គណៈកម្មាធិការអឺរ៉ុប បានសម្រេចជាផ្លូវការក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅថា EBA ២០ភាគរយពីកម្ពុជានៅថ្ងៃពុធនេះ។ក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុបនៅថ្ងៃទី១២ខែសីហា ស្តីពីការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បានចូលជាធរមានហើយ នៅថ្ងៃនេះក្រោយពីរដ្ឋាភិបាលលោកហ៊ុន សែនបរាជ័យក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងនៅតែបន្តរំលោភសិទ្ធិមនុស្ស ពិសេសការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋឥតស្រាកស្រាន្ត។
ទោះបីជាយ៉ាងនេះក្តី ថ្លែងក្នុងសន្តិសីទកាសែតនៅព្រឹកថ្ងៃពុធនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថារដ្ឋាភិបាល មិនអាចលុតជង្គត់ ដើម្បីសុំទានគេជាថ្នូរនឹងការបង្គាប់បញ្ជាឱ្យកម្ពុជា បោះបង់ចោលនូវអធិបតេយ្យភាពនិងឯករាជ្យភាពនោះឡើយ។ លោកបញ្ជាក់ថា អធិបតេយ្យភាពនិងនិងរាជ្យភាព កម្ពុជាខំប្រឹងយូរណាស់មកហើយ ព្រមទាំងចំណាយជីវិតមនុស្សច្រើនណាស់ដើម្បីទទួលបានវា ដូច្នេះជំហកម្ពុជារឿងប្រព័ន្ធEBA ២០ភាគរយ គឺគ្មានអ្វីប្រែប្រួលឡើយ។
ទោះបីជាយ៉ាងណាក៏ដោយក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការពាណិជ្ជកម្មអឺរ៉ុប លោក Phil Hogan ស្នងការពាណិជ្ជកម្មអឺរ៉ុប បានលើកឡើងថាអឺរ៉ុប បានផ្តល់ឱកាសពាណិជ្ជកម្មដល់កម្ពុជាយ៉ាងច្រើន ដោយអនុញ្ញាតឲ្យកម្ពុជាអភិវឌ្ឍឧស្សាហកម្មដោយផ្តោតលើការនាំចេញ និងបានផ្តល់ការងារដល់ពលរដ្ឋរាប់ម៉ឺននាក់។ យ៉ាងនេះក្តីលោកថា ក្នុងការសម្រេចចិត្តដ៏លំបាកក្នុងវិបត្តិកូវីដ១៩ ប៉ុន្តែអឺរ៉ុបនៅតែទាមទារឲ្យកម្ពុជាវិលមកគន្លងលទ្ធិប្រជាធិបតេយ្យ តាមរយៈការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារជាដើម។
អឺរ៉ុប ក៏បានលើកឡើងថា ទៅមុខទៀត កម្ពុជា អាចទទួលបានអត្ថប្រយោជន៍ពេញលេញនៅទីផ្សារបស់ខ្លួន ប្រសិនបើអឺរ៉ុប មើលឃើញពីការរីកចម្រើនលើការគោរពសិទ្ធិមនុស្សនិងសិទ្ធិការងារនោះ។ ការសម្រេចអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ ធ្វើឡើងក្រោយពេលគណៈកម្មការអឺរ៉ុបបានសម្រេចប្រកាសព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ។ ក្នុងសេចក្តីប្រកាសរបស់អឺរ៉ុបកាលពី ខែកុម្ភៈនោះ បញ្ជាក់ថាវិធានការដក២០%នេះ ជាវិធាការ ដំបូងប៉ុណ្ណោះ ហើយថានឹងមានទណ្ឌកម្មផ្សេងទៀត បើកម្ពុជានៅតែដើរប្រាសចាកពីគន្លងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបន្តទៀត។
ការសម្រេចនេះ កម្ពុជានឹងត្រូវបង់ពន្ធលើមុខទំនិញប្រមាណ៤០ប្រភេទ ដែលនាំចូលទៅកាន់ទីផ្សារអឺរ៉ុបមានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ហើយប្រាក់ត្រូវបង់ពន្ធមានចំនួនប្រហែល១រយលានដុល្លារ។ ក្នុងចំណោមមុខទំនិញប្រមាណ៤០ប្រភេទ ក៏មានមុខទំនិញខាងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរផងដែរ។សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC កាលពីខែមិថុនា និងខែកក្កដា បានចេញលិខិតចំនួន៣លើករួចមកហើយ ដោយស្នើទៅសហភាពអឺរ៉ុបឱ្យពន្យារពេលក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយនេះ ព្រោះថា ការសម្រេចអនុវត្តនីតិវិធីនេះ នឹងធ្វើឱ្យសមិទ្ធផលក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជាដែលខំកសាងជាង២០ឆ្នាំមកនេះនឹងត្រូវរលាយ។
លើសពីនេះទៀត បញ្ហាកូវីដ១៩ កំពុងធ្វើឱ្យកម្មករជាច្រើនអត់ការងារធ្វើ ក្រោយពេលរោងចក្រពួកគេប្រកាសបិទទ្វាជាបន្តបន្ទាប់។ GMAC និយាយក្នុងលិខិតអំពាវនាវនោះថា ការសម្រេចអនុវត្តន៍នីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយជាផ្លូវការរបស់អឺរ៉ុប នឹងធ្វើឱ្យក្រុមហ៊ុនបញ្ជាទិញនឹងងាកចេញពីកម្ពុជា ហើយវិលទៅរកប្រទេសដែលមានភាពអនុគ្រោះពន្ធប្រសើរវិញ។ GMAC ថា ពេលនោះផលប៉ះពាល់លើកម្មករនិយោជិត និងគ្រួសាររបស់ពួកគាត់រាប់លាននាក់នឹងកើតមានកាន់តែធ្ងន់ធ្ងរ៕