28.4 C
Phnom Penh

GDP រិះគន់ថា ការកែច្បាប់ ២ភាគ៣ ទៅជា ៥០%+១ ជាដើមចមនៃការប្រគល់អំណាចគ្រប់បែបយ៉ាងទៅឲ្យបក្សកាន់អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានរិះគន់ថា រដ្ឋសភាឯកបក្សរបស់របស់រដ្ឋាភិបាលកម្ពុជាបានប្រើរូបមន្ត ៥០%+១ បោះឆ្នោតធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដែលអាចបើកផ្លូវឲ្យតុលាការកំពូលអាចរំលាយគណបក្សនយោបាយនៅកម្ពុជាដោយស្របច្បាប់។

បណ្ឌិត យ៉ង សាំងកុមារ ប្រធានប្រតិបត្តិគណកម្មាធិការនាយក គណបក្ស GDP បានលើកឡើងដោយ ទំនងសំដៅដល់ការរំលាយអតីតគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលកម្ពុជាបានប្រកាសរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ដែលបានចោទប្រកាន់ពីបទ មានផែនការធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។

លោកបានសរសេរក្នុងគណនីហ្វេស ប៊ុករបស់លោក នៅល្ងាចថ្ងៃទី២២ វិច្ឆិកា ម្សិលម៉ិញ ដោយអះអាងថា ច្បាប់ស្តីពីគណបក្សនយោបាយ មានមាត្រាទី៦ ចំណុចទី ៣ និង ទី ៥ ជាដើម ដែលបង្ករ ការគម្រាមកំហែងធ្ងន់ធ្ងរចំពោះគណបក្សក្រៅរដ្ឋាភិបាល ត្បិតមាត្រានេះបានហាមមិនឲ្យគណបក្សនយោបាយធ្វើការញុះញង់ដែលអាចនាំឲ្យមានការបែកបាក់ជាតិ។

លោកលើកជាសំនួរថា តើការធ្វើនយោបាយរបៀបម៉េចដែលត្រូវចាត់ទុកថាការញុះញង់ និងប៉ះពាល់ដល់សន្តិសុខរបស់រដ្ឋ? តើការធ្វើនយោបាយរបៀបម៉េចដែលត្រូវវចាត់ទុកថាមិនមែនជាការញុះញង់ និងមិនមែនជាសកម្មភាពប៉ះពាល់ដល់សន្តិសុខរបស់រដ្ឋ?

លោក ព្រមានថា ការកែច្បាប់ពី ២/៣ មកជា ៥០%+១ នេះ ជាការប្រឈមធំយ៉ាងធ្ងន់ធ្ងរក្នុងការធ្វើនយោបាយប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ត្បិតអ្នកឈ្នះលើសពី ៥០%+១ គឺពេញចិត្តនឹងរូបមន្តនេះជាខ្លាំង ព្រោះមិនពិបាកជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាល មិនពិបាកក្នុងការចែកអំណាច និងកាន់តែងាយស្រួលកែច្បាប់ដើម្បីការពារបក្សខ្លួនបន្ថែមទៀត។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់ទៅលើគណបក្សនយោបាយដែលបានចូលរួមបង្កើតឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មកជា ៥០%+១ ដែលបានបើកផ្លូវនយោបាយដ៏ធំធេង និងជួយទម្លាយភាពទ័លច្រករបស់គណបក្សកាន់អំណាចដ៏មានប្រសិទ្ធិភាពបំផុត ខណៈអំណាចពួកគេបានជាប់គាំងដោយសារច្បាប់ ២ភាគ៣ កន្លងមក។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ ធ្លាប់បានរិះគន់ក្នុងកម្មវិធី Idea Talk កាលពីចុងខែកញ្ញា ឆ្នាំ២០២០ នេះ ថា ខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ឆ្នាំ១៩៩៣ បានកប់បាត់ក្នុងក្រអូមមាត់ នៃជនល្មោភអំណាចបាត់ទៅហើយ។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញកម្ពុជាបានបង្កើតឡើង និងឡាយព្រហស្ថលេខាឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះករុណា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ ដែលបានផ្តួចផ្តើមឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។

រដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ៩លើក រួចមកហើយ ក្នុងនោះ កាលពីឆ្នាំ២០០៦ សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី បានចាប់ដៃគ្នាកែរដ្ឋធម្មនុញ្ញកម្ពុជា ពី ២ ភាគ ៣ ទៅ ៥០ បូក ១  ដែលបានផ្តល់ឲ្យគណបក្សប្រជាជនកម្ពុជាឆក់យកឱកាសក្តោបក្តាប់អំណាចបានពេញដៃតែម្តង។

ក្រោយអនុម័តច្បាប់នេះ គណបក្សដឹកនាំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន រៀបចំច្បាប់ផ្សេងៗ ដូចជាច្បាប់ស្ដីពីអង្គការសមាគម មិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីច្បាប់សហជីព និងជាពិសេស ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបណ្តាលឲ្យលំហរ សេរីភាពបញ្ចេញមតិនៃគណបក្សនយោបាយ និងអង្គការសមាគមទាំងនោះ រងការគម្រាមកំហែងជាប្រចាំ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ(SMD) លោក ទូច វិបុល បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ប្រព័ន្ធ ២ភាគ៣ មានគុណសម្បត្តិខ្ពស់សម្រាប់សង្គមកម្ពុជា ហើយតំណាងពលរដ្ឋក្នុងរដ្ឋាភិបាលចម្រុះ មានឱកាសបំរើសេចក្តីត្រូវការរបស់ពលរដ្ឋបានច្រើនតាមរយៈគោលនយោបាយរបស់គណបក្សនីមួយៗ។

ជាងនេះទៅទៀត លោកអះអាងថា គណបក្សដែលមានសមាជិក្នុងសភាអាចមានឱកាសដើម្បីទប់ស្កាត់គណបក្សកាន់អំណាច ពីការអនុវត្តគោលនយោបាយ ឬការធ្វើវិសោធនកម្មច្បាប់នានាដែលនាំទៅដល់ការបាត់អធិបតេយ្យភាព បាត់បង់ឯករាជជាតិ និងបូរណភាពទឹកដី ដែលជាសុឆន្ទៈក្នុងការ ការពារឧត្តមប្រយោជន៍ជូនជាតិបានយ៉ាងធំធេង។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ក្រោយលេចចេញរូបរាងច្បាប់ ៥០+១មក រដ្ឋាភិបាលកម្ពុជាបាននាំគ្នា រៀបចំបង្កើតច្បាប់ថ្មីៗជាបន្តបន្ទាប់ ដើម្បីគាបសង្កត់អ្នកប្រឆាំងនឹងខ្លួន មានដូចជា ច្បាប់ស្តីពីបាតុកម្ម ច្បាប់ស្ដីពីរបបសារពត៌មាន ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្ដីពីសហជីព និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស