់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានស្រែកទៅកាន់អ្នកគាំទ្រនៅក្រៅប្រទេសថា “ពួកគេនឹងមកចាប់ សម រង្ស៊ី។ តើសម រង្ស៊ីខ្លាចទេ? អត់ទេ។ កម្ពុជាជាប្រទេសកំណើត ជាមាតុភូមិរបស់ខ្ញុំ ហើយខ្ញុំពិតជាត្រូវវិលត្រឡប់ទៅវិញដើម្បីសង្គ្រោះប្រទេសរបស់យើង។ គម្រោងរបស់ខ្ញុំមិនកែប្រែទេ។ ទោះបីខ្ញុំស្លាប់ វាគ្មានបញ្ហាទេ។ ខ្ញុំនឹងស្លាប់ក្នុងនាមជាខ្មែរ ហើយមិនស្លាប់បម្រើជនបរទេសទេ ”។
រឿងនេះមិនដូច្នេះសោះ។ លោក សម រង្ស៊ី បានលុបចោលគម្រោងរបស់លោកប៉ុន្មានម៉ោងមុននឹងដល់ពេលវិលត្រឡប់មកវិញ។ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានសន្យាថានឹងវិលត្រឡប់មកប៉ុន្មានថ្ងៃទៀត បន្ទាប់មកប៉ុន្មានខែទៀត។ ក្រោយមក មេដឹកនាំគណបក្សប្រឆាំងរូបនេះចាប់ផ្តើមនិយាយដោយទទូចថា “វាមិនជួយឲ្យវិលត្រឡប់មកវិញគ្រាន់តែដើម្បីផលប្រយោជន៍នោះទេ”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “វត្តមានផ្ទាល់របស់ខ្ញុំមិនសំខាន់ទេ។ ក្នុងពិភពលោកទំនើបនេះ វត្តមានផ្ទាល់មិនមានសារៈសំខាន់ដូចការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋផ្ទាល់ទេ។ ខ្ញុំនឹងវិលត្រឡប់មកវិញ នៅពេលដែលមានការធានាថា យើងអាចបង្កើតឲ្យមានការផ្លាស់ប្តូរបែបប្រជាធិបតេយ្យ”។
លោក សម រង្ស៊ី បានមានប្រសាសន៍ក្នុងកិច្ចសន្ទនាតាមវិទ្យុកាលពីខែមុនថា លោកនឹងវិលត្រឡប់មកវិញនៅប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែមុននឹងការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោក សម រង្ស៊ី ស្ថិតនៅក្រៅប្រទេស តែរយៈពេលជាប់ពន្ធនាគារកាន់តែកើនឡើង។ មិនយូរប៉ុន្មានបន្ទាប់ពីការចេញដីកាចាប់ខ្លួនដំបូង ក្រុមមន្ត្រីបានប្រកាសថា មេដឹកនាំគណបក្សប្រឆាំងរូបនេះត្រូវចោទប្រកាន់ពីបទសមគំនិត ក្លែង និងញុះញង់ទាក់ទងនឹងសំណុំរឿងលោក ហុង សុខហួរ។
មិនដូចគ្នានឹងឆ្នាំ២០១៣ មន្ត្រីគណបក្សប្រជាជនកម្ពុជាបញ្ជាក់យ៉ាងច្បាស់ថា នឹងលែងមានការលើកលែងទោសឲ្យមេដឹកនាំគណបក្សប្រឆាំងរូបនេះទៀតហើយ។
លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុនថា “បើខ្ញុំចុះហត្ថលេខាទីបី ខ្ញុំនឹងកាត់ដៃស្តាំខ្ញុំក្រវាត់ចោល ទាល់តែធ្វើអ៊ីចឹង [ការមិនចុះហត្ថលេខា] ទើបអ្នកឯងមិនអាចរត់ចេញទៅក្រៅដើម្បីបោកគេទៀត”។
ដោយលោក សម រង្ស៊ី អវត្តមាន លោក កឹម សុខា បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយអមដំណើរអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបដែលត្រូវគេវាយដំ ហើយកាន់តំណែងជាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ។
ទន្ទឹមនឹងនោះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានរៀបចំពិធីជួបជុំយុវជនហ្វុ៊នស៊ិនប៉ិច នៅថ្ងៃទី១១ ខែធ្នូ ដែលនៅពេលនោះព្រះអង្គឲ្យអ្នកគាំទ្រជាយុវជនចំនួន៤០០នាក់ស្រស់ស្រូបអាហារពេលព្រឹក ហើយច្រៀងចម្រៀងព្រះអង្គ និងរាំរែក។
អ្វីៗគ្រប់យ៉ាងវិលត្រឡប់មកសភាពធម្មតាវិញ។

ឱកាសមួយជីវិត
លះបង់ឱកាសរបស់លោកមិនវិលត្រឡប់មកប្រទេសវិញ ហើយប្រឈមនឹងលោក ហ៊ុន សែន និងការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររបស់លោកនោះ លោក សម រង្ស៊ី ចោលឱកាសដើម្បីបង្ហាញថា អ្វីៗបានផ្លាស់ប្តូរ ហើយថា ការបោះឆ្នោតនាឆ្នាំ២០១៨មិនដូចគ្នានឹងការបោះឆ្នោតដទៃទៀតទេ។
ប៉ុន្តែ លោក សម រង្ស៊ី នៅតែមានឱកាសគាប់ប្រសើរដែលអនុញ្ញាតឲ្យលោកវិលត្រឡប់មកកម្ពុជាវិញ ពេលលោកចង់មក ហើយបង្ខំឲ្យលោក ហ៊ុន សែន ចាប់រូបលោក ឬក៏ដកថយ ដែលធ្វើឲ្យរង្គោះរង្គើដល់អាការៈខាងក្រៅនៃការគំរាមពីលោក ហ៊ុន សែន ដែលពុំដែលបានសាកល្បងនៅឡើយ។
លោក ហ៊ុន សែន នឹងសង្ឃឹមថា លោក សម រង្ស៊ី នៅដាច់ឆ្ងាយ ដែលបណ្តោយឲ្យរូបលោកគ្រប់គ្រងប្រទេសក្នុងរយៈពេលពីរឆ្នាំកន្លះបន្តទៀតដោយមានសេរីភាព ស្របពេលដែលមេដឹកនាំគណបក្សប្រឆាំងធ្វើនិរទេសខ្លួន។
លោកនាយករដ្ឋមន្ត្រីលះបង់ចោលច្រើនជាងនេះទៅទៀត ហើយងើបពីស្ថានការណ៍អាក្រក់ក្នុងរយៈេពលបីទសវត្សរ៍នៃការកាន់អំណាចរបស់លោក។ លោក សម រង្ស៊ី ដែលជាទម្លាប់ភៀសខ្លួនពីប្រទេសកម្ពុជា ក្នុងពេលនោះអាចខកខានមិនប្រើឱកាសដ៏អស្ចារ្យត្រឡប់សៀវភៅយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន។
ក្នុងខណៈដែលលោក សម រង្ស៊ី លេងល្បែងអង្គុយរង់ចាំមើល មេគណបក្សប្រឆាំងរូបនេះបន្តសន្និដ្ឋានថា ការខឹងអាក់អន់ស្រពន់ចិត្តនឹងគណបក្សប្រជាជនកម្ពុជា គឺអាចគ្រប់គ្រាន់ដើម្បីធ្វើឲ្យគណបក្សលោកទទួលបានជ័យជម្នះក្នុងឆ្នាំ២០១៨ស្ថិតក្រោមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទ្វេបក្ស ដែលមានការកែទម្រង់។
ប៉ុន្តែក្នុងពេលដែលលោក សម រង្ស៊ី និងលោក ហ៊ុន សែន លេងនយោបាយដូចធម្មតា ពលរដ្ឋខ្មែរជាច្រើនចាប់ផ្តើមមានអារម្មណ៍ថា នោះវាមិនទាន់គ្រប់គ្រាន់ទេ។
ក្នុងឆ្នាំ២០១៥ គណបក្សនយោបាយ៧ថ្មីបានបង្កើតឡើង។ គណបក្សខ្លះតូច ហើយស្ទើរតែកាសែតសរសេរមិនកើតជាព័ត៌មាន គណបក្សផ្សេងទៀតបង្កើតឡើងដោយមានសមាជិកសង្គមស៊ីវិលគួរជាទីគោរព និងមានប្រជាប្រិយភាព។ ថាតើអារម្មណ៍របស់នរណាម្នាក់លើកលែងតែគណបក្សប្រជាជនកម្ពុជាចេញនឹងថាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតក្នុងឆ្នាំ២០១៨ គឺនៅមិនប្រាកដប្រជានៅឡើយ៕រើន