សមាជិកចលនាស្រ្តីបណ្តាញសកលរបស់គណបក្សសង្គ្រោះជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងកញ្ញារស់ សុផលប្រកាសថា កញ្ញាមិនទទួលស្គាល់លិខិតដែលកម្រិតតួនាទីនិងសិទ្ធិរបស់អ្នកស្រី Janet Sengដែលជាប្រធានចលនានេះឡើយ។
ការអះអាងរបស់កញ្ញារស់ សុផល ធ្វើឡើយក្រោយពីមានលិខិតមួយច្បាប់ដែលបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកដែលក្នុងលិខិតនោះមានហត្ថលេខារបស់ភរិយារបស់លោកសម រង្ស៊ី អ្នកស្រី ជូ ឡុងសូមូរ៉ាកាលពីថ្ងៃទី៣ ខែមិថុនា ជំនួសគណៈកម្មាធិការអន្ត្រៃយ៍ សម្រេចឲ្យប្រធានចលនាស្រ្តីបណ្តាញសកលគណបក្សសង្គ្រោះជាតិ អ្នកស្រីJanet Sengមកដឹកនាំសាខាគណបក្សសង្រ្គោះជាតិប្រចាំរដ្ឋ Pennsylvaniaដែលជាសាខានៃគណបក្សសង្គ្រោះជាតិអាមេរិកាំងឬដឹកនាំអង្គការដែលអ្នកស្រី Janet Seng បានបង្កើតឡើងដដែលនោះ ប៉ុន្តែមិនត្រូវប្រើឈ្មោះគណបក្សសង្គ្រោះជាតិនៅក្នុងអង្គការនេះឡើយ។
លិខិតដដែលទាមទារឲ្យអ្នកស្រី Janet Seng ឆ្លើយតបត្រឹមថ្ងៃទី១៤ ខែមិថុនា ក្នុងករណីគ្មានការឆ្លើយតបនោះមានន័យថា លោកស្រី Janet Seng យល់ព្រមទទួលយកជម្រើសទី២ដោយបន្តដឹកនាំចលនាស្រ្តីបណ្តាញសកល ឬGlobal Women’s Movement Networkដោយមិនអនុញ្ញាតឲ្យប្រើឈ្មោះគណបក្សសង្គ្រោះជាតិក្នុងអង្គការនេះឡើយ។
កញ្ញារស់ សុផលអះអាងថា លិខិតកម្រិតតួនាទី និងសិទ្ធិរបស់អ្នកស្រីJanet Sengគឺជាការរចនាឡើងដោយក្រុមមាននិន្នាការប្រឆាំងនឹងអ្នកស្រីJanet Sengមួយចំនួនតូចដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិក្នុងសហរដ្ឋអាមេរិក ដែលច្រណែនទៅនឹងសកម្មភាពរបស់អ្នកស្រីក្នុងការខ្នះខ្នែងជំរុញឲ្យក្រសួងការបរទេសអាមេរិកសមាជិករដ្ឋសភាអាមេរិកនិងសមាជិកព្រឹទ្ធសភាអាមេរិកធ្វើច្បាប់ដាក់ទណ្ឌកម្មលោកហ៊ុន សែនតែប៉ុណ្ណោះ។
សារព័ត៌មានThe Cambodia Dailyបានព្យាយាមសុំបំភ្លឺពីអ្នកស្រីជូ ឡុងសូមូរ៉ា ភរិយារបស់លោកសមរង្ស៊ីដើម្បីបញ្ជាក់ថា តើលិខិតនេះជាលិខិតពិតឬលិខិតក្លែងក្លាយ ប៉ុន្តែមិនទាន់ទទួលបានចម្លើយនៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។ សារព័ត៌មានThe Cambodia Dailyក៏បានព្យាយាមទាក់ទងលោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែរ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
ចំណែកអ្នកស្រី Janet Seng ដែលជាប្រធានបណ្តាញចលនាស្រ្តីសកលគណបក្សសង្គ្រោះជាតិបញ្ជាក់ប្រាប់សារព័ត៌មានThe Cambodia Dailyថា អ្នកស្រីសង្ឃឹមថា អ្នកដែលសរសេរលិខិតនេះគោរពសេចក្តីថ្លៃថ្នូរនិងមានសុចរិតភាព។ អ្នកស្រីបន្តថា គោលដៅរបស់គណបក្សសង្គ្រោះជាតិសំខាន់ណាស់ដែលខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ តួនាទីជាប្រធានចលនាស្ត្រីបណ្តាញសកលរបស់គណបក្សសង្រ្គោះជាតិនេះត្រូវបានលោកសមរង្ស៊ីចេញលិខិតតែងតាំងកាលពីដើមខែកុម្ភៈឆ្នាំ២០១៩ កន្លងទៅសម្រាប់ស្នាដៃរបស់អ្នកស្រីដ៏ពូកែក្នុងកិច្ចខិតខំប្រឹងប្រែងទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ជាងនេះទៅទៀតលោកសមរង្ស៊ីបានជំរុញឲ្យសមាជិក និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិសហការជាមួយអ្នកស្រីJanet Seng គ្រប់កាលៈទេសៈទាំងអស់ក្នុងបុព្វហេតុនាំមកនូវការទាមទារឲ្យលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាជាពិសេសភាពលើកតម្កើងតួនាទីរបស់អ្នកស្រីក្នុងជួរគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ៕