38 C
Phnom Penh

ហេតុអ្វី លោក ហេង សួរ ដែលជាមនុស្សឈាមរាវជំនិតរបស់លោក ហ៊ុន ម៉ាណែត មិនត្រូវបានស៊ើបអង្កេត?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាដំបូងសារព័ត៌មាន ឌឹខេមបូឌាដេលី សូមបញ្ហាញត្រួសៗសិនពីការងារក្នុងប្រទេសរបស់លោក ហេង សួរ។ លោក ជាអ្នកនាំពាក្យក្រសួងការងារ ដែលតែងនិយាយការពាររដ្ឋាភិបាល និងតែងតែប្រើសារគម្រាមកំហែង កម្មកររោងចក្រ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះលោកចេញសកម្មភាពព្រមានកម្មករថានឹងត្រូវបញ្ឈប់កម្មករទាំងឡាយណាពីការងារដោយគ្មានប្រាក់សំណង បើកម្មករណាហ៊ានឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ខណ:កម្ពុជាកំពុងរាតត្បាតជំងឺកូវីដ១៩ និងរដ្ឋាភិបាលចេញបម្រាមមិនឲ្យមានការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំ។

ត្បិតលោកជាអ្នកនាំពាក្យរបស់ក្រសួងការងារក្តី  ប៉ុន្តែលោកជាអ្នកនាំពាក្យដែលស្ទើរតែមិនដែលលើកទូរស័ព្ទរបស់អ្នកកាសែតទៅហើយ។

លោកក៏មានតួនាទីជាក្រុមពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះលោកក៏ជាអ្នកពង្វក់យុវជននៃក្រុមសហភាពសហព័ន្ធរបស់ លោក  ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន  សែន ថែមទៀត។

រីឯការងារពង្រឹកបក្ស  ឫបំបែកបំបាក់ខ្មែរនៅក្រៅប្រទេសវិញម្តង លោកជាមនុស្សជំនិតរបស់ លោក  ហ៊ុន ម៉ាណែត  កូនប្រុសច្បងលោក  ហ៊ុន  សែន។ លោក ហេង សួរ តែងដើរហែរហមអមដំណើរ លោក ហ៊ុន  ម៉ាណែត  ពេលចេញទៅក្រៅប្រទេស ដើម្បីរកសំឡេងគាំទ្រឲ្យគណបក្សប្រជាជននៅក្រៅប្រទេស ដូចជានៅប្រទេស ប្រទេស ថៃ  កូរ៉េខាងត្បូង  ជប៉ុន  អូស្ត្រាលី  សហរដ្ឋអាមេរិក  និងទ្វីបអឺរ៉ុបជាដើម។

ការងារពង្រឹងបក្សនេះ បើទោះជាក្រុមរបស់លោកខំប្រឹងប្រើទឹកលុយប៉ុន្តែមិនអាចទិញអ្នកគាំទ្របាននោះទេ។ ជាងនេះទៅទៀតក្រុមនេះក៏បានប្រើទឹកលុយដើម្បីបំបែកបំបាកខ្មែរនៅក្រៅទេសដែរ ជាពិសេសបានធ្វើអោយខ្មែរនៅសហរដ្ឋអាមេរិកបែកខ្ញែកជាចម្រៀកតូចៗ ក្រោយពេលពួកគេបានឡើងចុះសហរដ្ឋអាមេរិកញឹកញាប់កាលពីអំឡុងឆ្នាំ២០១៦។

ពេលនោះហើយដែលក្រុមលោក ហេង សួរ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត គ្រោងទៅចូលរួមពិធីបុណ្យចូលឆ្នាំនៅទឹកដីអាមេរិក ប៉ុន្តែសហគមន៍ខ្មែរលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរគ្មានវត្តមាន លោក ហ៊ុន ម៉ាណែត ចូលរួមនឹងធ្វើឲ្យពលរដ្ឋខ្មែរនៅអាមេរិកសប្បាយរីករាយ ព្រោះមិនបានបង្ហាញពីការបែកបាក់រវាងខ្មែរ និងខ្មែរ។

លោក ហេង សួរ កើតក្នុងទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៤ ប៉ុន្តែដោយសារការចូលរៀនថ្នាក់បឋមសិក្សាមានបញ្ហា ឳពុកម្តាយរបស់លោកបានប្តូរឆ្នាំកំណើតរបស់លោកមកខែកញ្ញា ឆ្នាំ១៩៧៥ វិញ។ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៧ លោករៀននៅសាលាបឋមសិក្សទួលថ្មក្នុងកំពង់ចាម បន្ទាប់មកផ្លាស់មករៀនសាលាបឋមសិក្សាទួលស្លែងក្នុងទីក្រុងភ្នំពេញ។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ លោករៀនចប់សកលវិទ្យាល័យជាតិគ្រប់គ្រង។ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤ បុរសរូបនេះបម្រើការជាមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ លោក ហេង សួរ បម្រើការជាអគ្គនាយកនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយពីឆ្នាំ២០១៣ មកទល់បច្ចុប្បន្ននេះលោកជាប្រធានខុទ្ទកាល័យ និងជាអ្នកនាំពាក្យនៃក្រសួងការងារ។

ប៉ុន្តែការងារសំខាន់សម្រាប់លោក  ហេង  សួរ  មួយទៀតក្នុងពេលបច្ចុប្បន្ននេះ គឺការដើរកៀគរពលរដ្ឋ និងនិស្សិតខ្មែរនៅក្រៅប្រទេសអោយរង់ចាំទទួលលោក  ហ៊ុន  សែន ពេលមេដឹកនាំក្រាញអំណាចរូបនេះចេញក្រៅប្រទេស ខណះពលរដ្ឋខ្មែរក្រៅស្រុកដែលមាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន កាលពីអំឡុងឆ្នាំ២០១៨។ បុរសឈាមរាវរូបនេះ បានរៀបចំផែនការជួលក្រុមជនពាលឲ្យធ្វើបាបក្រុមប្រឆាំងនៅក្រៅប្រទេស ក្រោមរូបភាពបង្កហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ខ្សែរអាត់សំឡេងមានរយៈពេលជាងមួយនាទី ដែលគេចែកចាយពីមួយទៅមួយនៅតាមបណ្ដាញហ្វេសប៊ុក សំឡេង លោក ហេង សួរ បញ្ជាឲ្យបក្ខពួករបស់ខ្លួនវាយធ្វើបាបអ្នក ដែលហ៊ានងើបតតាំងនឹងលោក ហ៊ុន សែន តាមរយៈការជួលក្រុមជើងកាងឲ្យវាយធ្វើបាបអ្នកប្រឆាំងទាំងនោះនៅក្រៅប្រទេស ឬរៀបចំសម្លាប់ក្រោមលេសគ្រោះថ្នាក់ចរាចរ ប្រសិនបើជននោះហ៊ានចូលមកស្រុកវិញ។

សំឡេងបែកធ្លាយដដែលនោះនិយាយទៅកាន់បុរសម្នាក់ដែលលោក ហៅថា ដែលទំនងជាលោក ហេង សួរ និយាយទៅកាន់អភិបាលរាជធានី ភ្នំពេញលោក ឃួងស្រេង និយាយពីមុខសញ្ញាជាសកម្មជនឲ្យមានគ្រោះថ្នាក់ចរាណ៍នៅស្រុកខ្មែរ។    

ក្រោយបែកធ្លាយសំឡេងនោះគេសង្កេតឃើញសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួននៅប្រទេសថៃត្រូវមនុស្សមិនស្គាល់មុខវាយធ្វើបាប។ ចំណែកនៅក្នុងស្រុកវិញយ៉ាងហោចណាស់មានសកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ត្រូវជនមិនស្គាល់វាយធ្វើបាបបណ្តាលឲ្យបាក់ដៃ បែកក្បាល ហើយអ្នកទាំងនោះមិនត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកមុខឃើញនោះទេ បើទោះជាការណីខ្លះត្រូវគេថតបានទាំងស្លាកលេខម៉ូតូជនដៃដល់ថែមទៀតផង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស