អតីតមេបក្សប្រឆាំងនៅក្រៅស្រុកថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានរំលោភច្បាប់ជាតិ និងអន្តរជាតិ ដោយរំលាយគណបក្សសង្គ្រោះជាតិ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រិះគន់ថា ខណៈគណបក្សសង្គ្រោះជាតិលែងមានវត្តមាននៅកម្ពុជា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានប្រើអំណាចផ្តាច់មុខគ្មានដែនកំណត់ដែលបាន រំលោភលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ នានា ជាពិសេសគឺ រំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ។

អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស បានចោទថា គណបក្សប្រជាជនកម្ពុជារបស់ លោក ហ៊ុន សែន ជាគណបក្សកុម្មុយនីស ដែលបានជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជាង ២លាននាក់ ក្នុងរបបវាលពិឃាត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលមិនអាចប្រកែកបាន។

ថ្លែងក្នុងខ្សែវីដេអូ តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ដែលមានរយៈពេលជាង១១ នាទី នៅថ្ងៃទី ១៦ វិច្ឆិកា នេះ ដែលត្រូវនឹងខួប ៣ ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន រិះគន់ថា វិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយនៅកម្ពុជាគឺបណ្តាលមកពីការរំលាយគណបក្សសង្គ្រោះជាតិនេះតែម្តង។

លោកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន មានតែច្រកមួយគត់ដើម្បីដោះស្រាយវិបត្តិនានានៅកម្ពុជា គឺត្រូវទម្លាក់ចោលរាល់បទចោទលើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងផ្តល់សេរីភាពដល់រូបលោកឲ្យបានពេញលេញ និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដើម្បីដំណើរការឡើងវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

ការអះអាងនេះធ្វើឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដែលជាថ្ងៃគម្រប់ខួប ៣ឆ្នាំនៃការរំលាយគណបក្សង្គ្រោះជាតិដោយតុលាការកំពូលក្រុងភ្នំពេញដែលបានចោទប្រកាន់ប្រធានគណបក្សនេះ គឺ លោក កឹម សុខា ពីបទ ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន។

លើកឡើងក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា ក្រោយថ្ងៃ១៦ វិច្ឆិកា ឆ្នាំ២០១៧ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងកណ្តាប់ដៃជនផ្តាច់ការទាំងស្រុង ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក៏រងការគម្រាមកំហែងពីរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ឥតស្រាកស្រាន្តផងដែរ។

ប្រភពដដែលរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រើអំណាចយ៉ាងព្រៃផ្សៃ ដើម្បីគាបសង្កត់អ្នកតវ៉ា រំលោភសិទ្ធិមនុស្ស ដែលតែងបង្ក្រាបលើព្រះសង្ឃ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលព្រមទាំងបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

អុ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងក្នុងគណនី ហ្វេស ប៊ុក របស់លោកនៅថ្ងៃចន្ទនេះថា របបប្រជាធិបតេយ្យនៅកម្ពុជា ដូចគ្នាទៅនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដូច្នេះដែរ គឺមិនអាចមានដំណើរការបានទេ បើមេដឹកនាំ និងអ្នកនយោបាយ ចាត់ទុកគូបដិបក្ខនយោបាយរបស់ខ្លួនជាខ្មាំងសត្រូវនឹងគ្នានោះ។

លោក អះអាងថា បើមិនមានការយល់ដឹង និងការគោរពអនុវត្តគោលការណ៍គុណតម្លៃជាមូលដ្ឋានចាំបាច់មួយចំនួន និងមិនមានសីលធម៌ គុណធម៌ ការគោរពច្បាប់ និងឲ្យយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុតចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទេ នោះកម្ពុជាមិនអាចស្គាល់ពន្លឺឯកភាពជាតិឡើយ។

ចំណែក លោក ស៊ឹង សែនករុណា មន្រ្តីជាន់ខ្ពស់ការពារសិទ្ធិមនុស្សសមាគមអាដហុក អះអាងថា អ្នកជំនួញនយោបាយ និងអ្នកនយោបាយឱកាសនិយម តែងយកនយោបាយជាមុខរបរធ្វើអ្វីៗ ដើម្បីតែការការពារអំណាចនិងការពារផលប្រយោជន៍បុគ្គល   និងបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ។

លោក បញ្ជាក់ថា អ្នកនយោបាយប្រទេសប្រជាធិបតេយ្យពិតប្រាកដ តែងចាត់ទុកការចូលរួមធ្វើកិច្ចការនយោបាយជាបន្ទុកសំរាប់ខ្លួន  ប៉ុន្តែបើប្រទេសជាតិណាក៏ដោយ ឲ្យតែមានអ្នកជំនួញនយោបាយ និងអ្នកនយោបាយឱកាសនិយម ប្រទេសនោះជៀសមិនផុតពីភាពរលាយហិនហោចនោះទេ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា បានជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន ព្រមទាំងបានព្យួរសិទ្ធិនយោបាយតំណាងរាស្ត្រគណបក្សនេះចំនួន១១៨ នាក់ រយៈពេល៥ឆ្នាំ ទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអតីតគណបក្សសង្រ្គោះជាតិ ចំនួន ១៤ រូបហើយ ដែលបានស្នើរសុំនីតិសម្បទានយោបាយឡើងវិញពីមហាក្សត្រ ក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់ខាងលោក សម រង្ស៊ី មួយចំនួនផងដែរ ដូចជា លោក គង់ គាំ លោក គង់ បូរ៉ា លោក ជីវ កាតា លោក សុន ឆ័យ លោករៀល ខែមរិន្ទ និងលោកស្រី លី ស្រីវីណា ជាដើម ដែលទើបតែនឹងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចកាលពីថ្ងៃទី១២ ខែវិច្ឆិកា នេះ។ ចំណែកតំណាងរាស្រ្តភាគីលោក កឹម សុខា វិញរួមមានលោក អ៊ូ ច័ន្ទរ័ត្ន និងលោក កង គឹមហាក់៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.