តម្លៃអគ្គិសនីតាមស្ថាប័នសាធារណៈ ដូចជាសាលារៀនមន្ទីរពេទ្យជាដើម នឹងចុះថោកបន្ថែមទៀតមកនៅត្រឹមតម្លៃ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០១៩ និង២០២០ខាងមុខ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានប្រសាសន៍ថា ការបង្កើនឯករាជ្យភាព និងសន្តិសុខនៃការផ្គត់ផ្គង់អគ្គិសនីកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
ការអះអាងរបស់លោកហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំនប់វារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ធ្នូ២០១៨នេះ។
លោកអះអាងថា ការសាងសង់ទំនប់វារីអគ្គិសនី នេះមិនមែនធ្វើឡើងដោយប្រថុយប្រថាននោះឡើយគឺរដ្ឋាភិបាលបានគិតគូរយ៉ាងហ្មត់ចត់ និងច្បាស់លាស់ ជាពិសេសខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវធ្វើដំណើរ និងដោះស្រាយផលប៉ះពាល់ផ្សេងៗមួយចំនួនទៀត។
ប៉ុន្តែកន្លងមកក្រុមសង្គមស៊ីវិល និងសហគមន៍ដែលរងគ្រោះនៅឃុំក្បាលរមាស ស្រុកសេសានបានហៅតំបន់ទំនប់វារីអគ្គិសនីថា បានធ្វើឱ្យពលរដ្ឋរងទឹកភ្នែក និងធ្វើឱ្យបាត់បង់ព្រៃឈើនៅតំបន់នោះអស់រាប់ម៉ឺនហិកតា។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជាគម្រោងមួយស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដែលជាអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ទំនប់វារីអគ្គិសនីនេះមិនត្រឹមតែផ្គត់ផ្គង់អគ្គិសនីសម្រាប់តែខេត្តស្ទឹងត្រែងប៉ុណ្ណោះនោះទេ ប៉ុន្តែវាអាចផ្គត់ផ្គង់អគ្គិសនីរហូតទៅដល់បណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីជាដើម ដែលអាចផ្តល់អនុភាពថាមពល៤០០មេហ្គាវ៉ាត់ខ្ពស់ជាងគេនៅកម្ពុជា។
វារីអគ្គិសនីនេះគឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុនHydrolanchang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១% ក្រុមហ៊ុន Royal Group របស់ខ្មែរដាក់ទុន៣៩% និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ១០%។ វារីអគ្គិសនីសេសានក្រោម២ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះធ្វើឡើងតាមរូបភាពសាងសង់ប្រតិបត្តិការ និងផ្ទេរ ដែលមានរយៈពេលសម្បទាន៤៥ឆ្នាំក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤៥ឆ្នាំសម្រាប់ធ្វើអាជីវកម្ម៕