បរិភោគអាហារនៅតាមផ្ទៃរៀងៗខ្លួន ក្នុងឱកាសខែរ៉ាម៉ាឌន ឬ ខែតមអាហារ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ក្នុងលិខិតមួយរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជាចាងហ្វាង ដែលមានឈ្មោះ លោក សុះ កំរ៉ី កាលពីថ្ងៃម្សិលមិញ បានជម្រាបជូនទៅ គណៈអ៊ីម៉ាំគ្រប់ជាន់ថ្នាក់ នាយកសាលា គ្រូបង្រៀនសាសនាឥស្លាម និងបងប្អូនសាសនិកឥស្លាមទាំងអស់ មិនត្រូវភ្លេចខ្លួនឬ ធ្វេសប្រហែស ដោយមើលស្រាលជំងឺកូវីដ១៩ឡើយ ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺនេះរហូតទទួលបាលជោគជ័យទាំងស្រុងនៅពេលខាងមុខ។
លិខិតដដែលបន្តថា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅអំឡុងខែរ៉ាម៉ាឌន ឬ ខែតមអាហារ នៅឆ្នាំ២០២០នេះ សាសនិកទាំងអស់ត្រូវពិសារអាហារ ក្នុងពេលស្រាយបួសនៅតាមផ្ទះរៀងខ្លួន។ បន្ថែមពីនេះ ការថ្វាយបង្គំព្រះនៅពេលយប់ក្នុងខែរ៉ាម៉ាឌន ត្រូវធ្វើលក្ខណៈគ្រួសារនៅតាមផ្ទះ។
ជាងនេះទៀត ក្នុងថ្ងៃបុណ្យ រ៉យ៉ាហ្វិតត្រាស់ សាសនិកឥស្លាមទាំងអស់ត្រូវថ្វាយបង្គំតាមផ្ទះរៀងខ្លួន ហើយការដើរសួរសុខទុក្ខគ្នាក្នុងឱកាសពិធីបុណ្យនេះ មិនត្រូវប្រមូលផ្តុំគ្នាឡើយ ដោយត្រូវរក្សាគម្លាតឆ្ងាយពីគ្នាជាដើម។ ខែរ៉ាម៉ាឌន គ្រោងចាប់ផ្តើមនៅថ្ងៃទី ២៤ មេសាតទៅ ហើយការបួសខែរ៉ាម៉ាដន ជាប្រពៃណីទំនៀមទម្លាប់មួយរបស់អ្នកកាន់សាសនាឥស្លាម ដែលតម្រូវឱ្យតបអាហាររយៈពេល១៤ម៉ោង ចាប់ពីថ្ងៃរះ រហូតដល់ថ្ងៃលិចទៅវិញ។
កាលពីចុងខែកុម្ភៈ មានសាសនិកឥស្លាមចំនួន៧៩ នាក់បានទៅចូលរួមពិធីសាសនានេះនៅប្រទេសម៉ាឡេស៊ី ដោយពួកគេបានត្រឡប់មកវិញនៅដើមខែមីនា។ ក្រោយត្រឡប់ពីប្រទេសម៉ាឡេស៊ី ក្នុងចំណោមពួកគេ៧៩នាក់ គឺមាន២៣នាក់ បានរកឃើញថាឆ្លងជំងឺកូវីដ១៩ ។
ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស លោក អូស្មាន ហាស្សាន់ បានអះអាងនៅថ្ងៃនេះថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ទាំង២៣នាក់នោះ ពួកគេបានចម្លងបន្តទៅសមាជិកក្រុមគ្រួសារ ទាំងអស់ ៨នាក់ ហើយក៏មានពលរដ្ឋមកពីប្រទេសម៉ាឡេស៊ីពីនាក់ទៀតបាន ឆ្លងជំងឺនេះ ដែលធ្វើឱ្យពលរដ្ឋចាមដែលឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានចំនួនសរុប៣៣ នាក់។
លោកបញ្ជាក់ទៀតថា ក្នុងចំណោមពួកគេ៣៣នាក់ ដែលផ្ទុកជំងឺនេះ គឺបានព្យាបាលឱ្យជាសះស្បើយចំនួន៣២នាក់ហើយ នៅឡើយសល់ម្នាក់ទៀតប៉ុណ្ណោះ ដោយសារគាត់មានវ័យចំណាស់និងមានជំងឺប្រចាំកាយ ទើបត្រូវរង់ចាំការព្យាបាលបន្ត៕