28 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​ច្រាន​ចោល​ឯកសារ​ក្លែងក្លាយ​ ដែល​អំពាវ​នាវ​ឱ្យ​ប្រឆាំង​នឹង​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​បដិសេធ​និង​ទាត់ចោល​ទាំង​ស្រុង​នូវ​ឯកសារ​មួយ ​ក្រោម​រូប​ភាព​ជា​ សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​សរសេរ​ថា ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​នេះ​​រហូត​ដល់ ​មន្ត្រី​គណៈ​កម្មាធិការ​កណ្តាល ​និង​គណៈ​អចិន្ត្រៃយ៍​គណបក្ស​នេះ​ភាគ​ច្រើន​លើស​លប់​ មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន​នោះ​ឡើយ។ ​លិខិត​នោះ​ ក៏បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ចំពោះ​ទង្វើ​ផ្តាច់ការ​ និង​ក្បត់ជាតិ​ របស់​លោក​ហ៊ុន សែន​ដែល​ជា​បុគ្គល​ឆ្កួត​នឹង​អំណាច ​ហើយ​វង្វេង​ជាតិ​ផង​ដែរ។​

ក្នុង​លិខិត​ដែល​បាន​ចែកចាយ​ដោយ​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ ​នៅ​ថ្ងៃ​នេះ​ក៏​បាន​បញ្ជាក់​ថា​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រួម​កម្លាំង​ជាមួយ​ពល​រដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ ដើម្បី​ទទួល​ស្វាគមន៍​​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី​និង​សហការ​ជា​ធ្លុងមួយ​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ឆ្នាំ​២០១៩​នេះ ​ឱ្យរួច​ផុត​ពី​មហន្តរាយ​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​របស់​លោក​ហ៊ុន សែន។​

យ៉ាង​នេះ​ក្តី ​ សេចក្តី​ថ្លែង​ការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​៨ ​កុម្ភៈ​បាន​ចាត់ទុក​លិខិត​ដែល​ចែកចាយ​ដោយ​លោក​សម រង្ស៊ី​​ ថា ​ជា​លិខិត​ក្លែងក្លាយ ​ ហើយ​មាន​គោល​បំណង​ញុះញង់​បំបែក​បំបាក់​  គណបក្ស​ប្រជាជន​កម្ពុជា ​បង្កភាព​វឹកវរ​ក្នុង​សង្គម ​និង​បំផ្លាញ​ដំណើរ​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ។​

គណបក្ស​ប្រជាជន​កម្ពុជា​ ក៏ថ្កោល​ទោស​យ៉ាង​ដាច់​អហង្កា​ចំពោះ​ទង្វើ​ឧក្រិដ្ឋ​ដ៏ធ្ងន់​ធ្ងរ​នេះ ​និង​សូម​ប្តឹង​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​​ជា​បន្ទាន់​ដើម្បី​វែកមុខ​រក​ជន​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ដើម្បី​ យក​មក​ផ្តន្ទាទោស​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​តាម​ច្បាប់​ជា​ធរមាន។​

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា​  ខ្លួន​ស្ថិត​នៅ​ជា​និច្ច​ជាមួយ​ប្រជាជន​ដើម្បី​បន្ត​ថែ​រក្សា​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ និង​គោរព​នូវ​តួនាទី​ជា​ប្រវត្តិ​សាស្រ្ត​ដ៏​ឧត្តុង្គ​ឧត្តម​របស់​លោក​ហ៊ុន សែន៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស