26 C
Phnom Penh

ក្រុមសិទ្ធិមនុស្សជំរុញឲ្យសមត្ថកិច្ចបិទអាជីវកម្មឡឥដ្ឋដែលបណ្តាលឲ្យកុមារីម្នាក់ដាច់ដៃម្ខាងកាលពីខែមីនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងនៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់ស្ដីពីពលកម្មកុមារឱ្យមានប្រសិទ្ធភាព។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីអង្គការការពារសិទ្ធិមនុស្សលីកាដូរកឃើញថា សិប្បកម្មឡឥដ្ឋមួយកន្លែងឈ្មោះលាង ស្រ៊ុនក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណា្តលដែលធ្លាប់បណ្តាលឲ្យកុមារីម្នាក់ អាយុ១០ឆ្នាំ រងគ្រោះដាច់ដៃម្ខាងនោះនៅតែអាចបើកដំណើរការដូចដើម ទោះជាសមត្ថកិច្ចបានសម្រេចឲ្យបញ្ឈប់ដំណើរការកាលពីខែមីនាយ៉ាងណាក៏ដោយនោះ។

ប្រធានផ្នែកអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាតបានប្រាប់ សារព័ត៌មានThe Cambodia Dailyថា កន្លងមកក្រសួងការងារបានត្រឹមតែចេញសេចក្តីណែនាំដល់សិប្បកម្មឡឥដ្ឋនេះប៉ុណ្ណោះ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ចុះត្រួតពិនិត្យឲ្យបានទៀងទាត់ដល់សិប្បកម្មឡឥដ្ឋមួយនេះនៅឡើយ។

លោកបន្តថា ម្ចាស់សិប្បកម្មឡឥដ្ឋគួរតែត្រូវបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមានដោយសារម្ចាស់ឡឥដ្ឋប្រព្រឹត្តបទល្មើសកេងប្រវ័ញ្ចកម្លាំងពលកម្មកុមាររហូតនាំឲ្យមានគ្រោះថ្នាក់ដាច់ដៃម្ខាងរបស់កុមារីម្នាក់កាលពីខែមីនា។ លោកជំរុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ហើយចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដើម្បីបញ្ឈប់ពលកម្មកុមារ និងទាសភាពបំណុលតាមសិប្បកម្មឡឥដ្ឋនៅទូទាំងប្រទេសកម្ពុជាតែម្តង។

របាយការណ៍របស់ក្រសួងការងារបង្ហាញថា យ៉ាងហោចណាស់មានកុមារកម្ពុជាចំនួនជាង៣ម៉ឺនត្រូវបានដកហូត និងទប់ស្កាត់ពីការធ្វើការក្នុងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ហើយកុមារជិត២សែននាក់ផ្សេងទៀតត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស