31 C
Phnom Penh

ក្រុមអ្នកបរិស្ថានអះអាងថា ទោះបីដកអភិបាលខេត្តព្រះសីហនុក៏មិនអាចស្តារស្ថានការណ៍ខេត្តនេះបានមកវិញដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​បរិស្ថាន​ថា​​ ការ​ដក​អភិបាល​ខេត្ត​ព្រះ​សីហនុ​ក៏​មិន​ស្ថាន​ការណ៍​ខេត្ត​នេះ​បាន​វិញ​ដែរ​ ​ព្រោះ​ឈ្មួញ​ចិន​ដែល​ចូល​មក​រក​ស៊ី​នៅ​ខេត្ត​នេះមិន​ខ្លាច​ញញើត​អភិបាល​ខេត្ត​ឡើយ​ ដោយ​សារ​ពួកគេ​មាន​លុយ​កខ្វក់​ជាច្រើន​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​មាន​មន្រ្តី​ធំៗ​កាង​ពី​ក្រោយ​ថែម​ទៀត។​

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ លោក​អាឡិច ហេនដ្រូ ហ្គន់សាឡេស​ ដេវិតសុន​(Alejandro Gonzalez-Davidson)​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ​ អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​បំផុត​នោះ​គឺ​ ខេត្ត​ព្រះ​សីហនុ​នឹង​មាន​អភិបាល​ខេត្ត​ថ្មី​ ប៉ុន្តែ​អភិបាល​ខេត្ត​ថ្មី​នោះ​ក៏​គ្មាន​អ្វី​ខុស​គ្នា​ទៅ​នឹង​លោក​យន្ត មីន​ ឬក៏​អភិបាល​ខេត្ត​ដ​ទៃ​ទៀត​នោះ​ដែរ​ ពីព្រោះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​មិន​មាន​ឱកាស​ជ្រើស​រើស​អភិបាល​ខេត្ត​ដោយ​ខ្លួន​ឯង​តាម​បែប​ប្រជា​ធិបតេយ្យ​នោះ​ឡើយ។​

លោក​បន្ត​ថា ​ទោះបី​ជា​មាន​អភិបាល​ខេត្ត​ថ្មី​មាន​សមត្ថ​ភាព​ល្អ​ជាង​ លោក​យន្ត មីន​ក៏​ដោយ​ ក៏នៅ​តែមិន​អាច​ដោះ​ស្រាយ​ភាព​អណា​ធិបតេយ្យ​ដែល​កំពុង​កើត​ឡើង​ក្នុង​ខេត្ត​នេះ​បាន​ដែរ​ ព្រោះ​អភិបាល​ខេត្ត​ថ្មី​មិន​អាច​ឆ្លង​ផុត​ពី​រណ្តៅដ៏​ធំ​មហិមា​ដែល​ជា​រណ្តៅនៃ​អំពើ​រពុករ​លួយ​ជា​ប្រព័ន្ធ​ ហើយ​ដែល​រណ្តៅ​នេះ​កើត​ចេញ​ពី​ឥទ្ធិពល​លុយ​កខ្វក់​របស់​ចិន។​

សកម្មជន​បរិស្ថាន​ដែល​ត្រូវ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ជាន់​ដី​ប្រទេស​កម្ពុជា​រូប​នេះ​អះអាង​ថា​ ប្រាកដ​ណាស់​អភិបាល​ខេត្ត​ព្រះ​សីហនុ​ថ្មី​នឹង​មិន​ថ្លើម​ធំ ​ហ៊ាន​ប្រឆាំង​នឹង​អំណាច​ត្រី​ធំ​ ឬ​ហ៊ាន​ធ្វើ​អោយ​ត្រីធំ​ខឹង​ឡើយ។​

ករណី​បាក់​រលំ​អគារ​កំពស់​៧ជាន់​នៅ​ខេត្ត​ព្រះសីហនុ​​បណ្តាល​មនុស្ស​ស្លាប់​កើន​ជិត​ដល់​៣០​នាក់ ​និង​អ្នក​របួស​ជាង​២០​នាក់។​ លោក​ ហ៊ុន សែន​ដែល​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​បាន​សម្រេច​ដក​តំណែង​ អភិបាល​ខេត្ត​ព្រះសីហនុ​លោក​យន្ត មីន​ ដោយ​ប្តូរ​អភិបាល​ខេត្ត​កំពង់ចាម​​លោក​គួច ចំរើន​ ជា​មនុស្ស​ជំនិត​របស់​លោក​មក​គ្រប់គ្រង​ខេត្ត​ព្រះ​សីហនុ​វិញ​ម្តង។​

លោក​ហ៊ុន សែន​ក៏​ថែម​ទាំង​ដក​តំណែង​លោក​ញឹម វណ្ណដា​ចេញ​ពី​តួនាទី​ជា​ទេស​រដ្ឋមន្ត្រី ​និង​ជា​អនុ​ប្រធាន​ទី​១​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ដោយ​លោក​ចោទ​ថា មន្រ្តី​ចាស់​វស្សា​រូប​នេះ ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ការ​ និង​ចេះ​ភូត​កុហក​លោក​ថែម​ទៀត​ហើយ​លោក​ហ៊ុន សែន​ឲ្យ​អតីត​មេទ័ព​របស់​លោក​គឺលោក​គន់ គីម​មក​កាន់​តួនាទី​ជាអនុ​ប្រធាន​ទី​១​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​វិញ។​

ទោះ​បី​លោក​ហ៊ុន សែន​មាន​ចំណាត់​ការ​បែប​នេះ​ក្តី ​ប៉ុន្តែ​មតិ​មហាជន​មួយ​ចំនួន ​និង​អ្នក​នយោបាយ​ខ្លះ​បាន​លើក​ឡើង​ថា​ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ធំ​បំផុត​គឺ​លោក​ហ៊ុន សែន​តែ​ម្តង​ព្រោះ​មេ​ដឹកនាំ​រូប​នេះ ​តែង​តែ​ចេញ​មុខ​ការ​ពារ​អ្នក​វិនិយោគ​ចិន​ ដែល​ធ្វើ​ឲ្យជន​ជាតិ​ចិន​មិន​ខ្លាច​មន្រ្តី​ថ្នាក់​ក្រោម ​ឬ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។ ​មតិ​មហា​ជន​មួយ​ចំនួន​និង​អ្នក​នយោបាយ​ចង់​ឃើញ​លោក​ហ៊ុន សែន​ចេញ​មុខ​សូមទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ​ឬ​ត្រូវ​ចុះចេញ​ពី​តំណែង​ដើម្បី​ទុក​ឲ្យ​អ្នក​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ម្តង៕​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស