បរិវេណប្រាសាទក្នុងខេត្តព្រះវិហារ គឺជារចនាសម្ព័ន្ធមួយធំបំផុតក្នុងបណ្តារចនាសម្ព័ន្ធធំបំផុតជាច្រើន ប៉ុន្តែអ្នកជំនាញគ្រាន់តែចាប់ផ្តើមពិចារណាថាហតុអ្វីវាកើតឡើង តើវារសាត់ចូលទៅក្នុងព្រៃយ៉ាងដូចម៉្តេច ហើយថាត្រូវធ្វើដូចម៉េ្តចនៅពេលនេះ
បរិវេណប្រាសាទព្រះខ័នកំពង់ស្វាយ ខេត្តព្រះវិហារ - មុននឹងមានការលួចវត្ថុបុរាណគគ្រឹកគ្រេងកាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ដែលបានបញ្ចប់ទៅរយៈពេល១០ឆ្នាំក្រោយមក ដោយមានទាហានប្រដាប់អាវុធនិងឯកសណ្ឋានដែលដឹកតាមឡាននូវរូបចម្លាក់ដែលអាចគាស់យកបានចុងក្រោយនោះ កំណប់វត្ថុបុរាណដ៏ច្រើនក្រាស់ក្រែលត្រូវបានទុកចោលក្នុងទីតាំងសម័យអង្គរដាច់ស្រយាលនេះ។
អ្នកភូមិនៅតែនឹកឃើញថាគេរើសបានចិញ្ចៀននិងខ្សែដៃមាស ដោយគ្រាន់តែជីកកកាយដីជម្រៅពីរបីសង្ទីម៉ែត្រប៉ុណ្ណោះនៅក្នុងបរិវេណក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី។
ប៉ុន្តែហេតុដែលទីតាំងធ្លាប់តែមានកំណប់សម្បូរហៀរហូរត្រូវទុកចោលឲ្យរសាត់ចូលទៅក្នុងព្រៃរាប់សតវត្សរ៍កន្លងមកនេះ គឺនៅតែជាអាថ៌កំបាំង។ លោក ប្រាក់ សុណ្ណារ៉ា ប្រធាននាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ហៅទីតាំងនេះថា “ជាទីរួមខេត្តដ៏អាថ៌កំបាំងបំផុតមួយនៃអាណាចក្រខ្មែរ”។

លោក មិត ហិនឌ្រិកសុន បុរាណវត្ថុវិទូជនជាតិកាណាដាបានកត់ចំណាំថា វាក៏មានទំហំមហិមាដែរ។ បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍ថា “ប្រាសាទនេះគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះវាមានដំណាក់ការច្រើន ហើយទំនងជាដុះចេញមកក្រៅ មកក្រៅ និងមកក្រៅទៅដល់ជញ្ជាំងទីបួនដែលជាដី ហើយមិនមែនថ្មទេ”។
បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍សំដៅលើទីក្រុងមានកំពែងជុំវិញក្នុងឧទ្យានបុរាណវិទ្យាអង្គរថា “លោកអ្នកក្រឡេកមើលតំបន់ដែលព័ទ្ធជុំវិញ គឺវាមានទំហំប្រហែលជា២២គីឡូម៉ែត្រការ៉េ។ គ្រាន់តែមើលឃើញ អង្គរធំគឺ១២គីឡូម៉ែត្រការ៉េ”។
លោក ហិនឌ្រិកសុន បានមានប្រសាសន៍ថា បរិវេណព្រះខ័ន ជាបរិវេណប្រាសាទតែមួយគត់ដ៏ធំបំផុតសង់ក្នុងសម័យអាណាចក្រអង្គរ គឺត្រូវបានកសាងឡើងអស់រយៈពេលជាច្រើនសតវត្សរ៍ ពោលគឺពីចុងសតវត្សរ៍ទី១០រហូតដល់ចុងសតវត្សរ៍ទី១២។ បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍ថា “ដូច្នេះ [ស្តេច] សូរ្យវរ្ម័នទីមួយ សូរ្យវរ្ម័នទីពីរ និងជ័យវរ្ម័នទី៧មានស្នាមជើងនៅទីនេះ។ ហើយស្តេចនៅចន្លោះនោះទំនងជាមានការកែប្រែខ្លះៗនៅត្រង់នេះ និងនៅត្រង់នោះ”។
ចាប់តាំងពីដំណើរលើកដំបូងរបស់លោកទៅកាន់ប្រាសាទព្រះខ័នកំពង់ស្វាយក្នុងឆ្នាំ២០០៧ ដែលអ្នកស្រុកហៅថាបាកាន លោក ហិនឌ្រិកសុនចាប់អារម្មណ៍យ៉ាងខ្លាំងនឹងទីតាំងនេះ ដោយជាយថាហេតុជំរុញឲ្យលោកចុះឈ្មោះសហសេវិកពីប្រទេសកម្ពុជានិងប្រទេសជាច្រើនទៀតឲ្យចូលរួមជាមួយលោក ហើយមានបំណងជជីករកឲ្យឃើញចំណុចគួរឲ្យងឿងឆ្ងល់មួយចំនួនទាក់ទងនឹងប្រវត្តិអាថ៌កំបាំងរបស់ប្រាសាទនេះ។

ក្នុងពេលស្រាវជ្រាវថ្នាក់បណ្ឌិតរបស់លោកស្តីពីបណ្តាញផ្លូវថ្នល់សម័យអង្គរ លោក ហិនឌ្រិកសុនបានរកឃើញថា ព្រះមហាក្សត្រពីរអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះផ្លូវថ្នល់ចម្ងាយ១០០គីឡូម៉ែត្រដែលតភ្ជាប់ពីប្រាសាទព្រះខ័នទៅដល់រាជធានីអាណាចក្រអង្គរនៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះ។ សាលាសំណាក់បានសាងសង់ឡើងនៅម្ខាងផ្លូវដោយព្រះបាទសូរ្យវរ្ម័នទី២ក្នុងដើមសតវត្សរ៍ទី១២ និងនៅម្ខាងទៀតដោយព្រះបាទជ័យវរ្ម័នទី៧ក្នុងចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣។ បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍ថា “បើនិយាយទៅ វាគ្មានផ្លូវ [សម័យអង្គរ] ដទៃទៀតដែលមានចំណាប់អារម្មណ៍ជារាជាធិរាជបែបហ្នឹងទេ”។
ហេតុផលអាចថា ព្រះខ័នគឺមានចម្ងាយ២៧គីឡូម៉ែត្រពីភ្នំដែក ជាប្រភពរ៉ែដែកសម្បូរបំផុតរបស់ប្រទេសកម្ពុជា។ លោក ហិនឌ្រីសុន ឥឡូវជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យអិល្លីណយនៅក្រុងឆីកាហ្គូ បានមានប្រសាសន៍ថា “ទឡ្ហីករណ៍ដែលខ្ញុំកំពុងដាក់ស្នើសម្រាប់គម្រោងទាំងស្រុងរបស់ខ្ញុំគឺថា អាណាចក្រខ្មែរមិនអាចឈានដល់អំណាចថ្វីដៃដែលគេបានធ្វើបានទេ បើមិនបង្កើនផលិតកម្មដែកទេនោះ”។
បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍ថា ដើម្បីសាងប្រាសាទនានានៅអង្គរ គេត្រូវការសម្ភារធ្វីអំពីដែក ហើយប្រហែលជាចន្ទល់ដែករាប់ពាន់ ដើម្បីដាក់ចន្លោះថ្ម និងដើម្បីបង្កើនអំណាចដល់អាណាចក្រដែលកំពុងពង្រីកនេះ គេក៏ត្រូវការឧបករណ៍កសិកម្មដែរ។ លោកបានមានប្រសាសន៍ថា “អ្នកមិនអាចមានជ័យជម្នះលើក្រុមជិតខាងផ្សេងៗគ្នា ដោយគ្មានប្រភពសព្វាវុធល្អៗបានទេ”។
លោកបានមានប្រសាសន៍ថា “អ៊ីចឹង វាអាចថាកន្លែងនេះគឺជាផ្លូវសេដ្ឋកិច្ចសំខាន់ គឺមិនមែនត្រឹមតែផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការដោះដូរដែក ពោលគឺ នេះជាប៉ុស្តិ៍មុខដែលសម្រួលដែកឲ្យនាំចូលមក”។

លោក ដូមីនិក ស៊ូទិហ្វ ជាបុរាណវត្ថុវិទូនិងជាអក្សរចារឹកវិទូ ដែលជាប្រធានការិយាល័យនៃវិទ្យាស្ថានសាលាបារាំងចុងបូព៌ាប្រចាំក្រុងសៀមរាបបានមានប្រសាសន៍ថា “នេះពិតជាទីក្រុងឧស្សាហកម្មមួយមែន គឺជាទីតាំងឧស្សាហកម្មពិតប្រាកដ។ ផលិតកម្មសំខាន់និងផលិតកម្មទូលំទូលាយមានន័យថាវាជាទីក្រុងមួយដ៏ធំ ហើយទីក្រុងធំមួយនេះមានជាប់ទាក់ទងនឹងប្រាសាទមួយដ៏ធំ”។
លោក ស៊ូទិហ្វ បានមានប្រសាសន៍ថា ការរក្សាកម្លាំងការងារឧស្សាហកម្មនឹងតម្រូវឲ្យមានការផ្តល់ការហូបចុក ការផ្តល់កន្លែងស្នាក់នៅ និងការគាំពារប្រជាជនដ៏ច្រើន គឺមានន័យថា ប្រជាជនដែលមានមុខជំនួញនិងមុខរបរផ្សេងៗគ្នាធ្វើការនៅក្នុងតំបន់នោះ។
លោកបានមានប្រសាសន៍ថា “ទីក្រុងរីកធំបានទទួលផលប្រយោជន៍ពីថាមភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម ហើយប្រាសាទក៏ដូច្នេះដែរ”។ លោកបានមានប្រសាសន៍ថា រឿងនេះទំនងជាបន្តទៅដល់សតវត្សរ៍ទី១៦ គឺក្រោយពីព្រះមហាក្សត្របានបោះបង់ចោលអង្គរ ហើយផ្លាស់ប្តូររាជធានី។

លោក ស៊ូទីហ្វ ដែលកំពុងធ្វើកំណាយនៅហ្នឹងកន្លែងជាមួយលោក ហិនឌ្រិកសុន បានមានប្រសាសន៍បន្ថែមថា ទោះជាយ៉ាងនេះក្តី មានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ដើម្បីធ្វើឲ្យសម្មតិកម្មទាំងនេះក្លាយជាហេតុការណ៍ប្រវត្តិសាស្ត្រ។ កំណាយចុងក្រោយបំផុត គឺក្នុងខែមករា ហើយក្រុមស្រាវជ្រាវរបស់ពួកគេមានសមាសភាពពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនីនិងបុរាណវត្ថុវិទូកម្ពុជា រួមទាំងលោក ផុន កសិការ ប្រធានផ្នែកបុរាណវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។
លោក កសិការ បានមានប្រសាសន៍ថា ចំណុចមួយទៀតនៃការស្រាវជ្រាវដែលធ្វើឡើងនៅឯប្រាសាទព្រះខ័ន គឺត្រូវសិក្សាពីការផ្លាស់ប្តូរពីរពុទ្ធសាសនាមហាយានដែលមានការប្រតិបត្តិនៅអង្គរ ទៅជាពុទ្ធសាសនាថេរវាទដែលគេប្រតិបត្តិក្រោយមកទៀត ហើយក៏បន្តក្លាយជាប្រពៃណីលើសលុបនៃប្រទេសនេះ។ លោក កសិការ បានមានប្រសាសន៍ថា “ទីតាំងនេះគឺជាកន្លែងដែលមានការប្រតិបត្តិពុទ្ធសាសនាត្រូវផ្លាស់ប្តូរ”។ ក្នុងបណ្តាកម្មវត្ថុស្រាវជ្រាវគឺប៉មពីរដែលគេជឿថាមានអាយុកាលពីដំណាក់ការពីរផ្សេងគ្នានៃព្រះពុទ្ធសាសនា។
កំណាយដំបូងនិងការសិក្សាក៏បានផ្តល់នូវយោបល់ថា ទីធ្លាធំធេងនៅឯព្រះខ័នត្រូវបានប្រើសម្រាប់ផលិតវត្ថុធ្វើអំពីដែកនិងថែមទាំងរូបចម្លាក់ថ្មដែរ។ លោក ហិនឌ្រិកសុន បានមានប្រសាសន៍ថា ថ្មអនុវត្តដែលប្រើដោយសិប្បករ ដើម្បីសាកល្បងគូរ គឺត្រូវបានគេរកឃើញនៅទីកន្លែងនោះ។
ទីនេះអាចបង្កើតជំនួញជាមួយតំបន់ផ្សេងទៀតនៃប្រទេសនិងតំបន់នេះ។ លោក ហិនឌ្រិកសុនបានមានប្រសាសន៍ថា “យើងបានរកឃើញក្អមឆ្នាំងពីបំណែកនីមួយៗនៃពិភពខ្មែរ”។

ដើម្បីស្វែងរកចម្លើយទាក់ទងនឹងការស្លនិងចាក់ពុម្ពដែក បុរាណវត្ថុវិទូរូបនេះបានអំពាវនាវដល់មន្ទីរពិសោធស្រាវជ្រាវបារាំងដែលមានឯកទេសឲ្យសិក្សាអំពីលោហៈនេះ។ មន្ទីរពិសោធបុរាណសម្ភារនិងព្យាករណ៍ការផ្លាស់ប្តូរ (LAPA)គឺបានពង្រីកបច្ចេកវិទ្យាថ្មី ដើម្បីសិក្សាវត្ថុធ្វើពីដែកដែលបានរកឃើញនៅឯទីតាំងបុរាណវត្ថុវិទ្យាទាំងឡាយ។
កាលពីខែមីនា មានអ្នកស្រាវជ្រាវ LAPA បីនាក់ជួយដោយលោក ហិនឌ្រិកសុន លោក កសិការ និងក្រុមបុរាណវត្ថុវិទូមួយក្រុមមកពីក្រសួងវប្បធម៌ក្នុងពេលចុះសិក្សាទៅដល់ភ្នំដែកនិងព្រះខ័ន។
លោក ហ្វីលិព ឌិល្លម៉ាន់ ជាបុរាណវត្ថុលោហស្សាហករ បានមានប្រសាសន៍ថា នេះជាលើកទីមួយដែលបច្ចេកវិទ្យាថ្មីទាំងនេះបង្កើតឡើងសម្រាប់ប្រាសាទមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងអ៊ឺរ៉ុប គឺត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងអាស៊ី។ លោកបានមានប្រសាសន៍ថា “ការកំណត់បរិមាណនៃលោហធាតុដែលត្រូវការដើម្បីកសាងប្រាសាទ [នៅអង្គរ] គឺជារឿងដែលធ្វើឲ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង”។
អ្នកស្រី ស្ទេផានី ឡឺរ៉យ ជាបុរាណវត្ថុលោហស្សាហករបាននិយាយថា ក្នុងរយៈពេល១០ថ្ងៃនៃដំណើរចុះសិក្សា ក្រុមបានធ្វើការវិភាគជាបឋមចំនួន៩០០ទៅលើសំណាកយ៉ាងច្រើន។

អ្នកស្រីបាននិយាយថា ការវិភាគបន្តទៀតកំពុងតែធ្វើនៅមន្ទីរពិសោធក្នុងប្រទេសបារាំង ដើម្បីឆ្លើយសំណួរ ដូចជាថាតើវិធីស្លដែកបានវិវត្តអស់រយៈពេលរាប់សតវត្សរ៍ និងថាតើចន្ទល់ដែកដែលប្រើសម្រាប់ប្រាសាទនានានៅអង្គរមកពីដែកដែលគេស្លនៅឯភ្នំដែក ឬត្រូវគេធ្វើនៅព្រះខ័នឬយ៉ាងណា។ ការវិភាគរូបគីមីបានលាតត្រដាងថា ដែកនៅប្រាសាទព្រះខ័នគឺពិតជាដែកថែប ដែលជាដែកមានគុណភាពខ្ពស់បំផុត។
លោក ហិនឌ្រិកសុន បានកត់សម្គាល់ថា រឿងនេះគូសបញ្ជាក់ជាលើកដំបូងថា ដែកដែលប្រើសម្រាប់សាងសង់ប្រាសាទសម័យអង្គរ គឺត្រូវបានវិភាគ។ លោកបាននិយាយថា ការកំណត់ប្រភពដើមនៃដែកនោះអាចជួយគូសរូបភាពនៃប្រព័ន្ធឧស្សាហកម្មនិងជំនួញក្នុងសម័យអាណាចក្រ។ទោះបីមានការស្រាវជ្រាវទូលំទូលាយរាប់ទសវត្សរ៍ទៅលើប្រាសាទនានាដែលកសាងក្នុងអំឡុងពេលអង្គរក៏ដោយ ក៏ស្ទើរតែមិនមានគេដឹងអំពីជីវិតប្រចាំថ្ងៃក្នុងអំឡុងពេលនោះដែរ។
នៅឯប្រាសាទព្រះខ័ន អាថ៌កំបាំងក៏កាន់តែកប់ជ្រៅទៅទៀត។ ដោយសារតែមិនមានការដ្ឋានដីកថ្មសម្រាប់យកថ្មភក់នៅក្បែរទេ អ្នកស្រាវជ្រាវមិនដឹងថាគេរកថ្មបានពីទីណា ដើម្បីកសាងកំពែងប្រវែង៨០០ម៉ែត្ររបស់ប្រាសាទនេះទេ ដែលមានកម្ពស់៣,៥ម៉ែត្រ គឺមិនបាច់និយាយដល់រចនាសម្ពន្ធផ្សេងទៀតនៅក្នុងទីធ្លាដ៏ធំល្វឹងល្វើយឡើយ។
លោក គ្រិស្ទាន ហ្វិស៊ឺ ជាភូគព្ភវិទូនៅវិទ្យាស្ថានបុរាណវត្ថុវិទ្យាកូតសិននៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ក្រុងឡូស អានជេលលេស បានមានប្រសាសន៍ថា “យើងកំពុងនិយាយពីផ្ទាំងទំហំ៤ម៉ែត្រការ៉េដែលមានទម្ងន់រវាង៥និង១០តោន”។

ថ្មភក់នៅឯប្រាសាទនោះបានមកពីកម្រិតភូគព្ភសាស្ត្រ ដែលមានឈ្មោះថា ស្រទាប់ក្រហម ហើយមិនមានប្រភពច្បាស់លាស់នៅក្នុងតំបន់នេះទេ។ លោក ហ្វីស៊ឺ បាននិយាយថា ទាក់ទងនឹងទម្ងន់និងចំនួននៃថ្មភក់ដែលត្រូវការដើម្បីកសាងនៅឯប្រាសាទព្រះខ័ននោះ ខ្មែរនឹងស្វែងរកប្រភពណាដែលនៅជិតបំផុត។ លោកជឿថា ថ្មបានមកពីបាតនៃអាងស្តុកទឹកប្រវែង៣គីឡូម៉ែត្រ ឬក៏បារាយណ៍ដែលតភ្ជាប់ទៅនឹងទីធ្លា ដោយមានកម្មករទាញផ្ទាំងថ្មភក់ក្នុងពេលដែលពួកគេជីក។ លោកបាននិយាយថា “បញ្ហាគឺត្រង់ថា យើងមិនមានភ័ស្តុតាងនៅត្រង់ចំណុចនេះទេ”។ លោកបាននិយាយបន្ថែមថា កំណាយនឹងប្រាប់ការពិត។
រឿងទាំងនេះគឺគ្រាន់តែជាប្រវត្តិអាថ៌កំបាំងមួយចំនួនប៉ុណ្ណោះទាក់ទងនឹងប្រាសាទព្រះខ័នកំពង់ស្វាយ ដែលក្រុមអ្នកស្រាវជ្រាវសង្ឃឹមថានឹងលាតត្រដាង ឬបញ្ជាក់ការពិត។ ដាននៃការលាបពណ៌ដែលគេរកឃើញនៅឯទីតាំងនោះអាចចង្អុលបង្ហាញថា រចនាសម្ព័ន្ធប្រាសាទទាំងមូល គឺគ្របដណ្តប់ទៅដោយថ្នាំលាបពណ៌ និងបន្ទះដែក។
លោក ហ្វីស៊ឺ បាននិយាយថា “ទីតាំងនោះគឺមានទ្រព្យធនមិនគួរឲ្យជឿយ៉ាងពិតប្រាកដ។ នៅពេលលោកអ្នកជ្រើសរើសយកតំបន់កំណាយមួយកន្លែង ជីករណ្តៅពីរឬបីដែលមានទំហំពីរបីម៉ែត្រការ៉េ បន្ទាប់មកជីកជម្រៅ១ម៉ែត្រ ហើយក៏ឃើញកាក់ចិន។ វាអស្ចារ្យណាស់”។ កាក់ទាំងនេះផលិតនៅសតវត្សរ៍ទី១០និង១១ គឺត្រូវគេរកឃើញក្នុងពេលធ្វើកំណាយកាលពីខែមករា ដោយចង្អុលបង្ហាញទៅលើជំនួញ ឬទេសចរបរទេស ឬជំនួញផង ទេសចរផង គឺមានអាយុប្រហែល៥០០ ឬ៦០០ឆ្នាំមុន។
ដូច្នេះសម្បីតែពេលមានការលួចក៏ដោយ ក៏វត្ថុបុរាណនៅតែអាចរកឃើញដែរ។ ដើរកាត់តាមទីធ្លាដ៏ធំល្វឹងល្វើយ លោក ហិនឌ្រិកសុន បាននិយាយថា លោកបានរកឃើញរណ្តៅជីកខ្វះកកាយ៩០០កន្លែង ហើយបន្ទាប់មកក៏ឈប់រាប់ចំនួន។ ចំពោះកំណាយនៅឆ្នាំនេះ លោកបែរទៅប្រើឧបករណ៍លីដារ ជាបច្ចេកវិទ្យាប្រើរស្មីឡេស៊ែរ ដើម្បីកំណត់តំបន់កំណាយដែលមិនទទួលរងការលួចកាលពីមុន។

លោក ជា វណ្ណា ប្រធានឆ្មាំប្រាសាទបាននិយាយថា “រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៨០ ប្រាសាទនេះស្អាតណាស់ បន្ទាប់មកអ្នកស្រុកនិងអ្នកក្រៅមកជីកកកាយរកមាស…. ជួនកាលគេឃើញមាសនៅជិតប្រាង្គប្រាសាទ ហើយគេនៅតែជីករហូតដល់ក្រោម។ នេះជាហេតុចម្បងមួយដែលធ្វើឲ្យរចនាសម្ព័ន្ធប្រាសាទទ្រុឌទ្រោម”។
លោក វណ្ណា បាននិយាយថា ក្នុងចុងទសវត្សរ៍ឆ្នាំ១៩៩០ ការលួចវត្ថុបុរាណកើតឡើងយ៉ាងអនាធិបតេយ្យ។ ប្រុសៗស្លៀកពាក់ឯកសណ្ឋានយោធាដឹករូបចម្លាក់តាមឡានដើម្បីយកលុយពីឈ្មួញថៃ។លោកបាននិយាយថា ការជួញដូរបែបនេះត្រូវបានទប់ស្កាត់ នៅពេលដែលក្រសួងវប្បធម៌បានជួលឆ្មាំការពារទីកន្លែងនេះក្នុងឆ្នាំ២០០០ ហើយក៏បញ្ឈប់ទាំងស្រុងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ ក្រោយពីអាជ្ញាធរនិងអង្គការក្រៅរដ្ឋាភិបាលបានធ្វើយុទ្ធនាការអប់រំតាមមូលដ្ឋាន។
លោកបាននិយាយថា សព្វថ្ងៃនេះ បញ្ហាបន្ទាន់បំផុតសម្រាប់ឆ្មាំ២៤នាក់គឺប្រឈមនឹងការកាប់ឈើអនាធិបតេយ្យ ក្នុងពេលដែលឈើធំៗមួយចំនួននៅលើទីតាំងនោះគឺជាប្រភេទឈើដ៏មានតម្លៃ។ ការការពារទីតាំងដ៏ធំល្វឹងល្វើយនេះ គឺមិនមែនជាបញ្ហាកំប៉ិកកំប៉ុកទេ។ អស់រយៈពេលរាប់សតវត្សរ៍មកហើយ ទីតាំងនេះមានព្រៃក្រាស់ ដោយគ្របដណ្តប់ទៅលើដីដោយរុក្ខជាតិខៀវស្រងាត់ ក្នុងពេលដែលដើមឈើលូតលាស់កាត់តាមរចនាសម្ព័ន្ធប្រាសាទ ហើយឡោមព័ទ្ធជុំវិញទីធ្លា ដែលញ៉ាំងទីតាំងនេះឲ្យមានសោភ័ណភាពស្រស់ត្រកាល និងគួរឲ្យព្រឺក្បាល ដោយសារវាពិបាកនឹងការពារ។
លោក វិត វណ្ណៈ មន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃនាយកដ្ឋានបុរាណវិទ្យានៃក្រសួងវប្បធម៌បាននិយាយថា ដើម្បីជួយស្ថានការណ៍នេះឲ្យល្អប្រសើរ ក្រសួងវប្បធម៌ ដែលទទួលមើលការខុសត្រូវលើទីតាំង គឺបានបង្កើនចំនួនឆ្មាំការពារ។ លោកបាននិយាយបន្តថា “ក្រសួងកំពុងមានគម្រោងចុះបញ្ជីសារពើភណ្ឌនូវដើមឈើ អ៊ីចឹងយើងនឹងមានកំណត់ត្រា។ ទីតាំងនេះមានសក្តានុពលទេសចរណ៍ដោយមានសោភ័ណភាពធម្មជាតិស្រស់ត្រកាល”។

លោក ក្រូច បណ្តូល មេឃុំរណសិរ្ស បានចងចាំនូវបញ្ហាផ្សេងៗនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលអ្នកស្រុករស់នៅដោយភ័យខ្លាចពីការវាយប្រហារប្រដាប់អាវុធរវាងយោធាកម្ពុជានិងទាហានខ្មែរក្រហម ដែលបានបោះទីតាំងនៅក្នុងតំបន់នោះ។ មេឃុំរូបនោះបាននិយាយថា ឥឡូវនេះ មានការផ្តោតទៅលើការបញ្ចុះបញ្ចូលពលរដ្ឋឲ្យជឿថា មានតែការថែរក្សាតំបន់នេះឲ្យល្អទេ ទើបមានធម្មជាតិស្រស់ត្រកាលដែលជាផលប្រយោជន៍សំខាន់ដល់ពួកគេ។
មេឃុំរូបនេះបាននិយាយថា “សារសំខាន់បំផុតមួយដែលយើងផ្សព្វផ្សាយក្នុងចំណោមអ្នកស្រុកគឺថា ពលរដ្ឋអាចរកប្រាក់កាស់បានពីប្រាសាទនេះ អ៊ីចឹងគេគួររួមដៃជាមួយអាជ្ញាធរ ដើម្បីការពារប្រាសាទនិងដើមឈើនៅជុំវិញនិងនៅក្នុងទីធ្លា”។
ប្រាសាទនេះគឺស្ថិតនៅជនបទដែលត្រូវធ្វើដំណើររយៈពេលបួនម៉ោងពីក្រុងសៀមរាប នៅក្នុងឃុំមួយដែលមានភូមិប្រាំបី មានអ្នកស្រុកប្រហែល៤០០គ្រួសាររស់នៅទីនោះ។ អ្នកភូមិបាននិយាយថា នាពេលបច្ចុប្បន្ន ទីតាំងនេះទាក់ទាញទេសចរប្រហែល១០នាក់ក្នុងមួយថ្ងៃនៅរដូវមានទេសចរច្រើន។ ទោះបីជាមានភោជនីយដ្ឋានមួយកន្លែងសម្រាប់ទេសចរ និងផ្ទះសំណាក់ពីរបីក៏លក់អាហារបរិភោគដែរក៏ដោយ ក៏ទេសចរចង់នៅតែពេលថ្ងៃប៉ុណ្ណោះ។
ប៉ុន្តែ ក្តីសង្ឃឹមនាពេលអនាគតសម្រាប់ប្រាសាទនេះ គឺនឹងមានជោគជ័យ។ ប្រាសាទព្រះខ័នកំពង់ស្វាយ ដែលមានឈ្មោះខុសគ្នាពីប្រាសាទព្រះខ័ននៅអង្គរ ដោយសារតែប្រាសាទនេះស្ថិតនៅក្នុងស្រុកកំពង់ស្វាយ គឺវាស្ថិតនៅក្នុងបញ្ជីដាក់ស្នើរបស់អង្គការយូណេស្កូនៃទីតាំងបេតិកភណ្ឌពិភពលោក។

លោក សុវណ្ណារ៉ា ប្រធាននាយកដ្ឋានបេតិកភណ្ឌ បានមានប្រសាសន៍ថា “ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការការពារប្រាសាទនាសម័យអង្គរដ៏អស្ចារ្យដែលគេស្គាល់តិចតួចបំផុតនេះជាអាទិភាព”។
ក្តីសង្ឃឹមរបស់លោក ហិនឌ្រិកសុន គឺថានិស្សិតបុរាណវត្ថុវិទ្យាមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនឹងចូលរួម ហើយជ្រើសរើសប្រាសាទនេះដើម្បីធ្វើនិក្ខេបបទរបស់ពួកគេ ហើយទីតាំងនេះអាចក្លាយជាថ្នាលសិក្សាសម្រាប់ទាំងនិស្សិតខ្មែរ ទាំងនិស្សិតបរទេស។
លោកបាននិយាយថា “មានកំណាយច្រើនណាស់ដែលត្រូវធ្វើ ហើយក៏ជាឱកាសបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយដែរ”៕ រើន