26.9 C
Phnom Penh

សមាគម IDEA ស្នើ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​គាំទ្រ​ការ​អនុម័ត​អនុសញ្ញា​បំពេញ​បន្ថែម​របស់​អង្គការ ILO

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ គាំទ្រ​ការ​អនុម័ត​អនុសញ្ញា​បំពេញ​បន្ថែម​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​សន្និសីទ​ការងារ​អន្តរជាតិ​ឆ្នាំ​២០២៥ ស្ដីពី​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការងារ​សមរម្យ​សម្រាប់​កម្មករ​ក្នុង​ប្រព័ន្ធ​ឌីជីថល។

សមាគម IDEA បាន​ផ្សព្វផ្សាយ​លិខិត​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ កាលពី​ចុង​សប្តាហ៍​នេះ​ថា ខ្លួន​ជឿជាក់​ថា​អនុសញ្ញា​បំពេញ​បន្ថែម​នេះ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ជំរុញ​រដ្ឋាភិបាល​បង្កើត​នូវ​បទប្បញ្ញត្តិ​សម្រាប់​ប្រតិបត្តិការ​លើ​ក្រុមហ៊ុន​ឌីជីថល​នៅ​កម្រិត​ជាតិ ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​ការងារ បទប្បញ្ញត្តិ និង​គោលនយោបាយ។

ប្រភព​ដដែល លើកឡើង​ថា សព្វថ្ងៃ​នេះ ប្រាក់ចំណេញ​នៃ​របរ​នេះ​កំពុង​ហូរ​ទៅ​រក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដែល​បាន​បង្កើត​ក្រុមហ៊ុន​ឌីជីថល​ទាំងនេះ ចំណែកឯ​ហានិភ័យ​ផ្សេងៗ​បាន​កើតឡើង​ចំពោះ​កម្មករ ហើយ​ដោយសារតែ​ទំនាក់ទំនង​ការងារ​មិន​ល្អ​នៅ​ក្នុង​ក្រុមហ៊ុន​ឌីជីថល​នេះ រដ្ឋាភិបាល​ក៏​កំពុង​បាត់បង់​នូវ​ភាគទាន​ផ្នែក​សន្តិសុខ​សង្គម​ពី​ថៅកែ​ក្រុមហ៊ុន​ដែល​ជា​តម្រូវការ​ចាំបាច់​ផង​ដែរ។

IDEA បញ្ជាក់​ថា លិខិតុបករណ៍ ILO នេះ អាច​ផ្តល់​នូវ​តុល្យភាព ការ​ការពារ​កម្មករ និង​បង្កើត​ឱកាស​ការងារ​ជាច្រើន​ថែម​ទៀត ខណៈ​កម្មករ​និយោជិត​រំពឹង​ថា​លិខិតុបករណ៍​នា​ពេល​អនាគត​នេះ ក៏​នឹង​ដាក់​ចេញ​នូវ​គោលការណ៍​ជា​កំហិត​សម្រាប់​ការពារ​កម្មករ​ឌីជីថល​ទាំងអស់​ផង​ដែរ។

នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ រដ្ឋសភា និង​ព្រឹទ្ធសភា បាន​ប្រជុំ​សមាជ​លើកដំបូង​ដោយ​ពិភាក្សា​លើ​ប្រព័ន្ធ​គាំពារ​សង្គម ដូចជា ការ​ថែទាំ​សុខភាព ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ។

កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​កោះ​ប្រជុំ​អ្នកជំនាញ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ចំពោះ​សហជីព និង​កម្មករ​ក្នុង​ប្រព័ន្ធ​ឌីជីថល ដែល​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ទីផ្សារ​ការងារ​សម័យ​ទំនើប។

អំឡុង​ពេល​នៃ​ការ​ពិភាក្សា​នេះ រដ្ឋាភិបាល​ជាច្រើន​ប្រទេស បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​គម្លាត​បទប្បញ្ញត្តិ​ដែល​មាន​ស្រាប់ និង​បាន​សង្កត់​ធ្ងន់​លើ​តម្រូវការ​ដ៏​សំខាន់​សម្រាប់​បទប្បញ្ញត្តិ​នៅ​កម្រិត​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស