28.4 C
Phnom Penh

ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ ជៀសវាង​ពិសារ​ស្រា​គ្មាន​ប្រភព​ច្បាស់លាស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ជាថ្មី​ទៀត ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ពិ​សា​រស្រាស ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​បន្ថែម​ទៀត។ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ៧នាក់​ស្លាប់ និង​ប្រមាណ៤០នាក់​ទៀត​ត្រូវ​សង្រ្គោះ​បន្ទាន់ ក្រោយពេល​ពួក​គេ​ពិសារ​ស្រាថ្នាំ​ចិនសែ ដែល​មានឈ្មោះ​ថា តាំង​គួយ។

លិខិត​របស់ក្រ​សួង​សុខាភិបាល​កាលពី​សប្តាហ៍​មុន បាន​បញ្ជា​ទៅ អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន និង​ចេះ​ការពារ​សុខភាព​ជៀសវាង​ពុល​ស្រា ស និង​ស្រាថ្នាំ ដែល​ផលិត​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ។លិខិត​ស្តី​ពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ពុល​ស្រា​នៅ​ខេត្ត​បន្ទាយមានជ័យ ឱ្យ​ដឹង​ថា​ពលរដ្ឋ​ចំនួន ៤៤នាក់ នៅ​តាម​បណ្ដា​ភូមិ​ចំនួន ៩ ស្ថិត​ក្នុង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរពេទ្យ​នានា។

ក្នុង​នោះ​ពលរដ្ឋ ៧នាក់ បាន​ស្លាប់ ក្រោយពេល​ផឹកស្រា​ថ្នាំ​មួយ​ប្រភេទ​យីហោ​«តាំង​គួយ»នៅចន្លោះ​ថ្ងៃទី៧ ដល់​ថ្ងៃទី១៣មិថុនា។ក្រោយពី​មាន​ករណី​ពុល​បណ្តាល​ឲ្យ​ឈឺ និង​ស្លាប់​នោះ ក្រសួង​បាន​យក​ស្រាថ្នាំ​ពីទី​តាំង​ផ្សេងគ្នា​ទៅ​ពិសោធ​នៅ​មជ្ឈមណ្ឌល​ជាតិ​ពិ​សោ​ធ៍​នៃ​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ហើយ​លទ្ធផល​បង្ហាញថា សំណាក​នៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត មានកម្រិត​មេតាណុល​ជាង១៣​% សំណាក​នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ មានកម្រិត​ជិត ១៥​% និង​សំណាក​នៅ​ភូមិ​អូរសំព័រ ឃុំ​អូរសំព័រ ស្រុក​ម៉ាឡៃ មានកម្រិត​មេតាណុល​ជាង ១៥​%។បញ្ហា​នេះ ក្រសួង​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ពង្រឹង​ការ​ត្រួតពិនិត្យ​សិប្បកម្ម​និង​ទីតាំង​ផលិត​ស្រា ជាពិសេស​លប់​បំបាត់​ទីតាំង​ផលិត​ស្រា​ដែល​មិន​មានច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា ទិន្នន័យ​នៃ​ការ​ពុល​ស្រា​កន្លងមក នៅតែ​ជា​បញ្ហា​ប្រឈម​ប៉ះពាល់​សុខភាព និង​អាយុជីវិត​ពលរដ្ឋ​ជាបន្តបន្ទាប់ ។ជាក់ស្តែង ក្នុង​ឆ្នាំ ២០១៥ ករណី​ពុល​ស្រា​មាន ២៨៤ ករណី ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន ៣៣នាក់ នៅក្នុង​ខេត្ត​ចំនួន៣ គឺ ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​ខេត្តមណ្ឌលគីរី។ដោយឡែក ក្នុង​ឆ្នាំ ២០១៦ ករណី​ពុល​ស្រា​មាន​ចំនួន ៩២ ករណី ក្នុង​នោះ​ស្លាប់ ១៥ នាក់ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង។ ចំណែក​នៅ​ឆ្នាំ ២០១៧ ករណី​ពុល​ស្រា​មាន​ចំនួន ១៣ករណី ក្នុង​នោះ​ស្លាប់២នាក់ នៅ​ខេត្តមណ្ឌលគីរី។

តួលេខ​ឆ្នាំ ២០១៨ ករណី​ពុល​ស្រា​មាន​ចំនួន ២០៣ករណី ក្នុង​នោះ​ស្លាប់៩នាក់ នៅ​ខេត្តក្រចេះ និង​ខេត្តកំពត។នាយកដ្ឋាន​ដដែល មើលឃើញ​ថា​ស្រា​នៅតែ​ជា​មូលហេតុ​សំខាន់ ក្នុងចំណោម​ការ​ពុល​អាហារ​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការ​ឈឺ និង​ស្លាប់។

ទោះជាយ៉ាងណា​ក៏ដោយ ក្រសួងសុខាភិបាល​នៅតែ​ប្រឹងប្រែង សហការ​ជាមួយ​ក្រសួង​ពាក់​ពន្ធ័ ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ហានិភ័យ​ដែល​បណ្តាល មក​ពី​ការ​ទទួលទាន​ស្រា​ដែល​ផលិត​ដោយ​គ្មាន​គុណភាព​ទាំងនេះ ។យ៉ាងនេះ​ក្តី ក្រុម​អ្នកឃ្លាំមើល​យល់ឃើញ​ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​នៅតែ​មិន​មានប្រសិទ្ធភាព ទោះបីជា​បញ្ហា​នេះ​កើតឡើង​ជា​រឿយ​ៗ និង​បណ្តាល​ឱ្យ​មាន​ពលរដ្ឋ​ស្លាប់​ជាបន្តបន្ទាប់​ក្តី​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស