26 C
Phnom Penh

អ្នកវិភាគរិះគន់ការតែងតាំងទីប្រឹក្សារដ្ឋាភិបាលដែលលោកហ៊ុន សែនថាខ្វះការទទួលខុសត្រូវនិងភូតភរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​នៅថ្ងៃ​នេះ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​តែងតាំង​លោក​ញឹម វណ្ណដា​ជា​ទីប្រក្សា​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី។​

លោក​បណ្ឌិត​បាន​លើក​ឡើង​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក​ ដោយ​សួរ​ថា​ តើ​ត្រូវ​ដែរ​ឬ​ទេ​ការ​តែងតាំង​ទេស​រដ្ឋមន្ត្រី​មួយ​រូប​ដែល​លោក​ហ៊ុន សែន​ដក​ហូត​ពី​មុខ​តំណែង​ និង​ប្រកាស​កែ្តងៗ​ថា​ ជា​មន្ត្រី​ «ខ្វះការ​ទទួល​ខុសត្រូវ​និងភូត​ភរ» មក​ធ្វើ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​មាន​ឋាន:​ស្មើ​នឹង​ទេស​រដ្ឋមន្ត្រី​ទៅ​វិញ​នោះ?​

លោក​យល់​ថា ​ការតែង​តាំង​នេះ​​គឺ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​រាជ​រដ្ឋាភិបាល​ខូច​ឈ្មោះ​នាយក​រដ្ឋមន្ត្រី ​ដែល​ជា​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​ជាក់​ជា​មិនខាន​ ដោយ​សារ​ពលរដ្ឋ​លែង​គោរព ​លែង​ទុក​ចិត្ត​ និង​លែង​ស្តាប់​ត​ទៅ​ទៀត។​

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​មហា​ក្សត្រ ​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ បាន​ចេញ​រាជ​ក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​អតីត​អនុ​ប្រធាន​ទី​១​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​លោក​ញឹម វណ្ណដា ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​នឹង​ទេស​រដ្ឋមន្ត្រី ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ក្រោយ​ប្រកាស​បញ្ចប់​បេសក​កម្ម​រុករក​ពលរដ្ឋ​រង​គ្រោះ​ពី​គំនរ​អគារ​បាក់​រលំ​នៅ​ខេត្ត​ព្រះ​សីហនុ​កាលពី​យប់​ថ្ងៃ​ទី​២៤​មិថុនា​លោក​ហ៊ុន សែន​បាន​ប្រកាស​ក្នុង​ពិធី​សន្និសីទ​កាសែត​ថា​ លោក​បាន​សម្រេច​ដក​លោក​ញឹម វណ្ណដា​ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដោយ​មូលហេតុ​ភូតភរ​ និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​ ដោយ​មិន​ព្រម​ដឹក​នាំ​កម្លាំង​ដើម្បី​ជួយ​សង្រ្គោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ការ​រលំ​បាក់​អគារ​នោះ​ឡើយ។​

លោក​ហ៊ុន សែន​ប្រកាស​​ថា​ ស្របពេល​ដែល​ព្រឹត្តិ​ការណ៍​សោក​សៅ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ​បណ្តាល​ឱ្យ​ពល​រដ្ឋ​ស្លាប់​និង​របួស​រាប់​សិប​នាក់​នោះ ​លោក​ញឹម វណ្ណដា​អាច​កំពុង​មាន​វត្តមាន​នៅ​ខេត្ត​កំពត​កំពុង​កំសាន្ត​ជាមួយ​ស្រី​ស្នេហ៍។​

អ្នក​វិភាគ​នយោបាយ​នៅ​ក្រៅ​ប្រទេស​លោក​គឹម សុខ​ធ្លាប់​បាន​លើក​ឡើង​ថា​ ជា​ធម្មតា​ក្រុម​កុម្មុយនីស្ត​កម្រ​នឹង​បោះ​បង់​មន្ត្រី​របស់​ខ្លួន​ណាស់​ ជា​ពិសេស​មន្ត្រី​ធ្លាប់​តស៊ូ​ជាមួយ​ខ្លួន​ ហើយ​ថា​ ការ​ដក​តំណែង​ណា​មួយ​គ្រាន់​តែ​ធ្វើ​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ ​ផ្ទុយ​ទៅវិញ​មន្ត្រី​អសមត្ថ​ភាព​ទាំង​នោះ​នឹង​បាន​តំណែង​ថ្មី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​មិនខាន​ បន្ទាប់​ពី​ត្រូវ​បាន​ដក​ហូត​ចេញ​ពី​តំណែង​ចាស់៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស