27.5 C
Phnom Penh

សវនាការ​​​ផ្លេកបន្ទោរ​​​ជំនុំជម្រះ​​​អ្នក​​​រិះ​​​គន់​​​លោក ហ៊ុន សែន បាន​​​ចាប់​​​ផ្តើម​​​ ហើយ​​​ពន្យារ​​​ពេល​​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់ត្រូវបាននាំយកមកបើកសវនាការក្នុងរយៈពេលខ្លីកាលពីម្សិលមិញពាក់ព័ន្ធការប្រមាថដល់យោធា ជាករណីដែលឆ្លងប្រព័ន្ធតុលាការយ៉ាងឆាប់រហ័សខុសពីសព្វមួយដង ក្រោយពេលមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើនរណាដែលមើលងាយកងកម្លាំងប្រដាប់អាវុធ។

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកម្សិលមិញ អំឡុងពិធីប្រគល់សញ្ញា បត្រនៅកោះពេជ្រថា “បើមិនច្បាស់ទេ នៅឱ្យស្ងៀម នៅឱ្យស្ងៀមទៅ…ជាប់ខ្នោះមួយហើយកាលពីម្សិលមិញ”។ លោកបានថ្លែងបន្តថា “អស់លោកទាំងអស់ត្រូវប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិប្បាយប៉ះពាល់ដល់កម្លាំងប្រដាប់អាវុធ និងភាពថ្លៃថ្នូរនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរត្រូវបាននាំខ្លួនឡើងសវនាការជំនុំជម្រះទោសនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ពាក់ព័ន្ធការសរសេរសាររិះគន់រដ្ឋាភិបាលធ្ងន់ៗតាមហ្វេសប៊ុក។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទញុះញង់ចំនួន៣ករណីពាក់ព័ន្ធសាររិះគន់ធ្ងន់ៗតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍។

នៅក្នុងសារនោះ លោក សួន សេរីរដ្ឋា បានចោទប្រកាន់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទថា ដេកនៅក្នុងម៉ាស៊ីនត្រជាក់សប្បាយជាមួយស្រីញី ខណៈពលទាហានខិតខំតស៊ូនៅក្នុងសមរភូមិ។ លោកបានសរសេរបន្ថែមថា លោកនាយករដ្ឋមន្ត្រី”ឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា”  បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងធ្វើដំណើរទៅប្រទេសឡាវដើម្បីពិភាក្សាអំពីជម្លោះព្រំដែន។

លោក លី សុផាណា អ្នកនាំពាក្យតុលាការបានលើកឡើងកាលពីម្សិលមិញថា លោក សួន សេរីរដ្ឋា ត្រូវបានចោទប្រកាន់ពីបទញុះញង់ដើម្បីកុំឱ្យយោធាស្តាប់បង្គាប់ បទល្មើសធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

លោក លី សុផាណា បានលើកឡើងទៀតថា សវនាការជំនុំជម្រះរឿងក្តី របស់លោក សួន សេរីរដ្ឋា បានចាប់ផ្តើមនៅថ្ងៃម្សិលមិញប៉ុន្តែ ត្រូវបានផ្អាកភ្លាមៗដោយសារលោកត្រូវការស្វែងរកមេធាវីមកការពារក្តី។ លោកបានបន្ថែមថា សវនាការនេះគ្រោងនឹងបន្តនៅថ្ងៃទី២៤ខែសីហា ។ លោកប្រឈមនឹងការជាប់ពន្ធនាគារសរុបរហូតដល់១២ឆ្នាំ និងពិន័យជាប្រាក់២៤លានរៀល ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោសលើបទចោទទាំង៣។ សេចក្តីថ្លែងការណ៍របស់តុលាការលើកឡើងថា លោក សួន សេរីរដ្ឋា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

លោក ហ៊ុន សែន បានធ្វើការគំរាមជាទូទៅលើអ្នកធ្វើអត្ថាធិប្បាយណាដែលកំពុងពិចារណាធ្វើតាមលោក សួន សេរីរដ្ឋា។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “នេះជាសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិ អត់ត្រូវបានប្រមាថទេ”។ លោកបានថ្លែងបន្តថា “រឿងអ្នកឯងប្រមាថកងទ័ពជាតិគឺមិនអាចទុកទេ”។

លោកបានបន្ថែមទៀតថា “កុំថាខ្ញុំផ្តាច់ការ”។លោកបានគូសបញ្ជាក់ថា បើគ្មានការអនុវត្តតាមច្បាប់ទេ វានឹងមានភាពអនាធិបតេយ្យ។

លោក ហ៊ុន សែន ក៏បានរៀបរាប់លម្អិតអំពីដំណើរទៅកាន់ទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសៅរ៍ផងដែរ ដោយអំឡុងពេលនោះលោកបានចរចាឱ្យមានការដកកងទ័ពឡាវរាប់សិបនាក់ដែលចូលមកឈរជើងនៅក្នុងតំបន់មានជម្លោះនាភាគខាងជើងខេត្តស្ទឹងត្រែង។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរត្រូវបាននាំខ្លួនឡើងសវនាការជំនុំជម្រះទោសនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ពាក់ព័ន្ធការសរសេរសាររិះគន់រដ្ឋាភិបាលធ្ងន់ៗតាមហ្វេសប៊ុក។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ជម្លោះនេះកើតឡើងដោយសាររដ្ឋមន្ត្រីការបរទេសឡាវមិនបានយកលិខិតចុះថ្ងៃទី២សីហា របស់លោក ហ៊ុន សែន ប្រគល់ឱ្យសមភាគីរបស់លោក គឺលោក ថោងលន់ ស៊ីស៊ូលីតនេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា លោកបានដំឡើងកម្មវិធី WhatsApp ជាកម្មវិធីផ្ញើសារដ៏ពេញនិយមនៅលើទូរស័ព្ទរបស់លោក ថោងលន់ ស៊ីស៊ូលីត អំឡុងដំណើរបំពេញការងាររបស់លោក ដើម្បីចៀសវាងកុំឱ្យមានការយល់ច្រឡំទៀតនៅពេលអនាគត។

លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរថា លោកធ្វើដំណើរទៅទីក្រុងវៀងចន្ទន៍ដើម្បីស្វែងរកដំណោះស្រាយការទូត ដោយសង្ឃឹមចៀសវាងការប៉ះង្គិចប្រដាប់អាវិធរវាងប្រទេសជិតខាង។

លោកបានមានប្រសាសន៍ថា “នោះមិនមែនជាការឱនក្បាលទេ ប៉ុន្តែ ជានយោបាយការទូតដែលមានភាពទន់ភ្លន់ និងសុច្ឆន្ទៈ”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធមិននិយាយឡើយថា តើគណបក្សប្រឆាំងគួរតែធ្វើអ្វីពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែននេះ ប៉ុន្តែបានសរសើរដល់ដំណោះស្រាយណាដែលបញ្ចៀសសង្គ្រាម។

លោកបានមានប្រសាសន៍ថា “យើងមិនមែនជាអ្នកកាន់អំណាចទេ ហេតុដូច្នេះយើងមិនអាចប្រាប់បានទេ ថា តើយើង [នឹង] មានយុទ្ធសាស្ត្រយ៉ាងម៉េចនោះ”។ លោកបានបន្ថែមថា “យើងចង់បានដំណោះស្រាយសន្តិវិធី ដំណោះស្រាយណាដែលនាំទៅរកប្រយោជន៍ទៅវិញទៅមករវាងប្រទេសរបស់យើង… និងប្រទេសជិតខាង”។

លោក Sebastian Strangio អ្នកនិពន្ធសៀវភៅមានចំណងជើងថា “កម្ពុជារបស់ហ៊ុន សែន (Hun Sen’s Cambodia)” បានលើកឡើងថា “ឡាវជាប្រទេសតូច” វាទំនងជាមិនបង្កការភ័យខ្លាចនិងការព្រួយបារម្ភក្នុងចំណោមមជ្ឈដ្ឋានខ្មែរទេ ទោះជាយ៉ាងណា លោក ហ៊ុន សែន ព្យាយាមប្រើប្រាស់ប្រទេសហ្នឹងដើម្បីជំរុញ “កេរ្តិ៍ឈ្មោះជាបុរសខ្លាំង” របស់លោក បើរឿងហ្នឹងនៅអូសបន្លាយពេល។

លោកបានមានប្រសាសន៍ថា “ហេតុដូច្នេះសូមកុំភ្ញាក់ផ្អើលប្រសិនបើជម្លោះព្រំដែននេះ ‘ផ្ទុះឡើង’ ម្តងទៀតនៅមុនការបោះឆ្នោតឆ្នាំ២០១៨”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស