ព្រះរាជាណាចក្រកម្ពុជាទី២ ចាប់ពីឆ្នាំ១៩៩៤ មកទល់នឹងឆ្នាំ២០១៤ យើងបានរកឃើញថាមានមនុស្សចម្រុះជាតិសាសន៍មិនដឹងចេញពីប្រភពណា បានទទួលងារ «ឧកញ៉ា» ពីខាងមុខឈ្មោះរបស់គេម្នាក់ៗ តាមការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រខ្មែរយ៉ាងតិចជាង ៧០០នាក់។ ប្រភពខ្លះឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ ឧកញ៉ាស្រុកខ្មែរមានមិនតិចជាង ១០០០នាក់ទេ ថ្វីត្បិតតែមានការដកងារនេះពីអ្នកខ្លះដែលប្រព្រឹត្តមិនគប្បីយ៉ាងណាក្តី។
ជាការចែករំលែកចំណេះដឹងខ្លះ ព្រោះថាពាក្យនេះជាពាក្យខ្មែរ ជាងារក្នុងបណ្តាស័ក្តិមន្ត្រីខ្មែរ ពលរដ្ឋខ្មែរក៏គួរយល់ដឹងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរផងដែរ ថាតើពាក្យនេះមានឫសគល់ពីណា ប្រើសម្រាប់នរណា ធ្វើការងារអ្វី នៅសម័យណា មានន័យដូចម្តេច។
តាមការសង្កេតស្រាវជ្រាវអំពីសង្គមខ្មែរ ក្រោមកិច្ចដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលយករាជាធិបតេយ្យជារនាំង ជាខែល ជាផ្លាកបង្ហាញពលរដ្ឋខ្មែរ និងបង្ហាញអន្តរជាតិថា កម្ពុជាជារាជាណាចក្រមានមហាក្សត្រគ្រងរាជ្យ ជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (constitutional monarchy) ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស (liberal multi-party democracy) មានស្ថាប័នរដ្ឋឯទៀត ដូចជា រដ្ឋសភា ព្រឹទ្ធសភា តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ មានស្ថាប័នសាសនា ព្រះសង្ឃទាំងពីរគណៈ គឺគណៈមហានិកាយ និងធម្មយុត្តិកនិកាយ មានបោះឆ្នោតរៀងរាល់ប្រាំឆ្នាំម្តងតាមកាលកំណត់។
ទោះជាមានលក្ខណៈទាំងអស់បែបនេះក្តី វាមិនទាន់គ្រប់គ្រាន់តាមក្បួនខ្នាត តាមលក្ខណៈសម្បត្តិជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេ។ នៅកម្ពុជា ស្តេចសោយរាជ្យមិនផ្ដាច់ការមែន (absolute monarchy) ប៉ុន្តែបណ្តោយឲ្យប្រមុខរដ្ឋាភិបាលកាន់អំណាចផ្ដាច់មុខ មិនគោរពរដ្ឋធម្មនុញ្ញ (authoritarianism)។
របៀបគ្រប់គ្រងដឹកនាំប្រទេសជាតិបែបក្លែងបន្លំភ្នែកនេះ ផ្តល់ឱកាសឲ្យអាជីវករ ពាណិជ្ជករ ឈ្មួញខូចៗរកស៊ីគៃប្រវ័ញ្ច លួចបន្លំ ទាញផលចំណេញយកខ្លួនឯងពីធនធានធម្មជាតិ និងពីសេដ្ឋកិច្ចជាតិខ្មែរ។ ពេលគេបានកើបទ្រព្យសម្បត្តិស្តុកស្តម្ភហើយ គេក្លាយខ្លួនជាសេដ្ឋី រួចទិញងារឧកញ៉ា។
ក្នុងទសវត្ស១៩៩០ ងារឧកញ៉ាម្នាក់ទិញក្នុងតម្លៃប្រមាណ ១០ម៉ឺនដុល្លារអាមេរិក។ តាមប្រពៃណីខ្មែរសម័យបុរាណ សេដ្ឋីទោះជាមានទ្រព្យកម្ពស់ណាក៏ដោយ ក៏ត្រូវមានសញ្ញាបត្រទទួលស្គាល់ពីព្រះមហាក្សត្រដែរ។ ក្រោយពីព្រះមហាក្សត្រប្រទានសញ្ញាបត្រ ឬសេដ្ឋីឆត្រ គឺស្វេតច្ឆត្រសម្រាប់យសស័ក្ដិជាសេដ្ឋី កូនប្រុសសេដ្ឋីគេហៅថា «សេដ្ឋីបុត្រ» កូនស្រីសេដ្ឋី គេហៅថា «សេដ្ឋីធីតា»។
មុននឹងជម្រាបអំពីពាក្យ «ឧកញ៉ា» យើងសូមអធិប្បាយអំពីពាក្យថា «សេដ្ឋី» ភាសាអង់គ្លេសតាមការទូតហៅថា millionaire ឬ billionaire បើមានច្រើនពាន់លាន តែក្រៅផ្លូវទូតហៅថា ថៃឃូន (tycoon) ដែលមានន័យថា អ្នករកស៊ីមានភោគសម្បត្តិស្តុកស្តម្ភ ហើយមានឥទ្ធិពលក្នុងដែនមុខរបររបស់ខ្លួន។ ថៃឃូន (tycoon) មានឫសគល់ពីភាសាជប៉ុនសម័យបុរាណអំឡុងសតវត្សទី១៩ (១៨៦០ជាង) អានថា តៃគូន (taikun) ប្រែថា មេកន្ទ្រាញ មេទ័ព នៃក្រុមយោធាស្ហូហ្គុន (shogun) ដែលមានន័យស្មើនឹងពាក្យខ្មែរថា ស្តេចក្រាញ់ ម្ចាស់ទឹកដី ឬសេនាបតី ហើយដែលមានន័យស្មើនឹងពាក្យខ្មែរប្រើក្នុងសម័យបុរាណថា ចៅហ្វាយសេនា ឬមហាមាត្យ ឬព្រះបាទអស់ជំនុំ។
សេដ្ឋីស្រុកខ្មែរទិញងារ «ឧកញ៉ា» តាមរយៈការធ្វើវិភាគទានផ្សេងៗដែលមេដឹកនាំត្រូវការ រួចនាយករដ្ឋមន្ត្រីស្នើទៅព្រះមហាក្សត្រ រួចព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រទានសញ្ញាបត្រ ប្រទានងារ។ ប៉ុន្មានឆ្នាំមុន លោក ហ៊ុន សែន បានដំឡើងថ្លៃងារ «ឧកញ៉ា» ដល់ ៥០ម៉ឺនដុល្លារ។
ឧកញ៉ាខ្លះមានឈ្មោះរកស៊ីកាប់ឈើ កាយដីខ្សាច់ ជីករ៉ែខុសច្បាប់ យកដីធ្លីរាស្ត្របណ្តេញប្រជាពលរដ្ឋខ្មែរ និងជនជាតិភាគតិចចេញពីទីលំនៅ ភូមិ កំណើត។ ឧកញ៉ាខ្លះទៀតមានឈ្មោះរកស៊ីលួចនាំទំនិញគេចពន្ធ រត់ពន្ធគ្រឿងញៀនឆ្លងដែន ឆ្លងប្រទេស។
ពាក្យ «ឧកញ៉ា» តាមអត្ថន័យសមហេតុផលមួយក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត នៅឆ្នាំ១៩១៤ បកស្រាយពន្យល់ដោយអត្ថកោវិទ ឬអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ថាមកពីពាក្យខ្មែរ ឧក ប្រែថាត្រួតត្រាពេញអំណាច បូកនឹងពាក្យបាលី ញា ប្រែថា ដឹង ចេះ ស្គាល់។ បូកពាក្យទាំងពីរនេះបញ្ចូលគ្នា មានន័យថា អ្នកចេះត្រួតត្រាមុខការក្នុងក្រសួង ឬនាទីរបស់ខ្លួនតាមរាជោវាទ រាជបញ្ជា ឬព្រះរាជឱង្ការ។ ក្នុងច្បាប់ទម្រង់ស័ក្តិខ្មែរពីសម័យមុន ឧកញ៉ា ជាឋានន្តរស័ក្តិមន្ត្រីខ្ពស់ជាងទីព្រះ នៅជាប់ជាមួយស្តេច ជាអ្នកមានគុណបំណាច់ខ្ពស់ចំពោះជាតិ និងទឹកដី ជាអ្នកគួរជាទីទុកចិត្ត ជាទីប្រឹក្សាដ៏ជំនិតរបស់ព្រះរាជា ជាអ្នកការពារព្រះរាជបល្ល័ង្ក និងជាអ្នកការពារប្រយោជន៍ប្រជារាស្ត្រជំនួសស្តេចផែនដីតាមរាជបំណង។
ឋានន្តរស័ក្តិ ឧកញ៉ា មានបីថ្នាក់ គឺលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ បើតាមអត្ថកោវិទ ឬអ្នកប្រាជ្ញខ្មែរឯទៀត គេឲ្យនិយមន័យពាក្យ ឧកញ៉ា ស្មើនឹងន័យថា អ្នកចេះ អ្នកដឹង អ្នកស្គាល់ការគោរពព្រះព្រហ្ម ឬព្រះឥសូរ ដែលមានន័យ ដឹងបាប ដឹងបុណ្យ។ អ្នកប្រាជ្ញខ្មែរខ្លះទៀតបកស្រាយឲ្យន័យថា អ្នកចេះ ដឹង ស្គាល់ការនិយាយស្តី ដែលបានសេចក្តី អ្នកចេះ ដឹង ស្គាល់ខុស ស្គាល់ត្រូវ មិនរំលោភ មិនបំពានអ្វីផ្ទុយពីមាត្រាច្បាប់។
អត្ថន័យនៃពាក្យខ្មែរថា ឧកញ៉ា មានន័យល្អប្រសើរប្រពៃដូច្នោះហើយ បានជាក្នុងនគរមានស្តេច គេយកពាក្យ ឧកញ៉ា ធ្វើជាឋានន្តរស័ក្តិ ជាគោរមងារដាក់ខាងមុខនាម និងគោត្តនាមរបស់មនុស្សល្អៗនាសម័យមុន។ ក្នុងសម័យដើម ខ្មែរប្រើពាក្យ ឯកឧកញ៉ា ឬហៅខ្លីថា ឯកឧក សម្រាប់មន្ត្រីជាន់ខ្ពស់ក្រោមព្រះរាជា មិនប្រើពាក្យ ឯកឧត្តម ទេ។ សម័យក្រោយមកនេះ ខ្មែរប្រើពាក្យ ឯកឧត្តម ដែលមានន័យថា ឧត្តមលើសលែង ឲ្យស្មើនឹងពាក្យបារាំងថា Excellence ឬអង់គ្លេសថា Excellency។
សព្វថ្ងៃនេះ ឯកឧត្តម មានហៅសំដៅមន្ត្រីស្ទើរតែគ្រប់ជាន់ថ្នាក់៖ មន្ត្រីពុករលួយរលេះ ក៏ហៅថាឯកឧត្តម ពួកចោរមិនថាជនបរទេស មិនថាខ្មែរ ឲ្យតែមានលុយគរដូចភ្នំ ក៏គេអាចទិញងារ ឧកញ៉ា បានដែរ។
ដោយមកពីពាក្យខ្មែរ ឯកឧត្តម សំដៅតែទៅលើមន្ត្រីជាន់ខ្ពស់ប្រុសៗ គេនិយមយកពាក្យ ជំទាវ ប្រើទៅលើមន្ត្រីជាន់ខ្ពស់ភេទស្រី ដែលមានន័យស្មើនឹងពាក្យ លោកស្រី ប៉ុន្តែពាក្យ ជំទាវ តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត ថាទំនងជាមកពីការលាយឡំវប្បធម៌រាជសព្ទរវាងខ្មែរ និងសៀមសម័យបុរាណ បានជាមានពាក្យនេះ។ ជំទាវ ជាងារដែលព្រះមហាក្សត្រទ្រង់សព្វព្រះទ័យទ្រង់ប្រោសព្រះរាជទានតែងតាំង តែពុំមានន័យប្រសើរអស្ចារ្យអ្វីទេក្នុងភាសាខ្មែរ។
អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរថាអាចប្រើក្លាយមកពីពាក្យសៀមថា ប្រៈចាំថាវ មកជាប្រៈចាំទាវ មកជា ជំទាវ ព្រោះថាពាក្យ ប្រៈចាំថាវ ឬ ហ្យីងចាំថាវ សម័យបុរាណសៀមប្រើពាក្យនេះសម្រាប់ហៅស្ត្រីអង្គុយបត់ជើងក្រោមប្តីថា ប្រៈចាំថាវ ឬ ស្ត្រីប្រចាំជើង គឺមានន័យថា ស្ត្រីអ្នកនៅប្រចាំការបម្រើជិតជើងស្វាមី ដែលមានន័យថា ភរិយា។ ពាក្យខ្មែរថា នាហ្មឺន នាសែន ក៏ក្លាយពីពាក្យសៀម ណាម៉ឺន ណាសែន ដែលមានន័យថា មន្ត្រីធំ មានមុខងារត្រូវបានស្រែ ១ហ្មឺន ឬ ស្រែ ១សែន។
ចំពោះ ឧកញ៉ា យើងសូមស្រង់ឈ្មោះឧកញ៉ាដប់រូបមុន ដែលមានក្រសួងការបរទេសសហរដ្ឋអាមេរិកធ្លាប់រាយការណ៍តាមរយៈទូរលេខសម្ងាត់ពីស្ថានទូតរបស់គេប្រចាំនៅប្រទេសកម្ពុជា ហើយបញ្ចេញឲ្យដឹងជាសាធារណៈនៅឆ្នាំ២០០៧ ដោយអង្គការ WikiLeaks។
ទោះជាដូចនេះក្តី ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសខ្លះ ឧស្សាហ៍ស្វាគមន៍ដឹកនាំគណៈប្រតិភូឧកញ៉ាទាំងនោះទៅដាក់ទុនរកស៊ីនៅប្រទេសរបស់គេរៀងៗខ្លួន។
គិត ម៉េង បានទទួលគោរមងារ ឧកញ៉ា តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៧ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៦។ ពាណិជ្ជករពីរនាក់ទៀតដែលបានទទួលគោរមងារ ឧកញ៉ា នៅថ្ងៃខែឆ្នាំជាមួយនឹងឧកញ៉ា គិត ម៉េង គឺឧកញ៉ា ថៃ សេងឡុង តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៦ និងឧកញ៉ា ស្រី លាងឈាង តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៨។
ឧកញ៉ា គិត ម៉េង អ្នកការទូតអាមេរិកាំងឲ្យរហស្សនាមក្នុងទូរលេខសម្ងាត់ថា បុរសដៃឆៅមាត់ឆៅ (Mr. Rough Stuff)។ គិត ម៉េង កើតឆ្នាំ១៩៦៨ រៀនបានបរិញ្ញាបត្រនៅសាកលវិទ្យាល័យប្រទេសអូស្ត្រាលី។ អ្នកធ្លាប់ស្គាល់ ដូចជាលោក Michael Stephen ប្រធានអគ្គនាយកធនាគារមេកុង ពណ៌នាថា គិត ម៉េង ជាមនុស្សវ័យក្មេងជើងអ្នកលេងគ្មានធម៌មេត្តា។ អាជីវករខ្មែរម្នាក់ទៀតពណ៌នាថា គិត ម៉េង ល្បីខាងប្រើអង្គរក្សរបស់ខ្លួនទៅសម្លុតអ្នកដទៃឲ្យយល់ព្រមចរចារកស៊ីជាមួយគ្នា។
ឧកញ៉ា គិត ម៉េង ក្នុងឋានៈជាមេជំនួញ ធ្វើជាប្រធានអគ្គនាយកបណ្ដុំក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group of Companies (RGC)) ដែលមានក្រុមហ៊ុនចំណុះជាច្រើន ដូចជាក្រុមហ៊ុនទូរសព្ទចល័ត ខាំជីអេសអឹម (Cam GSM Co.) ទូរទស្សន៍ខ្សែកាប ស៊ីធីអិន (Cambodia Television Network=CTN) ក្រុមហ៊ុនភ្នាល់បាល់ទាត់ Cambo Six European SoccerBetting ក្រុមហ៊ុនចាក់លេខឆ្នោត (CamLot Lottery Co.) ក្រុមហ៊ុនចែកចាយផ្ដាច់មុខផលិតផលជប៉ុន កាណុង (Canon Products) សាលារៀនអន្តរជាតិ Northbridge និងសណ្ឋាគារ Cambodiana។
ឧកញ៉ា គិត ម៉េង ចូលហ៊ុនជាមួយធនាគារអូស្ត្រាលី ANZ មានហ៊ុន ៤៥% ហើយដាក់ឈ្មោះថា ANZ Royal Bank នៅឆ្នាំ២០០៥។ បន្ទាប់មក ឧកញ៉ា គិត ម៉េង បើកក្រុមហ៊ុនធានារ៉ាប់រងឈ្មោះ Infinity General Insurance ចូលហ៊ុននឹងក្រុមហ៊ុនម៉ាឡេស៊ី នៅក្រុងកូឡាឡាំពួរ Infinity Financial Solutions។ ប៉ុន្មានឆ្នាំមុននេះ ឧក ញ៉ា គិត ម៉េង មានឈ្មោះផ្សាយក្នុងកាសែតថា មានទាក់ទងនឹងរឿងរកស៊ីកាប់ឈើ ទិញឈើ និងដឹកឈើ៕
© 2021 – 2023, ខេមបូឌា ដេលី. All rights reserved.

