32 C
Phnom Penh

Human Rights Watch ជំរុញឱ្យរដ្ឋាភិបាលរំលាយចោលសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ិនធឺណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ជំរុញឲ្យ រដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលឬ រំលាយចោលសេចក្ដីព្រាងច្បាប់ស្តីពីការច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត ព្រោះថាសេចក្ដីព្រាងច្បាប់នេះគំរាមកំហែងដល់អ្នកប្រើប្រាស់អ៊ិនធឺណិត។ លើសពីនេះ ជាការរំលោភដល់សិទ្ធិឯកជន និងសេរីភាពបញ្ចេញមតិតាមបណ្ដាញអ៊ិនធឺណិតថែមទៀតផង។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣វិច្ឆិកា ដោយអះអាងថា សេចក្តីព្រាងច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត មិនត្រូវបានចែករំលែកឱ្យសាធារណជនដឹងទេ ហើយក៏មិនបានពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ឬអ្នកជំនាញនោះឡើយ។

Human Rights Watch លើកឡើងទៀតថា រដ្ឋាភិបាលកម្ពុជាគួរតែរំលាយចោលសេចក្ដីព្រាងច្បាប់នេះ ពីព្រោះវាជាគំរាមកំហែងកាន់តែខ្លាំងទៅលើការឃ្លាំមើលអ្នកប្រើប្រាស់អ៊ិនធឺណិត សិទ្ធិឯកជន និងសេរីភាពបញ្ចេញមតិតាមអនឡាញ។

ក្រុមនេះក៏បានជម្រុញឲ្យសហគមន៍អន្តរជាតិគប្បីមានការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់ដែលមាន     ចរឹកនយោបាយនេះផងដែរ។

កាលពីខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានអនុម័តរួចហើយនូវប្រកាសអន្តរក្រសួងមួយស្ដីពីការគ្រប់គ្រងគេហទំព័រ និងបណ្ដាញសង្គម។  ប្រកាសនេះតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតទាំងអស់ ត្រូវតែដំឡើងកម្មវិធីឃ្លាំមើលមួយ ដើម្បីតាមដានមាតិកាដែលត្រូវបានបង្ហោះនៅលើអ៊ិនធឺណិត។

កន្លងមក រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ត្រូវបានគេមើលឃើញថាបានរំលោភទៅលើសិទ្ធិឯកជនរបស់ពលរដ្ឋ ពិសេសរំលោភលើដៃគូប្រជែងនយោបាយរបស់ខ្លួន ដោយការលបថតសំឡេងសន្ទនាគ្នា រឿងរ៉ាវស្នេហា ហើយយកមកផ្សព្វផ្សាយជាសាធារណៈក្រោមហេតុផលថា កិច្ចសន្ទនាដែលជារឿងអាស្រូវរបស់ក្រុមបក្សប្រឆាំងទាំងនោះត្រូវបានបែកធ្លាយតាមបណ្តាញសង្គមជាដើម។

រឿងរ៉ាងឯកជនទាំងនោះ លោកហ៊ុន សែន មិនបានជំរុញឱ្យមានការស៊ើបរកមុខអ្នកថតសម្លេងនោះទេ ប៉ុន្តែលោកធ្លាប់សរសើរដល់ការលបថតសំឡេងឯកជន ពិសេសកិច្ចសន្ទានារបស់លោក ជាមួយប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ថែមទៀតផង។

ទោះបីជាការលបថតសំឡេងឯកជននេះ ជាទង្វើខុសច្បាប់ក្តី ប៉ុន្តែរដ្ឋាភិបាលមិនបានចាត់វិធានការច្បាប់ទៅលើអ្នកប្រព្រឹត្តទេ  ដែលអ្នកឃ្លាំមើលយល់ឃើញថា ជាការលើកទឹកចិត្តឱ្យមានអំពើខុសច្បាប់ និងអសីលធម៌ទាំងនេះកើតឡើងបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស