តាមតំបន់ជនបទនៃប្រទេសកម្ពុជា មេខ្យល់ដែលនាំកូនក្រមុំ គឺបង្កើតឧស្សាហកម្មមួយដោយលក់ក្តីសុបិនចិនឲ្យគ្រួសារខ្មែរក្រីក្រ
ភូមិ៧៧ ខេត្តកំពង់ចាម - អស់រយៈពេលជាងបីឆ្នាំ ចាប់តាំងពីមេខ្យល់ចូលមកដល់ភូមិក្រខ្សត់មួយនេះ ដោយនិយាយផ្សព្វផ្សាយអំពីជីវិតល្អប្រសើរដល់ស្ត្រីវ័យក្មេងៗដែលកំពុងតែនឿយហត់ និងក្រីក្រដោយគិតតែពីអនាគតដែលមិនហួសពីការធ្វើចម្ការដំឡូងមី និងធ្វើការនៅរោងចក្រកាត់ដេរ។
ពីផ្ទះមួយទៅផ្ទះមួយ មេខ្យល់និយាយអួតពីគំនិតរវើរវាយទាក់ទងនឹងស្នេហា និងទ្រព្យសម្បត្តិគឺមានឱកាសទៅរស់នៅប្រទេសចិន។
ពួកគេក៏បញ្ចុះបញ្ចូលម្តាយឪពុកដែរ។ ស្ត្រីខ្មែរមានវ័យពាក់កណ្តាលភាគច្រើន មានមួយចំនួនហក់ចូលក្នុងជំនួញនេះ បន្ទាប់ពីបញ្ជូនកូនស្រីរបស់ខ្លួនធ្វើដំណើរលើវិថីមួយដែលគេមិនស្គាល់។
ក្នុងកិច្ចសម្ភាសមួយនៅឯការិយាល័យកាលពីដើមឆ្នាំនេះ អ្នកស្រី ធិម សារិន ដែលធ្វើការទាក់ទងនឹងបញ្ហាស្ត្រីជាមួយអង្គការសិទ្ធិមនុស្សអាដហុកក្នុងខេត្តកំពង់ចាមបានមានប្រសាសន៍ថា “ហេតុអីពួកគេត្រូវនៅ? តើមនុស្សក្មេងៗមានអ្វីធ្វើនៅទីនេះ?”
ចម្ការស្វាយចន្ទី និងដំឡូងមី គឺជាប្រភពផ្តល់ការងារពិតប្រាកដនៅទីនេះ ហើយការងារនេះទៀតសោត គឺមានតាមរដូវ ដោយធ្វើឲ្យភូមិ៧៧មានរស់នៅតែជីដូនជីតាដែលត្រូវមើលថែទាំចៅៗ ចំណែកឯមនុស្សវ័យកណ្តាលវិញចាកចេញទៅរកប្រាក់កាស់អស់។
បុរសជាច្រើនទៅធ្វើការជាជាងសំណង់នៅក្នុងប្រទេសថៃ ឬក្នុងក្រុងភ្នំពេញ អ្នកខ្លះទៀតទៅធ្វើជាកម្មកររោងចក្រ ឬខ្សែឧស្សាហកម្មផលិតកម្មនៅទីនោះ ហើយអ្នកខ្លះដែលមានសំណាងតិចតួចក៏ធ្លាក់ខ្លួនជាទាសករនៅលើទូកនេសាទថៃ។
ចំពោះស្ត្រី ពួកគេភាគច្រើនមិនបានរៀនសូត្រ នៅពេលដែលពួកគេចាកចេញពីស្រុកភូមិ គឺប្រទេសកម្ពុជាផ្តល់នូវឱកាសសេដ្ឋកិច្ចតិចតួចស្តួចស្តើងក្រៅតែពីការងាររោងចក្រលំបាកៗ ហើយទទួលបានប្រាក់ខែទាប ឬប្រកបរបរដែលមានហានិភ័យដូចជាការលក់ស្រាបៀរ ឬផ្លូវភេទ។ អ៊ីចឹងហើយដោយមានការយល់ព្រមពីឪពុកម្តាយ ពួកគេភាគច្រើនក៏ធ្វើចំណាកស្រុក។

អ្នកស្រី ណារិន បានមានប្រសាសន៍ថា “គេត្រូវចាកចេញ គឺប្រសើរជាងនៅទីនេះ”។ ទោះបីជាមានបម្រាមក៏ដោយ ក៏ស្ត្រីនៅតែធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការជាអ្នកបម្រើក្នុងផ្ទះ ប៉ុន្តែមានរឿងគួររន្ធត់ទាក់ទងនឹងការរំលោភ ការវាយធ្វើបាប និងទាសភាព។ការធ្វើការលំបាកនៅក្នុងរោងចក្រប្រទេសថៃ ឬនៅកន្លែងការដ្ឋានសំណង់គឺជារឿងមិនគួរឲ្យត្រូវចិត្តទាល់តែសោះ។ ប្រទេសកូរ៉េខាងត្បូងក៏ជាគោលដៅសម្រាប់ស្ត្រីវ័យក្មេងក្រីក្ររាប់ពាន់នាក់ ហើយភាគច្រើនរកបានជីវិតសុខសាន្តនៅទីនោះ ដោយរៀបការយ៉ាងរីករាយ ធ្វើការនៅរោងចក្រអេឡិកត្រូនិក និងទទួលបានប្រាក់ខែសមរម្យ។
ប៉ុន្តែប្រទេសកូរ៉េខាងត្បូងតម្រូវឲ្យពលករចំណាកស្រុករៀនភាសាកូរ៉េជាមុនសិន ដែលគ្រួសារភាគច្រើននៅទីនេះមិនមានប្រាក់កាស់សមល្មមដើម្បីចំណាយទេ ហើយក៏តម្រូវឲ្យមានការអប់រំជាមូលដ្ឋាន ជាការមួយកម្រនៅទីនេះ។ម្យាងវិញទៀត ជីវិតនៅក្នុងប្រទេសចិនទទួលបានប្រាក់កាស់រាប់រយដុល្លារជាមុន និងសន្យាថាមានប្រាក់ផ្ញើមកផ្ទះវិញជាបន្តបន្ទាប់ចំពោះគ្រួសារណាដែលមានកូនស្រីរៀបការជាមួយមនុស្សចម្លែក។
អ្នកស្រី ណារិន បានមានប្រសាសន៍ថា “គេគិតថានៅក្នុងប្រទេសចិន គេអាចសម្រាកនៅផ្ទះ ហើយរង់ចាំចំណែកប្រាក់ខែប្តី ដើម្បីផ្ញើមកផ្ទះ។ ប្រទេសកូរ៉េ គឺត្រូវធ្វើការងារ”។
ហេតុដូច្នេះ អ្នកស្រីប៉ាន់ប្រមាណថា មានស្ត្រីប្រហែលបួននាក់ក្នុងបណ្តា១០នាក់ដែលចាកចេញពីខេត្តកំពង់ចាមធ្លាក់ចូលក្នុងប្រទេសចិនតាមរយៈជំនួញកូនក្រមុំមិនស្របច្បាប់នេះ។អ្នកស្រីនិយាយបន្តថា មានស្ត្រីខ្លះក្លាយជាផ្នែកនៃកម្លាំងជ្រើសរើសខ្លួនឯង ដោយបញ្ចុះបញ្ចូលស្ត្រីផ្សេងទៀតនៅក្នុងភូមិឲ្យរៀបការជាមួយបុរសជនជាតិចិន ហើយក៏បន្តផ្តល់លុយកាក់។
យោងតាមអ្នកស្រី ណារិន ឲ្យដឹងថា ដោយឥតគិតពីតួនាទីរបស់ពួកគេ ពួកគេទាំងអស់ គឺស្ថិតក្នុងជំនួញកូនក្រមុំព្រោះតែហេតុផលតែមួយគឺ ដោះស្រាយបំណុលគ្រួសារ។
កណ្តៀវមួយត្រូវគេកាប់ចំថ្ងាស លាន ហេង។ ស្ត្រីវ័យ៥០ឆ្នាំរូបនេះកំពុងដេកក្នុងផ្ទះ។ កូនប្រុសពៅរបស់អ្នកស្រី និងប្រពន្ធរបស់វាត្រូវរងការវាយតប់នៅក្នុងបន្ទប់ជាប់គ្នាដោយប្តីដែលលែងលះនៃកូនច្បងរបស់អ្នកស្រី។
អ្នកស្រី ហេង បាននិយាយកាលពីខែមុនដោយបើកសក់បង្ហាញស្នាមផុងនឹងកណ្តៀវថា “វាមកសម្លាប់យើង”។
អង្គុយត្រមង់ត្រមោចម្នាក់ឯងនៅឯខាងក្រៅផ្ទះតៀមដែលគ្របដណ្តប់ទៅដោយធូលីក្រហម ហើយជញ្ជាំងមុខមានគូសក្រវេមក្រវាមដោយលេខទូរស័ព្ទ លោកយាយរូបនេះបានពន្យល់ថា ការវាយប្រហារនេះបានធ្វើឲ្យចៅស្រីរបស់គាត់ស្លាប់។
អតីតប្តីដែលប្រច័ណ្ឌបានកាប់ទៅលើក្បាលកូនប្រសាស្រីរបស់អ្នកស្រីឲ្យរបួសរយះធំពីជើងសក់ស្ទើរដល់ចិញ្ចើម នាងដេកពេទ្យរាប់ខែ ដោយគ្រួសារនាងត្រូវធ្វើដំណើរចុះឡើងៗពីខេត្តកំពង់ចាមនិងក្រុងភ្នំពេញ។ ស្ត្រីរូបនេះត្រូវផ្សាំស្បែកមុខដែលវះពីជើងរបស់នាង។ វិក្កយបត្រមន្ទីរពេទ្យសម្រាប់អ្នកទាំងបីនាក់កើនឡើងដល់៥.០០០ដុល្លារ។

អ្នកស្រី ហេង បាននិយាយដោយបែរទៅរកផ្ទះដែលគ្មានសម្ភារលើកលែងតែធុងបាសមួយគូដែលកូនប្រុសរបស់អ្នកស្រីបានទិញសម្រាប់ពិធីជប់លៀងថា “យើងមិនមែនជាអ្នកមានទេ។ តើយើងអាចធ្វើអ្វីកើត?”
ជីដូនរូបនេះបានខ្ចីបុលលុយកាក់ពីក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ប៉ុន្តែ មិនយូរមិនឆាប់បំណុលនោះក៏មិនអាចសងបាន ព្រោះគ្រួសារដែលមានចៅបួននាក់ត្រូវពឹងផ្អែកលើប្រាក់ខែកូនប្រុសពីរនាក់ដែលធ្វើសំណង់នៅប្រទេសថៃ។
ហើយបន្ទាប់មកនៅចុងឆ្នាំ២០១២ មេខ្យល់បានមកដល់។
អ្នកស្រី ហេង បាននិយាយអំពីចៅស្រីច្បងរបស់អ្នកស្រីឈ្មោះ រ៉េន ស្រីវឿន នៅពេលនោះអាយុ១៧ឆ្នាំ ដែលឪពុករបស់វាបានកាន់កណ្តៀវថា “យើងបញ្ជូននាងទៅប្រទេសចិន ពីព្រោះយើងគ្មានជម្រើសផ្សេងទេ។ ឥឡូវនាងមានកូនតូច”។
អ្នកស្រី ហេង បាននិយាយថា ចៅស្រីរបស់អ្នកស្រីត្រូវបានបញ្ចុះបញ្ចូលដោយមេខ្យល់ថា មានបុរសស្រស់សង្ហានិងហ៊ឺហា ហើយនាងក៏ចាញ់បោកពាក្យបញ្ចុះបញ្ចូលរបស់ពួកគេ។ ប៉ុន្តែ បន្ថែមទៅលើរឿងស្នេហាវិញ មេខ្យល់ក៏មានប្រាក់ ហើយសន្យាថា មានលុយផ្ញើមកផ្ទះដែលក្រុមគ្រួសារត្រូវការដើម្បីចិញ្ចឹមជីវិត។ ជីដូនរូបនេះនិយាយបើកកកាយថា រឿងនេះគឺទាក់ទងនឹងលុយកាក់។
ជីដូនរូបនេះបាននិយាយដោយយំខ្សឹកខ្សួលសំយុងមុខចុះថា “យើងបានគិតថា បើនាងមិនទៅ តើគ្រួសារនឹងដោះស្រាយបញ្ហាយ៉ាងម៉េចកើត”។
ទោះជាយ៉ាងនេះក្តី ភ្លាមៗក្រោយពីកញ្ញា ស្រីវឿនបានទៅដល់ប្រទេសចិន វាជារឿងប្រាកដថា ការធ្វើចំណាកស្រុកដើម្បីរៀបការនឹងមិនមែនជាដំណោះស្រាយដែលគ្រួសារនាងត្រូវការចាំាបាច់ទេ។
នារីរូបនេះត្រូវគេលក់ឲ្យបុរសម្នាក់វ័យចាស់ជាងនាងឆ្ងាយណាស់ ហើយគាត់ជាកម្មករចម្ការ និងការដ្ឋានសាងសង់។ គេបាននាំនាងទៅតំបន់ចុងកាត់មាត់ញកមួយដែលនាងមិនស្គាល់ថាជាកន្លែងណា ពីព្រោះនាងមិនចេះអានអក្សរ និងនិយាយភាសាចិន ហើយក៏រស់នៅក្នុងផ្ទះមួយតូចជាមួយគ្រួសារមានសាច់ញាតិថ្មីច្រើនរបស់នាង។
បងស្រីប្តីរបស់នាងស្អប់ខ្ពើមនាងណាស់។ គ្រួសារនេះក្រីក្រ គឺតោកយ៉ាកជាងនាងទៅទៀត។ នាងទទួលបានអាហារចែកចុងក្រោយគេ ឯប្រាក់ផ្ញើមកផ្ទះទៀតសោតក៏កាន់តែតិចតួចស្តួចស្តើងទៅទៀត។
អ្នកស្រី ហេង បាននិយាយថា ចៅស្រីរបស់គាត់ ឥឡូវអាយុ២១ឆ្នាំចង់ចាកចេញ ហើយក្រុមគ្រួសារក៏ចង់ឲ្យនាងត្រឡប់មកផ្ទះវិញដែរ ហើយក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុក៏ផ្តន្ទាដែរ។ ប៉ុន្តែប្តីរបស់នាងមានអំណាចទាំងអស់ ដោយបង់លុយឲ្យនាងដែលមិនដឹងថានាងនៅទីណា ឬទៅផ្ទះតាមវិធីណា។
អ្នកស្រី ហេង បាននិយាយដោយសម្រក់ទឹកភ្នែកពីមុខផ្ទះគាត់ថា “យើងបានលុយ៧០០ដុល្លារពីមេខ្យល់។ អ្នកស្រីបាននិយាយថា អ្នកស្រីតែងតែយំស្រែក ជាពិសេសពេលមានបុណ្យទានធំម្តងៗ នៅពេលដែលកម្មករចំណាកស្រុកភាគច្រើនក្នុងភូមិ៧៧បានវិលត្រឡប់មកផ្ទះសំបែងវិញ។ អ្នកស្រីនិយាយថា “វាហាក់ដូចជាយើងលក់ចៅស្រីអ៊ីចឹង”។

រយៈពេលជាង១០ឆ្នាំមកនេះ ខេត្តកំពង់ចាមក្លាយជាប្រភពសម្រាប់បុរសអាស៊ីខាងកើតដែលស្វែងរកកូនក្រមុំបរទេស។ តៃវ៉ាន់ និងកូរ៉េខាងត្បូងមានស្ត្រីខ្មែររាប់ពាន់នាក់បានរៀបការចូលប្រទេសរបស់គេ រហូតដល់មានការអនុវត្តច្បាប់ថ្មី គឺក្នុងឆ្នាំ២០០៩ និង២០១០ ដើម្បីធ្វើនិយតកម្មលើជំនួញជួញដូរមនុស្ស។
អង្គការនានា និងនគរបាលពីថ្នាក់ជាតិចុះក្រោមទទួលស្គាល់ថា ពួកគេមិនមានទិន្នន័យពិតប្រាកដទាក់ទងនឹងនិន្នាការថ្មីៗបំផុតក្នុងចំណាកស្រុកដើម្បីរៀបការទេ ប៉ុន្តែទិន្នន័យដែលពួកគេមាន គឺបង្ហាញថា មានតំបន់មួយចំនួននៅតែជាគោលដៅយុទ្ធសាស្ត្ររបស់មេខ្យល់។
លោក ថុល ម៉េង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ចាមបានមានប្រសាសន៍ថា “ពួកគេទៅកន្លែងណាដែលមានអ្នកក្រីក្រ មានអ្នកជំពាក់បំណុលគេ”។ លោក ថុល ម៉េង បាននិយាយថា ការិយាល័យនេះមានមន្ត្រីមួយក្រុម១៧នាក់ ដែលជាកម្លាំងធំបំផុតក្រៅពីក្រុងភ្នំពេញ។
ក្នុងបទសម្ភាសមួយនៅឯការិយាល័យរបស់លោកក្នុងទីរួមខេត្ត លោក ម៉េង បានពន្យល់ថាហេតុអ្វីបានជាតំបន់ដាច់ស្រយាលបំផុតនៃស្រុកចំការលើ ដែលរួមមានភូមិ៧៧ផង ក៏ដូចជាតំបន់ក្រីក្រស្រដៀងគ្នានៃខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ គឺជាតំបន់មានការប៉ះពាល់ធ្ងន់ជាងគេក្នុងប្រទេសកម្ពុជា។
លោកពន្យល់ថា បន្ទាប់ពីរកឃើញតំបន់គោលដៅ ក្រុមមេខ្យល់បានចុះទៅសហគមន៍ទាំងនោះ ផ្សព្វផ្សាយដំណឹងដល់ក្រុមគ្រួសារឲ្យបានច្រើនដែលអាចធ្វើទៅបាន ហើយក៏ចាកចេញទៅ។
លោក ម៉េង បាននិយាយថា “គេចាកចេញទៅមុននឹងយើងដឹងថា ពួកគេបានមក”។ លោកបាននិយាយាបន្ថែមថា នគរបាលមិនដឹងថា តំបន់នោះទទួលរងផលប៉ះពាល់ទេ រហូតទល់តែប៉ុន្មានខែក្រោយមកទើបដឹង ជាធម្មតា តាមរយៈបណ្តឹងពីគ្រួសារមួយដែលសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្លួន។ នៅពេលនោះការធ្វើចំណាកស្រុកបានកើតឡើងស្ងាត់ៗ ចំពោះស្ត្រីក្មេងៗមួយចំនួននៅក្នុងភូមិនោះ។ មន្ត្រីនគរបាលរូបនេះបាននិយាយថា មេខ្យល់ក៏កាន់តែចូលមកច្រើនឡើង ដោយទាក់ទងអ្នកភូមិឲ្យស្វែងរកកូនក្រមុំបន្ថែមទៀតដើម្បីបំពេញក្តីសង្ឃឹមរបស់គេ។
លោក ម៉េង បាននិយាយថា “អ្នកភូមិខ្លះធ្វើការឲ្យមេខ្យល់ ប៉ុន្តែ ពួកគេមិនដឹងពីផលប៉ះពាល់នៃសកម្មភាពរបស់គេទេ។ គេដឹងត្រឹមតែថា គេបានប្រាក់១០០ដុល្លារសម្រាប់មនុស្សម្នាក់ដែលគេយល់ព្រមធ្វើចំណាកស្រុក”។
បន្ទាប់ពីមានស្ត្រីម្នាក់យល់ព្រមធ្វើដំណើរ នាងត្រូវធ្វើដំណើរមកក្រុងភ្នំពេញដែលនៅទីនោះនាងទទួលដោយមេខ្យល់ទី២ ដែលមានភារកិច្ចរៀបចំប្រាក់កាស់និងរត់ឯកសា គឺមានលិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ។ បន្ទាប់មកស្ត្រីនោះត្រឡប់ទៅផ្ទះវិញនិងរង់ចាំប្រហែលមួយខែមុននឹងគេហៅឲ្យត្រឡប់មកក្រុងភ្នំពេញវិញ ដែលនៅទីនោះ នាងអាចស្នាក់នៅរង់ចាំនៅក្នុងផ្ទះល្វែងរយៈពេលពីរបីថ្ងៃ មុននឹងធ្វើដំណើរតាមយន្តហោះជាមួយនឹងកូនក្រមុំមួយក្រុម។

ក្នុងខណៈដែលមានរឿងរ៉ាវទាក់ទងនឹងការលក់ដូរ និងការធ្វើបាបចាប់ផ្តើមលេចឮឡើងទាក់ទងនឹងជំនួញបែបនេះ រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៤បានដាក់សម្ពាធលើស្ថានទូតចិននៅកម្ពុជាឲ្យពិនិត្យពិច័យឲ្យបានតឹងរឹងចំពោះការដាក់ពាក្យសុំទិដ្ឋាការរបស់ស្ត្រីជនជាតិខ្មែរក្មេងៗដែលនៅលីវ។ ដំបូងឡើង បញ្ហានេះបានបង្ខំឲ្យជំនួញនេះធ្វើដោយសម្ងាត់ ហើយក៏កាន់តែគ្រោះថ្នាក់។ ស្ត្រីទាំងនោះចាប់ផ្តើមធ្វើដំណើរតាមផ្លូវគោកកាត់តាមប្រទេសវៀតណាម ដែលទទួលដោយមេខ្យល់មួយទៅមេខ្យល់មួយទៀត ហើយឆ្លងតាមច្រករបៀងសម្ងាត់កាត់តាមផ្លូវរត់ពន្ធដែលគ្រប់គ្រងដោយក្រុមជួញដូរមនុស្សចូលទៅក្នុងភាគខាងត្បូងនៃប្រទេសចិន។
ទោះជាយ៉ាងនេះក្តី ស្ត្រីមួយចំនួននៅតែព្យាយាមធ្វើដំណើរតាមផ្លូវអាកាស ដោយមានប្តីប្រពន្ធមួយគូត្រូវនគរបាលចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រូវចោទប្រកាន់ពីបទជួញដូរមនុស្សកាលពីខែកញ្ញាឆ្នាំមុននេះ។
ប្តីប្រពន្ធមួយគូនេះមានវ័យពាក់កណ្តាលម្ភៃ បានប្រាប់នគរបាលថា ពួកគេនឹងទទួលបានប្រាក់១ម៉ឺនដុល្លារពីក្រុមមនុស្សមានមូលដ្ឋាននៅប្រទេសចិន ដែលជាជនជាតិខ្មែរនិងចិន ចំពោះការរកបានស្ត្រីវ័យក្មេងពីរនាក់ ដោយរៀបចំឲ្យពួកគេនូវលិខិតឆ្លងដែននិងទិដ្ឋាការ ហើយជូនដំណើរពួកគេឡើងយន្តហោះនៅពេលរាត្រីឆ្ពោះទៅកាន់ក្រុងសៀងហៃ។
លោក ម៉េង បាននិយាយថា លោកបានបញ្ជូនករណីជួញដូរមនុស្សជាងម្ភៃករណីទៅកាន់តុលាការខេត្តកំពង់ចាម ចាប់តាំងពីដើមឆ្នាំ២០១៥។ លោកបាននិយាយថា មេខ្យល់ទាំងអស់គឺជាស្ត្រីខ្មែរមានវ័យកណ្តាល។ លោកបាននិយាយថា ការងាររបស់លោកទៅជាឥតប្រយោជន៍ ប្រសិនបើបញ្ហានោះមិនត្រូវបានដោះស្រាយនៅថ្នាក់ជាតិ និងមានកិច្ចសហការពីអាជ្ញាធរចិនទេនោះ។
មន្ត្រីនគរបាលរូបនេះបាននិយាយថា “ប្រសិនបើគេមិនចាប់ខ្លួនអ្នកជួញដូរនៅប្រទេសចិនទេ បណ្តាញផ្គត់ផ្គង់របស់គេនៅទីនេះរីកដុះដាល ហើយបញ្ហាក៏នៅតែកើតមាន”។
នាង ឡុង ចាន់ធី មានវ័យ២០ឆ្នាំ។ លិខិតឆ្លងដែនរបស់នាងសរសេរថា នាងកើតក្នុងខែកក្កដា ឆ្នាំ១៩៨៩។ លិខិតឆ្លងដែនសរសេរថា ឈ្មោះនាងគឺ ឈា លក្ខណា។ នាងមិនដឹងថាហេតុអ្វីទេ។
នាង ចាន់ធី បានរស់នៅក្នុងខេត្តជាងស៊ី ភាគអាគ្នេយ៍ប្រទេសចិន បានរៀបការនឹងអ្នកបើកគ្រឿងចក្រឈូសដី បន្ទាប់ពីមេខ្យល់បានប្រគល់ប្រាក់៧០០ដុល្លារឲ្យឪពុកម្តាយនាង ពោលគឺរយៈពេលជិតពីរឆ្នាំ នៅពេលដែលនាងបានទទួលទូរស័ព្ទក្នុងឆ្នាំ២០១៤ពីឪពុករបស់នាងដែលរស់នៅក្នុងភូមិ៧៧។
នាង ចាន់ធី បាននិយាយកាលពីខែមុនខាងក្រៅផ្ទះរបស់នាង ដែលនាងកំពុងបីកូនប្រុសទើបនឹងកើតរបស់នាងថា “គាត់និយាយថា ម៉ែកូនឯងចង់បញ្ជូនមនុស្សស្រីមកប្រទេសចិន។ ខ្ញុំក៏បានប្រាប់គាត់ថា ស្ថានការណ៍បានផ្លាស់ប្តូរ គឺថា គេនឹងចាប់ខ្លួនគាត់”។
ការព្រមាននេះមិនមានអ្នកស្តាប់ទេ។ ម្តាយរបស់នាង ចាន់ធី បានធ្លាក់ចូលទៅក្នុងល្បែងនេះ ដោយប៉ុនប៉ងបញ្ចុះបញ្ចូលនារីៗឲ្យរៀបការជាមួយប្តីចិនឲ្យដូចកូនស្រីរបស់គាត់ដែរ។ ប៉ុន្តែ ល្បែងនេះមិនមានអាយុវែងទេ គាត់ត្រូវនគរបាលចាប់ខ្លួនក្នុងខែមីនា ឆ្នាំ២០១៥ ហើយក៏ត្រូវជាប់ពន្ធនាគារខេត្តរយៈពេលប្រាំបីខែ។
លោក ទ្រឿង ឡុង ជាឪពុករបស់នាង ចាន់ធី ដែលអង្គុយនៅលើរានមុនផ្ទះ បាននិយាយថា “ពេលខ្ញុំបញ្ជូនកូនខ្ញុំទៅ គឺងាយណាស់។ ឥឡូវរដ្ឋាភិបាលហាមឃាត់។ ស្ត្រីខ្លះទៀតនៅទីនេះ នៅតែស្វែងរកនារីក្មេងៗដើម្បីបញ្ជូនទៅប្រទេសចិន ប៉ុន្តែ គេត្រូវបរាជ័យ ពីព្រោះនគរបាលមានអ្នកស៊ើបការណ៍សម្ងាត់នៅទីនេះ។ វាស្ងាត់ប្រហែលមួយឆ្នាំមកហើយ”។

អ្នកស្រី យ៉ន ធឿន ជាម្តាយបានចេញពីគុក ហើយប្តីប្រពន្ធនេះមានបំណងបញ្ជូនសមាជិកគ្រួសារម្នាក់ទៀត គឺកូនស្រីពៅរបស់គេ ដែលទើបតែមានវ័យ១៦ឆ្នាំ ហើយកំពុងធ្វើជាបម្រើនៅមជ្ឈមណ្ឌលទេសចរណ៍ក្រុងសៀមរាម។
អ្នកស្រី ធឿន បាននិយាយទាំងប្រយ័ត្នប្រយែងសម្តីថា “កូនស្រីខ្ញុំមានគម្រោងយកប្អួនស្រីនាងទៅជាមួយនៅពេលនាងវិលត្រឡប់ទៅប្រទេសចិនវិញ។ ប៉ុន្តែ យើងកំពុងសន្សំប្រាក់ធ្វើលិខិតឆ្លងដែន”។
អ្នកស្រីបានពន្យល់អំពីបញ្ហាដែលកូនទាំង៤នាក់របស់គាត់បានចាកចេញពីផ្ទះសំបែង ដើម្បីស្វែងរកប្រាក់កាស់ផ្គត់ផ្គង់ឪពុកម្តាយចាស់ៗ។ កូនប្រុសពីរនាក់របស់អ្នកស្រីធ្វើជាកម្មកររោងចក្រកាត់ដេរ ក៏ប៉ុន្តែលុយកាក់ផ្ញើពីប្រទេសចិនចំនួន៣ពាន់ដុល្លារក្នុងមួយឆ្នាំពីអ្នកបើកគ្រឿងចក្រឈូសដី គឺជាប្រាក់ចំណូលច្រើនបំផុតរបស់គ្រួសារនេះ។
អ្នកស្រីបាននិយាយថា “យើងមិនធ្វើការទេ យើងគ្រាន់តែចាំលុយពីស្រុកចិន”។ អ្នកស្រីបាននិយាយបន្ថែមថា ប្រសិនបើគ្មានលុយកាក់ផ្តល់ឲ្យពីកូនៗទេ ប្តីដែលមានកម្លាំងខ្សោយ នឹងវិលធ្វើជាគ្រូទាយវិញ។
ក្រោយមក ស្ត្រីជាម្តាយរូបនេះបានប្តូរសាច់រឿងរបស់គាត់ដោយនិយាយថា គាត់មិនអាចបញ្ជូនកូនស្រីពៅរបស់គាត់ទៅស្រុកចិនបានទេ។ និយាយខុសពីអ្នកដទៃទៀត បុរសជាឪពុករូបនេះបាននិយាយថា គាត់ចង់ប្រគល់កូនស្រីពៅគាត់ឲ្យទៅបុរសជនជាតិកូរ៉េនៅក្រុងភ្នំពេញ ដើម្បីបានប្រាក់១ម៉ឺនដុល្លារ។ទន្ទឹមនឹងនេះ យុវតីនេះរត់លេងជុំវិញផ្ទះ ប្រឡែងលេងជាមួយក្មួយប្រុសកាត់ចិន ហើយសិតសក់វែងអន្លាយរបស់នាងដោយមិនខ្វល់ខ្វាយ ប៉ុន្តែ បានដឹងថា គេចាត់ទុកនាងជាទំនិញ។ ទោះជាយ៉ាងនេះក្តី យុវតីរូបនេះនិយាយថា នាងមានគម្រោងជីវិតផ្ទាល់ខ្លួន។
យុវតីរូបនេះនិយាយថា “ខ្ញុំចង់រស់នៅស្រុកខ្មែរ ហើយរៀបការប្តីខ្មែរ”។
អាពាហ៍ពិពាហ៍ឆ្លងប្រទេសជួបប្រទះនូវឧបសគ្គជាច្រើនសម្រាប់ប្តីប្រពន្ធ ជាពិសេសឧបសគ្គដែលនាង ចាន់ធី ជាម្តាយវ័យក្មេងកំពុងតែប្រឈមមុខដោះស្រាយ។
អ្នកនាងនិយាយថា នៅពេលដែលនាងបានពរពោះកាលពីឆ្នាំមុន អាជ្ញាធរខេត្តជាងស៊ី បានប្រាប់នាងថា កូនរបស់នាងនឹងមិនទទួលបានសញ្ជាតិចិនទេ នាងមិនដឹងថាហេតុអ្វីឡើយ ប៉ុន្តែ សង្ស័យថា វាអាចទាក់ទងនឹងភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍របស់នាងដែលនាងក៏មិនដឹងច្បាស់ដែរ ព្រោះថា មិនមានការរៀបការជាផ្លូវការទេ ហើយនាងស្ទើរតែមិនអាចនិយាយទាក់ទងស្តាប់គ្នាបានជាមួយបុរសដែលនាងចាត់ទុកថា ជាប្តីដែរ។
ដោយភ័យខ្លាចថា កូនរបស់នាងនឹងក្លាយជាកូនគ្មានប្រទេស នាងក៏បានវិលមកស្រុកវិញដើម្បីសម្រាលកូនប្រុសម្នាក់ឈ្មោះ លី គូយ៉ាង ឬ លី សំអាត។ ប្តីនាងក៏បានជូននាងមកដើម្បីអង្វរករមន្ត្រីស្ថានទូតចិនឲ្យផ្តល់សញ្ជាតិពីរដល់កូនខ្លួន ឬធ្វើឲ្យការរស់នៅជាមួយគ្នាក្លាយជាផ្លូវការ។
នាងនិយាយដោយយកច្រមុះថើបកូនថ្មមៗថា “ខ្ញុំចង់ឲ្យកូនខ្ញុំក្លាយជាជនជាតិចិននៅប្រទេសចិន។ នាងបាននិយាយជាភាសាចិនថា ‘ខឺអាយ ប៉ាវប៉ាវ’ កូនគួរឲ្យស្រឡាញ់។

ក្រុងប៉េកាំងបានលុបចោលគោលនយោបាយកូនមួយដ៏ចម្រូងចម្រាសរបស់ខ្លួនក្នុងខែតុលា ប៉ុន្តែ ទម្លាប់ចាស់នៅតែមាន។
ក្រៅពីបណ្តាលឲ្យមានការរំលូតកូនកំណត់តាមភេទ និងក្មេងស្រីដែលបោះបង់ចោលរាប់លាននាក់ ដោយចង់បានកូនប្រុសសម្រាប់បន្តវង្សត្រកូននោះ គោលនយោបាយដែលគេឈប់ប្រើទៅហើយនេះ នឹងនៅតែបន្តជាច្រើនឆ្នាំតទៅមុខទៀត គឺកម្លាំងដ៏ធំដែលអូសទាញស្ត្រីបរទេសឲ្យមកប្រទេសចិន។
គេកំណត់ថា នៅឆ្នាំ២០២០នឹងមានកម្លោះចាស់ជនជាតិចិន៣០លាននាក់ដែលមិនអាចរកប្រពន្ធបាន។ ពួកគេហៅថា មែកបាក់ ដែលតំណាងការអស់សែស្រឡាយ។ គ្រួសារភាគច្រើនក្រីក្រតោកយ៉ាកនិងពិការ។
កង្វះស្ថិតិរួមផ្សំនឹងកលល្បិចប្រែប្រួលរបស់មេខ្យល់ និងបុរសជាប្តី ធ្វើឲ្យវាពិបាកសម្រាប់ក្រុមគ្រួសារនិងក្រុមអង្គការសិទ្ធិមនុស្ស ដើម្បីតាមដានចំណាកស្រុកទៅរៀបការ ឬត្រូវការពារគ្រោះថ្នាក់ជាមុន។ រឿងរ៉ាវទាក់ទិននឹងការឃុំឃាំង ទាសភាព អំពើហិង្សា ការរំលូតកូនដោយបង្ខំ និងការរំលោភ ដែលប្រព្រឹត្តដោយប្តី គ្រួសារ និងមិត្តភ័ក្តិ បានកើតមានដោយមានការរ៉ាយរ៉ាប់ទាក់ទងនឹងការរត់គេចខ្លួន និងការអត់ផ្ទះសំបែងនៅ ក៏ដូចជាមានរបាយការណ៍ថា មានមន្ត្រីកម្ពុជានៅក្នុងប្រទេសចិនព្រងើយកន្តើយមិនជួយ ឬថែមទាំងឃុបឃិតក្នុងជំនួញនេះដែរ។
ដោយចេះភាសាចិនតិចតួច ឬមិនចេះសោះ និងដោយប្តីរបស់គេ ឬមេខ្យល់ដកហូតលិខិតឆ្លងដែននោះ ប្រពន្ធជាជនជាតិខ្មែរត្រូវប្រថុយប្រថាន ប្រសិនបើពួកគេប៉ុនប៉ងរត់ចេញ។ ស្ត្រីរូបនេះជាជនបរទេសដែលមានឯកសារ និងពុំអាចពន្យល់រឿងរ៉ាវរបស់ខ្លួនឲ្យអ្នកដទៃយល់បានទេ។
ស្ថានទូតក្រុងប៉េកាំងប្រចាំក្រុងភ្នំពេញបដិសេធមិនផ្តល់ទិន្នន័យទាក់ទងនឹងស្ត្រីខ្មែរដែលទទួលបានទិដ្ឋាការធ្វើដំណើរទៅកាន់ប្រទេសចិនអស់រយៈកាលជាច្រើនឆ្នាំមកនេះទេ។ ស្ថានទូតបាននិយាយថា ខ្លួនមិនទាក់ទងនឹងអាពាហ៍ពិពាហ៍ខ្មែរចិនទេ។ ស្នើសុំស្ថិតិកាលពីខែកញ្ញា អ្នកនាំពាក្យស្ថានទូត លោក ចឹង ហុងប័រ គ្រាន់តែនិយាយថា ចំនួនស្ត្រីដែលធ្វើដំណើរទៅប្រទេសចិនដើម្បីរៀបការគឺថយចុះ បន្ទាប់ពីមានការប្រឹងប្រែងរឹតត្បិតជំនួញបែបនេះ និងទប់ស្កាត់ការរំលោភបំពាន។
អ្នកនាំពាក្យស្ថានទូតចិនរូបនេះបាននិយាយថា ស្ថានទូតបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះដាក់ពាក្យសុំទិដ្ឋាការរបស់ស្ត្រីវ័យក្មេង ដែលត្រូវរឹតបន្តឹងលំហូរនៃកូនក្រមុំ ប៉ុន្តែថា ការពិនិត្យពិច័យដូចគ្នានេះមិនមានការអនុវត្តនៅក្នុងក្រុងហូជីមិញទេ ដែលនៅទីនោះជនជាតិខ្មែរក៏អាចដាក់ពាក្យសុំចូលប្រទេសចិនបានដែរ។
ចំពោះអ្នកដែលធ្វើដំណើរទៅប្រទេសចិន អាយុស្របច្បាប់សម្រាប់ស្ត្រីរៀបការទៅប្រទេសចិនគឺ២០ឆ្នាំ ដោយបង្កឲ្យមានការក្លែងថ្ងៃខែកំណើតនៅលើលិខិតឆ្លងដែន។ អ្នកនាំពាក្យរូបនេះនិយាយថា ដំណើរការអាពាហ៍ពិពាហ៍គឺដូចគ្នានឹងជនជាតិចិនដូចគ្នាដែរ ហើយកូននៃអាពាហ៍ពិពាហ៍ពេញច្បាប់នឹងកើតមកក្លាយជាជនជាតិចិន។ ទន្ទឹមនឹងនេះ ការលែងលះ និងការបែកបាក់គ្នាអាចក្លាយជាបញ្ហាស្រកេកស្រកាកផ្នែកទ្រព្យសម្បត្តិ ដែលតម្រូវឲ្យប្តីប្រពន្ធនោះបែកគ្នាជាផ្លូវការ ដោយមានការព្រមព្រៀងពីភាគីទាំងពីរ មុននឹងកូនក្រមុំអាចចាកចេញពីប្រទេសចិនបាន។
ក្រៅពីប្រើវិធីអប់រំតាមវិទ្យុ និងទូរទស្សន៍ ដើម្បីជូនដំណឹងដល់ស្ត្រីខ្មែរនូវគ្រោះថ្នាក់នៃការធ្វើចំណាកស្រុកទៅរៀបការនោះ ក្រសួងការបរទេសកម្ពុជាអាចត្រឹមតែប្រឹងប្រវេប្រវានៅពីខាងក្រោយបញ្ហា។ កាលពីខែមុន មានស្ត្រីបីនាក់ គឺមានពីរនាក់មកពីខេត្តកំពង់ចាមបានវិលមកផ្ទះវិញ ក្រោយពីមានការជួយជ្រោមជ្រែងពីក្រសួងការបរទេស។

យោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសឲ្យដឹងថា ស្ត្រីបីនាក់នោះបានធ្វើដំណើរតាមយន្តហោះទៅខេត្តក្វាងចូវ ដោយមានឯកសារស្របច្បាប់ និងត្រៀមរៀបការ ប៉ុន្តែត្រូវស្ទាក់ឃាត់ដោយមន្ត្រីស្ថានកុងស៊ុលនៅឯព្រលានយន្តហោះ។ លោក ជុំ សុន្ទរី បានមានប្រសាសន៍ថា “នគរបាលចិនបានសន្និដ្ឋានថា នេះជាការជួញដូរមនុស្ស”។ លោកបាននិយាយបន្ថែមថា បុរសជនជាតិចិនពីរនាក់ត្រូវបានចាប់ខ្លួន ដោយសារតែនាំស្ត្រីនោះ។
ប៉ុន្តែការផ្តន្ទាទោសអ្នកជួញដូរមនុស្សទាំងនេះកម្រច្បាស់លាស់ណាស់។
យោងតាមអ្នកស្រី ជូ ប៊ុនអេង ឲ្យដឹងថា គណៈកម្មាធិការអន្តរក្រសួងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រទេសកម្ពុជាកំពុងធ្វើការជាមួយក្រុងប៉េកាំង ដើម្បីពង្រីកផែនការសកម្មភាពដោះស្រាយបញ្ហាទាក់ទងនឹងការរៀបការឆ្លងប្រទេស។ ទោះជាយ៉ាងនេះក្តី ផែនការនេះផ្តោតលើការធានាថា ស្ត្រីខ្មែរកំពុងធ្វើចំណាកស្រុក និងរៀបការដោយមានឯកសារត្រឹមត្រូវ ហើយមិនមានគោលដៅចំលើកត្តាជំរុញនិងកត្តាអូសទាញចំណាកស្រុកដែលនៅពីក្រោយនិន្នាការនេះទេ។
អ្នកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា ក្នុងដំណើរទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ អ្នកស្រីបានជួួបជាមួយប្តីប្រពន្ធជនជាតិចិន-ខ្មែរមួយចំនួនដែលរស់នៅយ៉ាងសុខដុម ហើយថា ក្រសួងសន្តិសុខសាធារណៈចិនបានជម្រាបអ្នកស្រីថា ប្តីប្រពន្ធរាប់ពាន់គូផ្សេងទៀតក៏រស់នៅដោយរីករាយដូចគ្នាដែរ។
អ្នកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា ក្នុងខណៈដែលស្ត្រីជនជាតិខ្មែរក្មេងៗភាគច្រើនធ្វើដំណើរទៅប្រទេសចិនដោយស្ម័គ្រចិត្ត គឺវាហួសការលូកចូលដល់របស់រដ្ឋាភិបាលក្នុងការចាត់ទុកថាខុសច្បាប់នូវជំនួញនេះ។ អ្នកស្រីបានមានប្រសាសន៍ថា “យើងមិនអាចគ្រាន់តែបញ្ឈប់ពួកគេមិនឲ្យទៅបានទេ គឺយើងនឹងរំលោភសិទ្ធិមនុស្សរបស់យើង”។
“នៅស្រករខ្ញុំ មិនអាចរកប្រពន្ធបានទេនៅប្រទេសចិននោះ ទាល់តែអ្នកមានប្រាក់ច្រើន”។
ឃូយ ចេន ស៊ីង ជាកម្មករចិន អាយុ៣៩ឆ្នាំ បានមកប្រទេសកម្ពុជាកាលពីខែមុនជាលើកដំបូង ដើម្បីមកលេងសាច់ថ្លៃរបស់គាត់ជាមួយភរិយារបស់គាត់ ច្រឹក សុខលី ដែលប្រាប់ថាមានអាយុ២៦ ប៉ុន្តែមើលទៅហាក់ដូចជាក្មេងជាងអាយុ។
ចោមរោមដោយពូមីងក្នុងផ្ទះរបស់គ្រួសារក្នុងភូមិវារីកើត នៅក្បែរភូមិ៧៧ អ្នកស្រី សុខលី បន្ទាប់ពីមកដល់អាកាសយានដ្ឋានចិនមិនស្គាល់ឈ្មោះមួយ ក្នុងនាមអនាគតកូនក្រមុំក្នុងឆ្នាំ២០១៣ បានពន្យល់ថាអ្នកស្រីត្រូវគេនាំទៅផ្ទះស្ត្រីខ្មែរម្នាក់ និងប្តីជនជាតិចិនរបស់គាត់នៅទីប្រជុំជនមួយ ដែលអ្នកស្រីមិនស្គាល់សោះ។
ម្ចាស់ផ្ទះបានបង្ហាញអ្នកស្រីនូវរូបថតរបស់បុរសរាងស្តើងខ្ពស់មានស្បែកស្អាតដោយសារកម្មវិធីហ្វូតូហ្សប។ ស្ត្រីម្ចាស់ផ្ទះបានសួរ ថាតើអ្នកស្រីព្រមយកបុរសនោះធ្វើជាប្តីទេ។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនបានបដិសេធទេ។ “ប្រសិនបើខ្ញុំមិនយល់ព្រម ខ្ញុំនឹងត្រូវរង់ចាំក្នុងផ្ទះនោះ”។
ដប់ថ្ងៃក្រោយមក បុរសក្នុងរូបថតនោះបានបង្ហាញមុខឲ្យឃើញ ជាមួយនឹងកំលោះចាស់ម្នាក់។ អ្នកស្រី សុខលី និងស្ត្រីខ្មែរវ័យក្មេងម្នាក់ទៀត ក្នុងស្ថានភាពដូចគ្នាក្នុងដំណើរការផ្គូផ្គងនេះ ត្រូវគេសម្អិតសម្អាងកាយឲ្យ ហាក់ដូចជាសម្រាប់ថ្ងៃណាត់ដើរលេងអ៊ីចឹង គឺសម្លៀកបំពាក់ បំពង់លាបបបូរមាត់ និងទឹកអប់។ អ្នកទាំងបួនបានបរិភោគអាហារថ្ងៃត្រង់ជាមួយគ្នា មានទឹកមុខនិងកាយវិការអឹមអៀនដូចគ្នា។ ស្ត្រីទាំងពីរនាក់មិនចេះនិយាយភាសាចិនសូម្បីតែមួយម៉ាត់ ហើយបុរសចិនវិញក៏មិនដែលឮភាសាខ្មែរដែរ។
អ្នកស្រី សុខលី បាននិយាយដោយភាំងៗនៅពេលអ្នកស្រីចុចទូរស័ព្ទស្មាតហ្វូនរបស់គាត់ថា “ខ្ញុំត្រឹមតែបានក្រឡេកមើលគាត់ និងគិតក្នុងចិត្តថា ‘គាត់នឹងល្អចំពោះខ្ញុំ’។ ខ្ញុំគិតថា ‘ប្រហែលនេះជាវាសនារបស់ខ្ញុំហើយ’”។
អនាគតគូស្វាមីនេះបានបែកផ្លូវគ្នា ហើយមានពេលបីថ្ងៃដើម្បីគិតពិចារណាអំពីអនាគតរបស់ខ្លួន។ អ្នកស្រី សុខលី បាននិយាយថា ក្នុងរយៈពេល៧២ម៉ោងនោះ “ខ្ញុំគិតតែអំពីគាត់ប៉ុណ្ណោះ”។

មនុស្សប្រហែល៦០នាក់បានចូលរួមពិធីរៀបការ ដែលបង្ហាញតិចតួចទាំងតាមរបៀបខ្មែរនិងចិន ពួកគេសុទ្ធតែមកពីខាងកូនកំលោះ។ កូនក្រមុំបាននិយាយថា នាង”ទទួលយកនិងទទួលស្គាល់”ដោយគ្រួសារ ទោះជាការរៀបការនេះបានប្រាសចាកឆ្ងាយពីការរៀបការ ដែលនាងបានស្រមៃដល់យូរមកហើយក៏ដោយ។
អ្នកស្រីបាននិយាយអំពីពិធីរៀបការដែលចប់តែក្នុងពេលពីរបីម៉ោងថា “វាខុសគ្នាស្រឡះពីអាពាហ៍ពិពាហ៍ខ្មែរ។ ពួកគេមានដុតកាំជ្រួច ប៉ុន្តែគ្មានធុងបាសធំៗសម្រាប់កំដរពិធីទេ។ ខ្ញុំមិនអាចសូម្បីតែស្លៀកពាក់សម្លៀកបំពាក់រៀបការបែបខ្មែរបានផង”។
អ្នកស្រី សុខលី ឥឡូវនេះមានកូនអាយុមួយខួប ឈ្មោះ ចិន ស៊ីង។ អ្នកទាំងបីរស់នៅជាមួយគ្នាក្នុងជាន់ទី២ នៅជិតទីប្រជុំជនតូចមួយក្នុងខេត្តហ្វូជាន ជាប់មាត់សមុទ្រ ដែលអ្នកស្រីមានមិត្តភក្តិខ្មែរដែលទើបរៀបការថ្មីៗរាប់សិបនាក់។ អ្នកស្រីបាននិយាយថា ជីវិតគឺ “ពិតជាមិនខុសគ្នា”ពីស្រុកកំណើតទេ លើកលែងតែម្ហូបអាហារប៉ុណ្ណោះ។
អ្នកស្រីបាននិយាយថា “មិនមានភោជនីយដ្ឋានខ្មែរនៅទីនេះទេ ដូច្នេះយើងមិនអាចទិញអាហារដែលយើងចង់ទិញបានទេ ដូចជាបបរ ប្រហុក ជាដើម។ ប៉ុន្តែយើងតែងតែជួបគ្នាជារឿយៗ មានពិធីតូចៗ ផឹកជាមួយគ្នា នៅពេលមានខួបកំណើតកូន”។
អ្នកស្រីបាននិយាយថា អ្នកស្រីសប្បាយជាមួយនឹងការរស់នៅរបស់អ្នកស្រី និងមានអារម្មណ៍គ្មានគ្រោះថ្នាក់ក្នុងបរិស្ថានជុំវិញអ្នកស្រី មានសុវត្ថិភាពណាស់រហូតដល់អ្នកស្រីមិនបានគិតដល់អ្វីដែលអ្នកស្រីអាចធ្វើបាន ប្រសិនបើស្ថានភាពរបស់អ្នកស្រីប្រែក្លាយទៅជាអាក្រក់នោះ។
ប្រាក់ផ្ញើទៅផ្ទះបានពីប្តីជាកម្មកររបស់អ្នកស្រីតែប៉ុន្មានពីរបីរយដុល្លារប៉ុណ្ណោះរាល់ពីរបីខែម្តង ប៉ុន្តែអ្នកស្រីនៅតែសុបិនថានឹងធ្វើឲ្យគ្រួសាររបស់អ្នកស្រីមានទ្រព្យធន។
អ្នកស្រីបាននិយាយថា “ខ្ញុំនឹងធ្វើឲ្យវាសនារបស់ខ្ញុំទៅមុខ។ ពេលទឹកសមុទ្រហូរទៅហើយ វាមិនដែលត្រឡប់មកវិញទេ”។
អ្នកស្រី ណារិន នៅអង្គការអាដហុក បានមានប្រសាសន៍ថា អ្នកស្រី សុខលី ជាគំរូនៃមូលហេតុតស៊ូ ហើយបើចាត់ថ្នាក់ ចំណាកស្រុករបស់ស្ត្រីដើម្បីរៀបការនៅប្រទេសចិន គឺពិបាកណាស់។ កូនក្រមុំក្មេងៗជាច្រើននាក់និយាយថា ពួកគេសប្បាយរីករាយក្នុងជីវភាពថ្មីរបស់ខ្លួន ម្យ៉ាងពួកគេអាចជួយទំនុកបម្រុងគ្រួសាររបស់ពួកគេ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប។
លោកស្រីបាននិយាយថា “ពួកគេគិតថា ពួកគេកំពុងធ្វើឲ្យគ្រប់គ្នាសប្បាយរីករាយ ហើយថា នោះហើយជាវាសនារបស់ពួកគេ”។
មួយឆ្នាំក្រោយពីត្រូវចាត់តាំងឲ្យធ្វើការលើបញ្ហាអាពាហ៍ពិពាហ៍ចំណាកស្រុកក្នុងខេត្តមានកូនក្រមុំចេញទៅក្រៅប្រទេសច្រើន អ្នកស្រី ណារិន កំពុងព្យាយាមរកឲ្យឃើញពួកមេខ្យល់ នៅពេលដែលលោកស្រីឆ្លើយតបនឹងសេចក្តីរាយការណ៍អំពីកូនស្រីដែលបានបាត់ខ្លួន កំពុងបាត់ខ្លួន និងត្រូវរំលោភបំពាន។
លោកស្រីបាននិយាយថា ជាពិសេសឃុំចំនួន៧ដែលក្រីក្រ ក្នុងនោះមានឃុំស្វាយទាប ដែលមានភូមិ៧៧នៅទីនោះ គឺស្ទើរតែមិនមានស្ត្រីវ័យក្មេងៗនៅក្នុងភូមិនេះទេ ហើយពួកមេខ្យល់ក៏លែងមកជួបពួកគេទៀតដែរ ដោយ “បាននាំយកជនរងគ្រោះរបស់ពួកគេទាំងអស់ចាកចេញទៅហើយ”។

លោកស្រីបានពន្យល់ថា ការងាររបស់លោកស្រីស្មុគស្មាញ ដោយសារតែឪពុកម្តាយមិនចង់ប្រាប់រឿងរ៉ាវរបស់ពួកគាត់។ អ្នកស្រីបានឆ្លើយតបនឹងបណ្តឹងជាច្រើនពីឪពុកម្តាយ តែពួកគេដកថយវិញ បន្ទាប់ពីកូនស្រីរបស់ខ្លួន “រត់ចេញពី”ផ្ទះដែលគេលក់នាងទៅឲ្យ ហើយស្វែងរកប្តីចិនថ្មីបាននោះ។
អ្នកស្រីបាននិយាយថា “គឺសុទ្ធតែស្វែងរកបុរសស័ក្តិសមដើម្បីបានប្រាក់ច្រើនផ្ញើមកផ្ទះ”។
លោក សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធមិនប៉ាន់ស្មានថាមានស្ត្រីខ្មែរប៉ុន្មាននាក់បានទៅប្រទេសចិនដើម្បីរៀបការទេ ដោយលើកឡើងថា ក្រសួងបានជួយធ្វើមាតុភូមិនិវត្តន៍ស្ត្រី៨២នាក់ក្នុងឆ្នាំ២០១៥ និង៥៩នាក់នៅឆ្នាំ២០១៤។ ទោះជាយ៉ាងនេះក្តី ក្រសួងមិនមែនតែងតែជាកន្លែងដំបូងនៃការទូរស័ព្ទហៅ នៅពេលសុបិននៅចិនក្លាយទៅជាអាក្រក់នោះទេ។
យោងតាមអ្នកនាំពាក្យឲ្យដឹងថា ចាប់ដៃជាសម្ព័ន្ធអង្គការក្នុងស្រុក ដែលជួយស្ត្រីកម្ពុជានៅប្រទេសចិន បានឆ្លើយតប៥៥ករណីនៃ “ការរៀបការទាំងបង្ខិតបង្ខំ” ក្នុងឆ្នាំ២០១៥។ស្ត្រី២១នាក់ក្នុងចំណោមនោះកំពុងរង់ចាំធ្វើមាតុភូមិនិវត្តន៍។
យោងតាមប្រធានផ្នែកនេះឲ្យដឹងថា ចាប់ផ្តើមនៅខែមិថុនាឆ្នាំ២០១៤ ផ្នែកសង្គ្រោះពីការជួញដូរឆ្លងដែនរបស់អង្គការគ្រិស្ទាន Agape International Missions មានមូលដ្ឋាននៅប្រទេសកម្ពុជា បានជួយដោះស្រាយការហៅសុំជំនួយបន្ទាន់១៣៩ករណី ដោយស្ត្រី៦៦នាក់ក្នុងចំណោមនោះនៅជាប់ក្នុងប្រទេសចិននៅឡើយ រង់ចាំប្រាក់ឬឯកសារស្របច្បាប់ដើម្បីចាកចេញពីប្រទេសចិន។
អ្នកស្រី ចាន់ សុគន្ធា ប្រធានផ្នែកកិច្ចការស្ត្រីនៃសមាគមអាដហុក ដែលបានតាមដានយ៉ាងដិតដល់ក្នុងការធ្វើចំណាកស្រុកដើម្បីរៀបការ បានមានប្រសាសន៍ថា អ្នកស្រីបានដោះស្រាយ៣១ករណីក្នុងឆ្នាំ២០១៥ គឺថយចុះពីចំនួន៩១ករណីក្នុងឆ្នាំ២០១៤។ យ៉ាងនេះក្តី លោកស្រីបានបញ្ជាក់ថា ចំនួនបណ្តឹងដ៏ច្រើនបានទៅដល់អង្គការនានានិងក្រសួងការបរទេស។
អ្នកស្រីបាននិយាយថា “ចំនួនករណីសរុបមិនថយចុះទេ គឺវាផ្ទុយទៅវិញ”។
យោងតាមលោក សេបាស្ទាន បូល អ្នកវិភាគស្រាវជ្រាវប្រចាំតំបន់ដែលធ្វើការលើគម្រោងនេះឲ្យដឹងថា អង្គការសហប្រជាជាតិក៏គ្មានទិន្នន័យទាក់ទិននឹងប្រធានបទនេះដែរ គឺទីភ្នាក់ងារប្រឆាំងការជួញដូររបស់ខ្លួនមិនអាចចេញលទ្ធផលនៃគម្រោងស្រាវជ្រាវទាក់ទងនឹងការរៀបការទាំងបង្ខំរវាងស្ត្រីកម្ពុជា និងបុរសចិនជាច្រើនខែមកហើយ។
លោកបាននិយាយថា “ដោយសារការរៀបការមិនប្រក្រតីនៃជនចំណាកស្រុកមានហូរហែរវាងប្រទេសទាំងពីរ មិនមានស្ថិតិគួរឲ្យជឿបានអំពីបញ្ហានេះទេ”។

នៅទីនេះក្នុងភូមិ៧៧ មនុស្សជាច្រើននិយាយថា ពួកគេដឹងតែស្ត្រីពីរបីនាក់ប៉ុណ្ណោះ ដែលបានធ្វើចំណាកស្រុកទៅប្រទេសចិន ប៉ុន្តែគ្រប់គ្រួសារដែលសាកសួរដោយអ្នកយកព័ត៌មាន គឺបានបញ្ជូនកូនស្រី ឬដឹងថាគ្រួសារមួយទៀតបានបញ្ជូនកូនស្រី។
លោក តឹង យ៉ាត មេឃុំស្វាយទាប បាននិយាយថា “ក្មេងៗបាននិងកំពុងចាកចាញពីប្រទេសតាំងពីឆ្នាំ២០១៣។ ពួកគេសឹងតែទាំងអស់បានទៅ”។
អ្នកស្រី ណារិន មើលឃើញថាបញ្ហាច្រើនមិនទាន់ចប់ទេ សៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់អ្នកស្រីពេញយ៉ាងលឿនដោយឈ្មោះនិងលេខទូរស័ព្ទរបស់គ្រួសាររងគ្រោះ គឺរលកនៃអ្នកវិលត្រឡប់មកវិញទើបតែចាប់ផ្តើមទេ។
ហើយទម្រាំតែមានជម្រើសផ្សេងកើតឡើងសម្រាប់យុវនារីជនបទដើម្បីរកប្រាក់កាស់ ឬមានការអប់រំយុវជននៅទីជនបទកម្ពុជាបានប្រសើរឡើងខ្លាំងនោះ ប្រទេសចិននឹងនៅតែជាជម្រើសទាក់ទាញបំផុតមួយសម្រាប់អ្នកទាំងឡាយដែលខំធ្វើការចិញ្ចឹមជីវិតនៅឆ្ងាយ គឺគ្រាន់តែដើម្បីរស់ក្នុងភាពក្រីក្រប៉ុណ្ណោះ។
អ្នកស្រីបានមានប្រសាសន៍ថា “ដរាបណានៅតែគ្មានអ្វីឲ្យពួកគេធ្វើនៅទីនេះ ដរាបនោះស្ត្រីក្មេងៗនឹងចេះតែបន្តទៅប្រទេសចិន។ ហើយដរាបណាពួកគេនៅតែទៅប្រទេសចិន ដរាបនោះ”ពួកគេនឹងខកចិត្តដោយសារតែការស្រមៃរបស់ខ្លួនផ្ទាល់”៕ រើន និងនិត