Opinion

សហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈលុបបំបាត់ការជួញដូរមនុស្សឡើយ

សហ​រដ្ឋ​អាមេរិក​បាន​អះអាង​ថា​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​គ្មាន​ឆន្ទៈ​ពិតប្រាកដ​​ក្នុង​ការ​លុប​បំបាត់​អំពើ​​ជួញ​ដូរ​មនុស្ស​នោះ​ទេ។​

ក្នុង​របាយ​ការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ក្នុង​ពិភព​លោក​របស់​សហ​រដ្ឋ​អាមេរិក ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​សម្រេច​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ ដែល​ត្រូវ​តាម​ដាន​របស់​ខ្លួន​ ដោយ​អាមេរិក​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មិន​បាន​បំពេញ​ការ​អនុវត្ត​ច្បាប់​ឱ្យ​គ្រប់​គ្រាន់​ក្នុង​ការ​លុប​បំបាត់​អំពើ​ជួយ​ដូរ​មនុស្ស​នោះ​ឡើយ។ ​ អាមេរិក​ថា ​   ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ធ្វើ​ចំណាត់​ថ្នាក់​របស់​ខ្លួន​ កាន់តែ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត។​  ​

របាយ​ការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​មិន​បាន​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​លើ​ឧក្រិដ្ឋ​ជន​ ដែល​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស​កន្លង​មក​នោះ​ទេ។​ ក្រៅពីនេះ​បញ្ហា​អំពើ​ពុក​រលួយ​នៅតែ​ជា​ឧបសគ្គ​រារាំង​ដល់​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​ ឈាន​ទៅ​ចាប់​ជន​ល្មើស​យក​មក​ផ្តន្ទាទោស​ និង​មិនមាន​ការ​ផ្តល់​សេវា​ដល់​ជន​រង​គ្រោះ​ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ឡើយ។​

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​សារ​តែ​កង្វះ​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​កង្វះការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ព្រម​ទាំង​គ្មាន​តម្លាភាព​ជាដើម​នោះ​ ​ទើប​បណ្តាល​ឲ្យ​បុរស​ ស្ត្រី ​និង​កុមារ​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ក្លាយ​ជា​ជនរង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស ​តាម​រយៈ​បំណុល​ ជាពិសេស​ក្នុង​អាជីវកម្ម​ឡ​ឥដ្ឋ។​

កាលពី​ខែ​មេសា​ឆ្នាំ​នេះ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​ បាន​ដាក់​ទិស​ដៅ​បោស​សម្អាត​អំពើ​ជួញ​ដូរ​មនុស្ស​តាម​គ្រប់​រូបភាព​ ពិសេស​ការ​រត់​ពន្ធ​មនុស្ស​ឆ្លងដែន​ ដោយ​លោក​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​ ជា​ពិសេស​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ខ្មែរ​ ថៃ​ក្នុង​ខេត្ត​បាត់ដំបង​ ត្រូវ​ទប់​ស្កាត់​គ្រប់​រូបភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​តាម​ទឹក​ដី​នៃ​ខេត្ត​នេះ ​ដើម្បី​បាន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​​នៅ​ប្រទេស​ថៃ ​ឬទៅ​ប្រទេស​ផ្សេង​ទៀត។​

លើស​ពី​នេះ ​លោក​ស ខេង​ក៏បាន​បញ្ជា​ឲ្យ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នៅពី​ក្រោយ​ខ្នង​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​ទាំង​នោះ​ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។ ​ក្រៅពី​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​លោក​ស ខេង​ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី​តាម​ព្រំដែន​ទាំងអស់​ ត្រូវ​ទប់​ស្កាត់​បទ​ល្មើស​ផ្សេង​ទៀត ​ដូច​ជា​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ ការនាំ​លុយខ្មៅ​ចូល​មក​កម្ពុជា​ និង​បទ​ល្មើស​គ្រឿង​ញៀន​ជាដើម។​

យ៉ាងណា​ក៏​ដោយ ​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​អនុសាសន៍​ក្នុង​របាយ​ការណ៍​ដដែល​ថា ​កម្ពុជា​គប្បី​បង្កើត​ភ្នាក់ងារ​ស៊ើប​អង្កេត​សម្ងាត់​និង​មាន​មន្ត្រី​តាម​មើល​ដំណើរ​ការ​ក្នុង​តុលាការ ​និង​ការ​កំណត់​មុខ​សញ្ញា​ជន​ងាយ​រងគ្រោះ​ ជាពិសេស​អ្នក​ធ្វើ​ការ​នៅ​ឡ​ឥដ្ឋ។​

រដ្ឋាភិបាល​ប្រទេស​មហា​អំណាច​មួយ​នេះ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើន​ការ​ស្ដារ​នីតិសម្បទា​ដល់​ជន​រង​គ្រោះ ​និង​ត្រួត​ពិនិត្យ​​លើ​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ឯកជន​ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​នៃ​បំណុល ​​​ លើក​ទឹក​ចិត្ត​ដល់​ជន​រងគ្រោះ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​កែ​សម្រួល​ច្បាប់​ដើម្បី​ឲ្យ​មាន​ការ​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ ​​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ការ​ធ្វើ​ចំណាក​ស្រុក ​និង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​ទៅ​ធ្វើការ​ងារ​នៅ​ក្រៅ​ប្រទេស​ជា​ដើម៕ ​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.