សហភាពអឺរ៉ុបសម្រេចបន្តដាក់ទណ្ឌកម្មលើរបបផ្ដាច់ការនៅវេណេហ្សូអេឡាមួយឆ្នាំទៀត

របបផ្ដាច់ការនៅវេណេហ្សូអេឡា បន្តរស់រៀនមានជីវិតពិតមែនប៉ុន្តែរស់យ៉ាងវេទនាបំផុត។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានមូលនិធីរូបីយវត្ថុអន្តរជាតិ IFM អោយដឹងថា បានដើរដល់ ចំណុចដួលរំលំហើយ។

សេដ្ឋកិច្ចរបស់ប្រទេសនេះដែលពឹងផ្អែកទាំងស្រុងលើការផលិតប្រេងលក់ទៅក្រៅប្រទេស បានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដូចនេះ គឺដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក កាណាដា ប្រទេសជប៉ុន និងប្រទេសទាំង២៧នៃសហភាពអឺរ៉ុប។ ដោយសារស្ថានភាពនេះ ពលរដ្ឋរបស់ប្រទេសនេះ បាននាំគ្នារត់ភៀសខ្លួន ទៅនៅប្រទេសជិតខាងចំនួនជាង៥លាននាក់ ហើយក្នុងនោះមានទាំងសកម្មជននយោបាយក្រុមប្រឆាំង ដែលពុំអាចទ្រាំរស់បានដោយសារគាបសង្កត់សិទ្ធិសេរីភាព និងធ្វើទុក្ខបុកម្នេញ ជាខ្លាំង។

ក្រុមគាំទ្រមេបក្សប្រឆាំងលោក វ័ន្តកៃដូ រាប់ម៉ឺននាក់តែងតែធ្វើបាតុកម្មទម្លាក់ ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ប៉ុន្តែត្រូវបានបង្ក្រាបនិងចាប់ខ្លួនរាប់រយនាក់។

ដោយមិនអាចស្ដារប្រជាធិបតេយ្យឡើងវិញ សហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មលើរបបលោក ម៉ាឌូរ៉ូ រយៈពេលមួយឆ្នាំទៀត។

ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃព្រហស្សតិ៍ទី១២ ខែវិច្ឆិកា បានចុះផ្សាយថា សហភាពអឺរ៉ុប បានអនុម័តបន្តការដាក់ទណ្ឌកម្មមួយឆ្នាំទៀត លើរបបលោកម៉ាឌូរ៉ូ ក្នុងនោះ មានការបង្កកទ្រព្យសម្បត្តិមន្ត្រីរបស់លោកម៉ាឌូរ៉ូ ជាច្រើនសិបនាក់ ។

សហភាពអឺរ៉ុបបានសម្រេចវិធានការដូចនេះដោយសារមន្ត្រីរបស់លោកម៉ាឌូរ៉ួទាំងអស់នោះ ជាប់ពាក់ព័ន្ធនឹងការបំផ្លាញដំណើរការប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

វិធានការថ្មីនេះ គឺត្រូវដាក់កំហិតលើមន្ត្រីរបស់លោកម៉ាឌូរ៉ូចំនួន៣៦នាក់ ដោយហាមជាន់ទឹកដីអឺរ៉ុបហើយទ្រព្យសម្បត្តិទាំងអស់របស់មន្ត្រីនោះ នៅអឺរ៉ុបគឺត្រូវបង្កក។

ជាមួយគ្នានេះ សហភាពក៏បានសម្រេច ដាក់ទណ្ឌកម្ម លើការដឹកជញ្ជូនអាវុធទៅអោយប្រទេសវេណេហ្សូអេឡា ព្រោះសហភាពអឺរ៉ុបចាត់ទុកថា អាវុធទាំងនោះហើយជាឧបករណ៍សម្លាប់ក្រុមប្រឆាំង។

សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានលើកឡើងថាកាដែលស្ថានភាពសិទ្ធិមនុស្ស នៅវេណេហ្សូអេឡា នៅតែមិនអាចស្ដារឡើងវិញបានទៀតនោះ គឺសហភាពអឺរ៉ុបនឹងមានវិធានការថែមទៀត។

សហភាពអឺរ៉ុបទទូចថា ការដែលបំផ្លាញប្រជាធិបតេយ្យ គឺជាការបំផ្លាញនីតិរដ្ឋ។ ប៉ុន្តែសហភាពអឺរ៉ុប បានអះអាងថា ទណ្ឌកម្មនេះ មិនសំដៅទៅពលរដ្ឋវេណេហ្សូអេឡានោះទេ គឺសំដៅតែទៅលើ ពួកមន្រ្តីនៃរបបលោកម៉ាឌូរ៉ូតែប៉ុណ្ណោះ។

សហភាពអឺរ៉ុបបានប្រកាសថា ការបោះឆ្នោតសមាជិកសភា នៅថ្ងៃទី៦ធ្នូ ខាងមុខនេះ គឺជាការបោះឆ្នោតមួយប៉ះពាល់ធ្ងន់ធ្ងរ ដល់ឆន្ទៈរបស់ប្រជាជន ព្រោះមនុស្សប្រមាណ ៥លាននាក់កំពុងស្ថិតនៅក្រៅប្រទេស ហើយភាគច្រើន ជាក្រុមគាំទ្របក្សប្រឆាំង។

នៅក្នុងការបោះឆ្នោតនេះ ក្រុមប្រឆាំងដឹកនាំដោយលោកវ័ន្តកៃដូបានប្រកាសធ្វើពហិកា ដោយចាត់ទុកថា ពួកគេពុំមានលទ្ធភាពចូលរួមប្រកួតការបោះឆ្នោតនោះទេ ដោយសារតែការគាបសង្កត់ផ្នែកនយោបាយនៅតែបន្ត ហើយបរិយាកាសបោះឆ្នោតមិនអាចធ្វើឡើងដោយសេរី និងត្រឹមត្រូវឡើយ។ 

លោកកៃដូក៏បានប្រកាសអោយ សហគមន៍អន្តរជាតិ កុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ។ សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ការបោះឆ្នោតដែលពុំមានវត្តមានបក្សប្រឆាំងដែលមានតុល្យភាពកម្លាំងនឹងបក្សកាន់អំណាច គឺការបោះឆ្នោតនោះ គ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់ បំណងរបស់មេដឹកនាំម៉ាឌូរ៉ូតែប៉ុណ្ណោះ។

សហភាពអឺរ៉ុបប្រកាសថាខ្លួនសូមទាន់ចោលជាមុនដំណើរការបោះឆ្នោតបែបនេះ។ របបលោកម៉ាឌូរ៉ូ រងការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ គឺជាង៣ឆ្នាំមកហើយ។ ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ គឺជាប្រភពទ្រព្យមហាសាល។ ជាជង្រុងប្រេងកាតដ៏ធំទី៤នៃពិពភលោក ។ មុនធ្លាក់ក្នុងការហុំព័ន្ធសេដ្ឋកិច្ច បរិមាណនៃការផលិតប្រេងរបស់ប្រទេសនេះ គឺបានជាងមួយលានបារ៉ែល ក្នុងមួយថ្ងៃ ។

បណ្តាប្រទេសទាំងឡាយដែលទិញប្រេង ពីប្រទេសនេះ មានដូចជា ឥណ្ឌា និងចិន ជាដើម ។ ប៉ុន្តែប្រទេសធំទាំង២នេះ ក៏បានផ្អាកការទិញប្រេងពីប្រទេសនេះដែរដោយសារការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ មិនថាឡើយ ប្រទេស២នេះទេដែល បានផ្អាកការទីញប្រេងឆៅពីប្រទេសវេណេហ្សូអេឡា គឺប្រទេសជាច្រើន ទៀតក៏បានធ្វើដូចនេះដែរ។

តាមសារព័ត៌មាន BUSSINES INSIDER  រយៈពេលជិត២ឆ្នាំមកនេះ បរិមាណនៃការផលិតប្រេងរបស់ប្រទេសនេះបានធ្លាក់ចុះដល់៩០% ដោយបានធ្វើអោយ ប្រទេសផលិតប្រេងធំទី៤នេះ រត់ទៅទិញប្រេងពីប្រទេសដទៃទៅវិញ។

ក្រុមហ៊ុនផលិតប្រេង របស់រុស្ស៊ី ចំនួន២ បានសម្រេចដកការវិនិយោគរបស់ពួកគេ ត្រឡប់ទៅរុស្ស៊ីវិញ ក៏ព្រោះតែពុំមានអ្នកបញ្ជាទិញ។ អ្នកសង្កេតការណ៍បានហៅការក្រឡាប់នៃ ចរន្តផលិតប្រេងរបស់ប្រទេស នេះថាមកពីមេដឹកនាំផ្ដាច់ការ ម្នាក់គត់ គឺលោកនីកូឡាស់ម៉ាឌូរ៉ូ ដែលគិតតែពីការការពារអំណាចរបស់ខ្លួន ដោយហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីខ្លួនបានបន្តកាន់អំណាចទៅមុខទៀត៕ 

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.