31 C
Phnom Penh

មន្ត្រី​ការបរទេស ថា​ភាគី​ថៃ​បាន​បញ្ជូន​កំណត់​ទូត​មក​កម្ពុជា​ពាក់ព័ន្ធ​ករណី​បាត់ខ្លួន​សកម្មជន​នយោបាយ​ថៃ​នៅ​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ខ្មែរ បាន​អះអាង​ថា​ភាគី​ថៃ បាន​ផ្ញើ​កំណត់​ទូត​មួយ​មក​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​បាត់ខ្លួន​សកម្មជន​នយោបាយ​ថៃ​ម្នាក់ ដែល​ហ៊ាន​ប្រឆាំង​របប​ដឹកនាំ​ថៃ​របស់​លោក ប្រា​យុទ្ធ ចាន់​អូ​ចារ ។

សារព័ត៌​មាន​ថ្មី​ៗបាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង ចុះផ្សាយ​ថា កំណត់​ទូត​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ដែល​បាន​ផ្ញើ​មក​ក្រសួង​ការបរទេស​នេះ គឺ​គ្រាន់តែ​ស្នើសុំ​ឱ្យ​ភាគី​កម្ពុជា ពិនិត្យ និង​ផ្ទៀងផ្ទាត់​មើល​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ​លោក វ៉ាន់​ឆា​ឡឺម សា​ត់​ស័ក្កសិទ្ធ (Wanchalearm Satsaksit​) ដើម្បី​ចង់​ដឹង​ថា វា​ពិតជា​មាន​ករណី​បែបនេះ ដូចជា​ការ​ចុះផ្សាយ​ដែរ​ទេ។

លោក​បន្ត​ថា ក្រសួង​ការបរទេស​ក៏បាន​បញ្ជូន​កំណត់​ទូត​របស់​ភាគី​ថៃ ទៅ កាន់​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​ធ្វើការងារ​ស្រាវជ្រាវ​ករណីនេះ​ដែរ។ សារព័ត៌មាន​ដដែល​ក៏បាន​ដកស្រង់​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ថា​ក្រសួង​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ករណី​ចាប់ខ្លួន​នេះ តាមរយៈ​ការសាកសួរ​ព័ត៌មាន​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ ដើម្បី​ប្រមូល​ជា​ភស្តុតាង និង​តម្រុយ ឈាន​ទៅ​កំណត់​គោលដៅ​បន្ថែម​ទៀត។

ជាមួយគ្នា​នេះ លោក ខៀវ សុភ័គ អះអាង​ថា អាជ្ញាធរ​កម្ពុជា មិនបាន​ចាប់ខ្លួន​លោក វ៉ាន់​ឆា​ឡឺម បញ្ជូន​ទៅ​ថៃ ដូច​ការសង្ស័យ​ទេ។អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch បាន​លើកឡើង​ថា លោក វ៉ាន់​ឆា​ឡឺម សា​ត់​ស័ក្កសិទ្ធ ត្រូវ​បាន​ជន​មួយ​ក្រុម​ប្រដាប់ដោយ​អាវុធ​ចាប់​បញ្ចូល​ក្នុង​រថយន្ត​ពណ៌ខ្មៅ​មួយ​គ្រឿង​នៅ កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៤ មិថុនា ដោយ​អង្គការ​នេះ​សង្ស័យ​ថា​ជា​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ​លើទឹក​ដី កម្ពុជា។

ក្រោយ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ថៃ​រូប​នោះ​មួយថ្ងៃ កាលពី​ថ្ងៃទី៥មិថុនា អង្គការHuman Right Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដោយ​ស្នើ​ឱ្យ​កម្ពុជា​ស៊ើបអង្កេត​ករណី​បាត់ខ្លួន លោ​កវ៉ាន់​ឆា​ឡឺម។ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ Human Right Watch បានឱ្យ​ដឹង​ថា ករណី​ចាប់ជំរិត​នេះ កើតឡើង​មួយថ្ងៃ​ក្រោយ​ប៉ុណ្ណោះ បន្ទាប់ពី​លោ​កវ៉ាន់​ឆា​ឡឺម បាន​ចេញ​វីដេអូ​ឃ្លី​បមួយ ដោយ​និយាយ​ជា​ភាសា​ថៃ រិះគន់​មេដឹកនាំ​ប្រទេស​ថៃ​បច្ចុប្បន្ន គឺ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចារ ដោយ​ថា​ជា​មេដឹកនាំ​របប​ផ្តាច់​ការ​ធ្វើ​ឱ្យ​ប្រទេសជាតិ​អាប់​អោន​កិត្តិយស និង​ទាមទារ​ឱ្យ​លោក​ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង​ថែមទៀត​ផង។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ កំពុង​បារម្ភ​ពី​សុវត្ថិភាព​របស់​សកម្មជន​នយោបាយ​ថៃ និង​ជា​ក្រុម​អាវ​ក្រហម​ថៃ​រូប​នោះ ដោយ​បាន​ស្នើ​ឱ្យ​កម្ពុជា​ស៊ើបអង្កេត​នេះ​ជាបន្ទាន់។ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤ មក យ៉ាង​យោ​ចណាស់​មាន​សកម្មជន​នយោបាយ​ថៃ​ចំនួន ៨នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ហើយ​បាន​បាត់ខ្លួន និង​មួយចំនួន​ទៀត ត្រូវ​បាន​រក​ឃើញថា​ស្លាប់។

លោក វ៉ាន់​ឆា​ឡឺម គឺ​ឋិត​ក្នុងចំណោម​សកម្មជន​និរទេស​ខ្លួន ២៩នាក់ ដែល​រង​ការ​ចោទ​ថា បាន​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ហើយ​សកម្មជន​នយោបាយ​ថៃ​រូប​នេះ​បាន​មក​រស់នៅ​សម្ងំ​លាក់ខ្លួន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ២០១៤ គេច​ចេញពី​ការ​តាម​ចាប់​របស់​ក្រុម​យោធា​ថៃ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស